ទង្វើ 3យ៉ាង ដែលមិនគួរធ្វើក្នុងការនិយាយសាធារណៈ

ការនិយាយសាធារណៈ (Public Speaking) ឬធ្វើបទបង្ហាញលើវេទិកា​ជាឱកាសយ៉ាងល្អសម្រាប់ការបញ្ចេញមតិយោបល់ រួមទាំង​បង្ហាញពីរឿងរ៉ាវសំខាន់ៗដែលអ្នកធ្លាប់លើកឡើង តែ​ពេលខ្លះ​វាក៏អាចធ្វើឱ្យអ្នកនិយាយមានភាពអាម៉ាស់ ឬ​ទទួល​រងការរិះគន់ផងដែរប្រសិនបើ​ពួកគេមិនបានស្វែងយល់ពីកំហុសឆ្គងនៃការនិយាយនោះ។

ខាងក្រោមនេះ ជាទង្វើខុសឆ្គងមួយចំនួនដែលអ្នកនិយាយសាធារណៈ គួរចៀសវាង ដើម្បីឱ្យវេទិការបស់អ្នក​ក្លាយជាទស្សនីយភាពដ៏គួរឱ្យចាប់អារម្មណ៍ និងរស់រវើក។

1/ ការនិយាយ ឬអួតតែពីរឿងផ្ទាល់ខ្លួន

ជាធម្មតា ដើម្បីនិយាយឱ្យ​គេស្តាប់លុះត្រាតែអ្នកនិយាយមានលក្ខណៈសម្បត្តិល្អប្រសើរ ឬមាន​ចំណុចពិសេស​លើសពីមនុស្សដទៃ។ ដើម្បីបង្ហាញពីចំណុចទាំងអស់នេះ អ្នកនិយាយភាគច្រើន​ចូលចិត្ត​អួតពី​មុខតំណែងខ្លួនឯង អួតពីទ្រព្យ អួតពីគ្រួសារ ឬអួតពីស្នាដៃការងារជាដើម។ ការអួតនេះ គឺត្រូវធ្វើឱ្យមានកម្រិត បើមិនដូច្នោះទេ អ្នកនឹងក្លាយជាមនុស្សដែលអ្នកស្តាប់គេជ្រេញ ហើយ​អាចរងនូវការរិះគន់បាន។

តាមពិត អ្នកនិយាយ អាចបង្ហាញពីគុណតម្លៃរបស់ខ្លួនម្តងបន្តិចៗតាមរយៈ​ការបញ្ចូលនូវបទពិសោធ និងវិធីសាស្រ្តដោះស្រាយបញ្ហាដែលខ្លួនធ្លាប់ធ្វើទៅក្នុងអត្ថន័យនៃការបង្ហាញនោះ​។

2/ មិនបានត្រៀមខ្លួន និងរកប្រធានបទមិនឃើញ

អ្នកនិយាយសាធារណៈមួយចំនួន ហាក់មិនខ្វល់ពីប្រធានបទនៃកម្មវិធីដែលគេកំពុងធ្វើនោះទេ ព្រោះពួកគេហាក់មានមោទនភាពជាមួយនឹងថ្វីមាត់ ឬ​គំនិតដែលគេបានធ្វើឡើង។ កត្តាទាំងអស់នេះ អាចធ្វើឱ្យថ្វីមាត់​របស់គេបាត់បង់តម្លៃដោយសារតែ​អ្នកចូលរួម​មិនងាយនឹងយល់ ហើយពេលខ្លះអាច​គិតថា​អ្នកនិយាយនោះជាមនុស្សដែលនិយាយមិនចំគោលដៅដែលគេចង់បាន។

3/ ព្យាយាមទន្ទេញគ្រប់ពាក្យ ឬអាន​ទាំងស្រុង

ការនិយាយ​សាធារណៈ ជាធម្មតាត្រូវការសិល្បៈ និង​អាកប្បកិរយាប្រកបដោយថាមពល រួមទាំងភាពរួសរាយក្នុងការរៀបរាប់។ នៅពេលដែលអ្នកព្យាយាមទន្ទេញនូវអ្វីដែលអ្នក​ចង់​និយាយនោះអ្នកនឹងបាត់បង់ទំនុកចិត្តទាំងស្រុងនៅលើឆាក ព្រោះ​ថាអ្នកស្តាប់មិនបានចាប់អារម្មណ៍ទៅលើ​វេទិកានោះទេ តែអ្វីដែលអ្នកគិតគឺអក្សរ​ និងឃ្លោងឃ្លាដែលអ្នកបានសរសេរទុក។ គ្រប់ពេលដែលអ្នកនិយាយ គឺមិនខុសពីមនុស្សយន្តដែលកំពុងនិយាយនោះទេ វាប្រាកដជាមិនសូវមានសិល្បៈ ឬ​ភាពរស់រវើកនោះទេ៕

Advertisement