បណ្ឌិត តាន់ មុនីវណ្ណ ៖ ការតាំងចិត្តខ្ពស់ជាចំណុចខុសគ្នារវាងអ្នកជោគជ័យ និងបុគ្គលធម្មតា

ជាសហគ្រិនកម្ពុជាប្រកបដោយភាពជោគជ័យម្នាក់ លោកបណ្ឌិត តាន់ មុនីវណ្ណ បានកសាងខ្លួនពីកូនអ្នកក្រម្នាក់នៅជនបទក្រោយបញ្ចប់សម័យប៉ុលពត ក្លាយមកជានិស្សិតច្បាប់ ជាអ្នកជំនាញពាណិជ្ជកម្ម និងអ្នកជំនួញ។

បណ្ឌិត តាន់ មុនីវណ្ណ បានថ្លែងនៅក្នុងវេទិកា “មាគ៌ាឆ្ពោះទៅរកភាពជាបុគ្គលឆ្នើម” ថា លោកតែងតែប្រកាន់ថា ការតាំងចិត្តខ្ពស់អាចធ្វើឱ្យមនុស្សទទួលបានជោគជ័យក្នុងជីវិត ហើយការខិតខំប្រឹងប្រែងអាចនឹងធ្វើឱ្យមនុស្សទទួលបានលទ្ធផលល្អហួសពីការស្មានទុក។ លោកបានបញ្ជាក់ផងដែរថា កាលពីពេលដែលលោកនៅក្មេង លោកស្រមៃថាលោកនឹងរៀនចប់ត្រឹមបាក់ឌុបតែប៉ុណ្ណោះ ព្រោះបាក់ឌុបសម័យនោះមានតម្លៃធំខ្លាំងណាស់ តែក្រោយពេលដែលលោកខិតខំប្រឹងប្រែងពីមួយដំណាក់កាលទៅមួយដំណាក់កាល លោកបានឈានជើងមកទទួលបានងារបណ្ឌិតមួយចំនួននាពេលបច្ចុប្បន្ននេះ។

ការតាំងចិត្ត និងការខិតខំប្រឹងប្រែងរបស់មនុស្ស ពិតជាមានសារៈសំខាន់ខ្លាំងណាស់ តែបើគ្រាន់តែមានការតាំងចិត្តនោះ មិនទាន់គ្រប់គ្រាន់ទេ វាត្រូវការវិធីសាស្រ្តដើម្បីទទួលយកវា។ បង្ហាញពីចំណុចនេះលោក មុនីវណ្ណ បានសង្កត់ធ្ងន់លើការប្រឹងប្រែង និងការជឿជាក់លើភាពវិជ្ជមាន រួមទាំងការខិតខំប្រឹងប្រែងពិចារណាឱ្យអស់លទ្ធភាពលើរឿងណាមួយដែលកើតឡើងនៅក្នុងជីវិត។

លោកបណ្ឌិត តាន់ មុនីវណ្ណ បាននិយាយថា៖ «ខ្ញុំតែងតែគិតឱ្យបានច្បាស់លាស់បំផុត មុនពេលវិនិច្ឆ័យលើរឿងអ្វីមួយក្នុងជីវិតការងារ និងការសិក្សាជាដើម»។

លោកបានបន្ថែមទៀតថា ការតាំងចិត្ត និងការវិនិច្ឆ័យច្បាស់លាស់ ជាវិធីសាស្រ្តមួយដែលធ្វើឱ្យមនុស្សរីកចម្រើន ហើយក៏ជាចំណុចមួយដែលលោកយកចិត្តទុកដាក់បំផុត ព្រោះការវិនិច្ឆ័យខុស វាអាចធ្វើឱ្យមនុស្សស្តាយក្រោយ។ គ្រប់ពេលដែលលោកមើលឃើញរឿងអ្វីមួយ ឬស្តាប់នូវយោបល់ណាមួយ លោកគ្រាន់តែស្តាប់តែប៉ុណ្ណោះ បន្ទាប់មកលោកធ្វើការវិនិច្ឆ័យដោយគិតឱ្យបានល្អិតល្អន់បំផុតមុននឹងឆ្លើយតប ឬធ្វើសកម្មភាពណាមួយ។ ការគិតច្បាស់លាស់នេះហើយ ទើបធ្វើឱ្យលោកហ៊ានសម្រេចចិត្ត ហើយធ្វើការតាំងចិត្តខ្ពស់ដើម្បីធ្វើអ្វីមួយប្រកបដោយភាពច្បាស់លាស់ និងល្អិតល្អន់។

ចំណុចសំខាន់មួយផ្សេងទៀតដែលជាចំណុចអប់រំសម្រាប់បុគ្គលិក និងយុវជនកម្ពុជា គឺការខិតខំឱ្យអស់ពីសមត្ថភាពប្រកបដោយភាពវៃឆ្លាត និងមានគំនិតច្នៃប្រឌិតខ្ពស់។

លោក មុនីវណ្ណ បានបញ្ជាក់ថា ការដែលបុគ្គលម្នាក់អាចឡើងតំណែងបាន ឬអាចក្លាយជាមនុស្សដែលអ្នកគ្រប់គ្រងពេញចិត្ត គឺពួកគាត់មានការតាំងចិត្តដែលពោរពេញទៅដោយថាមពល។ នៅពេលដែលមានគម្រោងមួយត្រូវធ្វើ ឬមានភារកិច្ចត្រូវអនុវត្តសូមខិតខំឱ្យអស់ពីលទ្ធភាពដើម្បីដោះស្រាយវា នៅពេលនោះបើយើងធ្វើមិនកើត អ្នកផ្សេងក៏ពិបាកធ្វើកើតដែរ។

លោកបានបញ្ជាក់ថា ការខិតខំរបស់យើងក្នុងការបញ្ចេញសកម្មភាពការងារនេះ ជាកត្តាជំរុញខ្លាំងមួយដែលធ្វើឱ្យអ្នកគ្រប់គ្រងចាប់អារម្មណ៍ ហើយការខិតខំនេះក៏ត្រូវមានភាពវៃឆ្លាតផងដែរ។ សូមកុំធ្វើការងារតែម្នាក់ឯង តែត្រូវចេះរកជំនួយពីអ្នកជុំវិញខ្លួន ឬអ្នកជំនាញលើផ្នែកដែលខ្លួនមិនទាន់យល់ច្បាស់ នៅពេលនោះយើងនឹងទទួលបានលទ្ធភាពការងារខ្ពស់ ហើយវាក៏បង្ហាញពីលទ្ធផលនៃការតាំងចិត្តប្រកបដោយភាពឆ្លាតវៃផងដែរ៕

Advertisement