ដំបូន្មានក្នុងការសរសេរសារណា​បញ្ចប់ការសិក្សា

ការសរសេរសារណា​ ជាកត្តាសំខាន់មួយដែលត្រូវគិតគូរមុននឹងបញ្ចប់ការសិក្សា ព្រោះវា​ជាអ្នកកំណត់វាសនារបស់និស្សិត ដែលបានខិតខំ​ប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំរួចមក។ នៅក្នុងការសិក្សាមហាវិទ្យាល័៍យ និស្សិតអាចមានជម្រើសដើម្បីសរសេរសារណា សរសេររបាយការណ៍ ឬប្រឡងបញ្ចប់ការសិក្សា​ ដូច្នេះខាងក្រោមនេះគឺជាដំបូន្មានមួយចំនួនសម្រាប់និស្សិតទាំងឡាយនៅកម្ពុជាក្នុងការសម្រេចិត្តសរសេរសារណា។

1/ ពេលវេលា

អ្នកសិក្សាភាគច្រើន មានបញ្ហាមមាញឹកច្រើននៅក្នុងការសិក្សា ជាពិសេស​នៅកម្ពុជា។ មាននិស្សិតខ្លះ​រៀន​ 2 មហាវិទ្យាល័យ ឬខ្លះទៀត​ធ្វើការផងរៀនផង និងខ្លះទៀត​រៀនតែមួយមុខគត់ តែពិបាកលៃពេលដើម្បីសរសេរសារណា។ ទោះជាក្នុងលក្ខខណ្ឌណាក៏ដោយ ការរៀបចំពេលវេលា ឬតារាងផែនការក្នុងការ​ធ្វើសកម្មភាពចងក្រង និងសរសេរតាមដំណាក់កាល​ជារឿងដែលមិនគួរមើលរំលងឡើយ។ និស្សិតជាច្រើន មានពេលវេលាច្រើន តែនៅពេលដែលពួកគាត់​សរសេរសារណាបែរជាធ្វើយឺតជាងគេបំផុត ឬអាចយឺតពេលក៏មាន។ បញ្ហានេះ មកពីពួកគេមើលងាយស្ថានការណ៍ ហើយមិនចាប់អារម្មណ៍ពីការបែងចែកពេលវេលាឱ្យបានត្រឹមត្រូវ។

2/ មានឯកសារ

ការសរសេរ ជាពិសេសសារណា ត្រូវការឯកសារជាចាំបាច់ ប្រសិនបើ​អ្នកសិក្សាមិនមាន​លទ្ធភាពស្វែងរកឯកសារគ្រប់គ្រាន់ដើម្បីសរសេរទេនោះ អត្ថបទដែលគេសរសេរនោះ​នឹងមិនមានតម្លៃ។ សារណា ត្រូវការភាពលម្អិត និងអត្ថន័យគ្រប់គ្រាន់​ ព្រោះវាជាការចងក្រងឯកសារ​ផ្លូវការ​ដើម្បីទុកឱ្យនិស្សិតជំនាន់ក្រោយ​សិក្សាស្រាវជ្រាវ ហេតុនេះ​អ្នកសរសេរសារណាមិនគួរ​ធ្វេសប្រហែសនោះទេចំពោះ​ការដកស្រង់ឯកសារយោងនានា។

3/ ត្រៀមខ្លួនសម្រាប់ការបកស្រាយ

ពេញរយៈពេល 4 ឆ្នាំ ឬច្រើនជាងនេះនៃការសិក្សានៅមហាវិទ្យាល័យ និស្សិត​ត្រូវ​ចាំបាច់​ធ្វើបទបង្ហាញរាប់មិនអស់ លើមុខវិជ្ជានីមួយៗដែលខ្លួនបានរៀន។ មាននិស្សិតខ្លះ ចង់សរសេរសារណា តែគាត់មិនអាចទទួលជោគជ័យក្នុងបទបង្ហាញ​ ហេតុនេះ​ឯកសារតែមួយមុខក៏មិនគ្រប់គ្រាន់នោះដែរ។ អ្នកសិក្សាគួរត្រៀមខ្លួនដើម្បីនិយាយតាមរយៈការហ្វឹកហាត់​ដោយខ្លួនឯងនៅផ្ទះ មើលវីដេអូ និង​ការចូលមើល​សិស្សច្បងដែលបាន​ធ្វើបទបង្ហាញ​មួយឆ្នាំមុនរហូតដល់ឆ្នាំ​ដែលយើងត្រូវសរសេរ​៕

Advertisement