រឿង «យុវជនសម័យឥឡូវ» បង្ហាញពីការតស៊ូរបស់យុវជនខ្មែរបច្ចុប្បន្ន

ខ្សែភាពយន្តខ្នាតខ្លីស្តីពីការតស៊ូរបស់យុវនារីម្នាក់ ដែលជាស្ថាបត្យករវ័យក្មេងបានក្លាយជារឿងមួយ ដែលទទួលបានចំណាប់អារម្មណ៍ខ្លាំងពីយុវវ័យសម័យបច្ចុប្បន្ន ហើយវាក៏ជារឿងមួយដែលជំរុញទឹកចិត្តឱ្យអ្នកដែលបានទស្សនាឲ្យមានកម្លាំងចិត្តក្នុងការខិតខំប្រឹងប្រែងធ្វើការងារដែលខ្លួនស្រឡាញ់យ៉ាងពិតប្រាកដ។

រឿងដែលបង្កើតឱ្យមានភាពភ្ញាក់ផ្អើលនេះ គឺរឿង «យុវជនសម័យឥឡូវ» ដែលផលិតឡើងដោយអង្គការទស្សនពិភពលោកប្រចាំនៅកម្ពុជា។

បើយោងតាមការបង្ហាញរបស់អង្គការទស្សនពិភពលោកបានឱ្យដឹងថា រឿង “យុវជនសម័យឥឡូវ” ជារឿងដែលបង្កប់ដោយអត្ថន័យតស៊ូយ៉ាងជ្រាលជ្រៅ ហើយវាក៏ជារឿងមួយដែលជួយឱ្យយុវជន និងយុវនារីបានដឹងពីវិធីដើម្បីយកឈ្នះការបរាជ័យ និងការខកចិត្ត ជាមួយនឹងកម្លាំងចិត្តយ៉ាងមុតមាំឆ្ពោះទៅរកគោលដៅរបស់ខ្លួន។

នៅក្នុងសាច់រឿងនេះក៏បានបង្ហាញផងដែរអំពីការយល់ឃើញរបស់មនុស្សចាស់ពីរប្រភេទផ្សេងគ្នា គឺរវាងម្តាយរបស់តួអង្គស្រី និងអ្នកជិតខាងម្នាក់ដែលជាអ្នកបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយ។ ចំពោះម្តាយរបស់យុវតីដែលជាស្ថាបត្យករនោះ គឺគាត់គាំទ្រ និងផ្តល់តម្លៃពេញទំហឹងសម្រាប់កូនស្រីក្នុងការធ្វើការរចនាប្លង់ ទោះបីជាកិច្ចការខ្លះត្រូវធ្វើនៅពេលយប់ ហើយតម្រូវឱ្យកូនរបស់គាត់ចេញទៅខាងក្រៅដើម្បីប្រជុំជាមួយមិត្តភ័ក្តិក៏ដោយ។

ផ្ទុយទៅវិញ ការយល់ឃើញរបស់បុរសចំណាស់ម្នាក់ដែលជាអ្នកជិតខាងនោះវិញ គាត់បានវាយតម្លៃបែបផ្សេងដោយគ្រាន់តែឃើញរូបភាពខាងក្រៅប៉ុណ្ណោះ ដូចជាការរិះគន់តួអង្គស្រីដែលងើបយឺតនៅពេលព្រឹក ខណៈដែលគាត់មិនបានដឹងពីការពិតថា ពេលនោះគឺស្ថាបត្យករវ័យក្មេងរូបនេះមិនទាន់បានសម្រាកពីការគូរប្លង់របស់គាត់ពេញមួយយប់នៅឡើយ និងការរិះគន់ផ្សេងៗទៀតនៅពេលដែលឃើញក្មេងស្រីម្នាក់នោះចេញទៅក្រៅនៅពេលយប់ ដែលធ្វើឱ្យគាត់ភ្ញាក់ផ្អើលនៅពេលដែលដឹងពីស្ថានភាពពិត គឺនាងបានទៅចូលរួមកម្មវីធីសម្ពោធប្លង់រចនារបស់ក្រុមហ៊ុនដែលគាត់កំពុងធ្វើការហ្នឹងឯង។
តែទោះជាយ៉ាងណាក៏ដោយ ក៏ថាមពលនៃការខិតខំប្រឹងប្រែង គឺពិតជាធ្វើឱ្យស្ថាបត្យករដ៏ក្មេងខ្ចីម្នាក់នោះទទួលបានជោគជ័យនៅទីបំផុត៕

Advertisement