ការបង្អាប់របស់មនុស្សចាស់ អាចកំណត់វាសនារបស់ក្មេង

មនុស្សចាស់នៅកម្ពុជាមួយចំនួនចូលចិត្តនិយាយជំរុញក្មេងៗ ឬកូនៗតាមរយៈការបង្អាប់ ឬការបង្ហាញពីឧបសគ្គធំៗនៅក្នុងជីវិត ព្រោះសង្ឃឹមថាក្មេងៗនឹងខ្លាច និងបារម្ភ ហើយខិតខំប្រឹងប្រែងជម្នះការបន្តុះបង្អាប់ ឬឧបសគ្គនោះឱ្យបាន តែការធ្វើបែបនោះ តាមពិតទៅមិនអាចជួយក្មេងបានទេ និងថែមទាំងអាចធ្វើឱ្យក្មេងភ័យ និងរងផលប៉ះពាល់មិនល្អខ្លាំងក្នុងដំណើរជីវិតទៀតផង។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកបណ្ឌិត កុល ផេង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា បានលើកឡើងថា ការបង្អាប់របស់មនុស្សចាស់ រួមទាំងការនិយាយលេងមួយចំនួនទៅកាន់កូនក្មេង អាចធ្វើឱ្យពួកគេក្លាយជាមនុស្សរួញរា ហើយទន់ខ្សោយ។

លោកបណ្ឌិត កុល ផេង បានមានប្រសាសន៍ថា៖ «នៅពេលដែលក្មេងម្នាក់ ឮឪពុកម្តាយ ឬមនុស្សចាស់ប្រាប់ថារូបគេមិនមែនជាមនុស្សពូកែ ឬរូបគេជាមនុស្សបែបណាមួយនោះ គេនឹងជឿថាជីវិតរបស់គេបែបនោះមែន បន្ទាប់មកគេនឹងអស់កម្លាំងចិត្តក្នុងការខិតខំ»។

លោកបណ្ឌិត បានបន្ថែមទៀតថា ពាក្យសម្តី និងការនិយាយរបស់មនុស្សចាស់ សំខាន់ណាស់សម្រាប់កូនក្មេង ព្រោះនៅពេលដែលមនុស្សចាស់និយាយពីរឿងអ្វីមួយ ក្មេងភាគច្រើនគាត់ជឿស្ទើរតែទាំងស្រុង ព្រោះគាត់គិតថា មនុស្សចាស់ជាមនុស្សដែលដឹងច្រើនជាងគាត់។ ដូចជាពាក្យចាស់ពោលថា «គ្រូទាយ ម្តាយថា» គឺពិតជាត្រឹមត្រូវណាស់ នៅពេលដែលឪពុកម្តាយប្រាប់ថា កូនឯងមិនពូកែ ក្មេងនឹងគិតថាខ្លួនឯងមិនពូកែ ហើយផ្តេកផ្តួលជាមួយនឹងស្ថានភាពបែបនោះ ធ្វើឱ្យការសិក្សាមិនអាចទៅមុខ ឬទៅមុខយឺត ហើយគេក៏នឹងក្លាយជាមនុស្សទាល់គំនិត មិនអាចអភិវឌ្ឍខ្លួនបានល្អ។

ហេតុនេះ អាណាព្យាបាលសូមកុំបង្អាប់កូនៗរបស់ខ្លួន តែត្រូវចេះលើកទឹកចិត្តតាមរយៈការជំរុញឱ្យខិតខំប្រឹងប្រែងក្នុងដំណើរជីវិត ទាំងការសិក្សា ការងារ និងជីវិតក្នុងសង្គមវិញទើបជាការប្រសើរសម្រាប់កូន៕

 

Advertisement