តើ​ប្រទេស​អភិវឌ្ឍ​ន៍​ធំៗ​កែ​បញ្ហា​ការ​រាតត្បាត​នៃ​សភាវ​ឯកា​យ៉ាងណា​ខ្លះ​?

សភាវ​ផ្លូវចិត្ត​ឯកា​ត្រូវ​បាន​គេ​មើលឃើញ​ថា​ កំពុង​រាតត្បាត​យ៉ាង​ខ្លាំង​លើ​ពិភពលោក​ដែល​បាន​បង្ក​ឱ្យ​កើតក្តី​បារម្ភ​ដល់​ប្រទេស​នានា​ ជាពិសេស​ប្រទេស​អភិ​វឌ្ឍ​ធំៗ​ដែល​មានការ​រីកចម្រើន​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា​។ ទន្ទឹម​នឹង​មាន​បញ្ហា​ប្រឈម​កើតឡើង​ខ្លាំង​នេះ​ ដំណោះស្រាយ​ក៏បាន​កើតឡើង​ដែរ​តាមរយៈ​ការស្រាវជ្រាវ​ និង​សេចក្តី​សម្រេច​របស់​អាជ្ញាធរ​នៃ​ប្រទេស​ទាំងអស់​នោះ​។ នៅ​ប្រទេស​អុី​តា​លី​ ដោយសារតែ​មនុស្ស​វ័យ​ចំណាស់​ទទួលរង​សភាវ​ឯកា​ច្រើន​ និស្សិត​ជាច្រើន​ចាប់ផ្តើម​ចូលរួម​ចំណែក​ក្នុង​ការបង្កើត​កម្មវិធី​កំដរ​មនុស្សចាស់​ដែល​បាន​ចូលនិវត្តន៍​ ព្រោះ​វា​អាច​ផ្តល់​ផល​វិជ្ជមាន​ច្រើន​ដល់​ពួកគេ​ផង​ដែរ​។ និស្សិត​ទាំងអស់​នោះ​អាច​ធ្វើជា​ភ្នាក់ងារ​ដ៏​សំខាន់​ក្នុង​ការ​ជួយ​គាំពារ​មនុស្សចាស់​ទន្ទឹម​នឹង​នោះ​ពួកគេ​ក៏អាច​ទទួល​បាន​បទ​ពិសោធ​ជីវិត​ជាច្រើន​ពី​មនុស្សចាស់​ដែល​ធ្លាប់​ជា​កម្លាំង​ពលកម្ម​ចម្បង​កាលពី​អតីតកាល​។ ការងារ​ដែល​ពួកគេ​អាច​ធ្វើ​បាន​គឺ​ ជួយ​មនុស្សចាស់​ក្នុង​ការ​ធ្វើការងារ​ផ្ទះ​តិចតួច​ ឬធ្វើ​យ៉ាងណា​ដើម្បី​ឱ្យ​ពួកគាត់​មាន​អារម្មណ៍​ថា​ ទទួល​បានការ​យកចិត្ត​ទុកដាក់​។

នៅ​ប្រទេស​ស្កុ​តលែន​ ការ​ជួយ​មនុស្សចាស់​ដើម្បី​កាត់បន្ថយ​ភាព​ឯកា​ ត្រូវ​បាន​គេ​ធ្វើឡើង​តាមរយៈ​ការ​នាំ​ពួកគាត់​ជិះ​ស៊ីក្លូ​ដើរមើល​ទីក្រុង​ ឬចេញ​មក​ខាងក្រៅ​ផ្ទះ​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ឱ្យ​សកម្ម​ឡើងវិញ​ជាមួយ​មនុស្សដទៃ​ផ្សេងទៀត​ ឬមនុស្សចាស់​ដូចគ្នា​។ សកម្មភាព​នេះ​ធ្វើឡើង​ដោយ​អ្នក​ស្ម័គ្រចិត្ត​ម្នាក់​ត្រូវ​ជូន​មនុស្សចាស់​ 2នាក់​ដើម្បី​ជិះ​ស៊ីក្លូ​ទៅ​ខាងក្រៅ​ជាមួយ​ក្រុម​របស់​ពួកគេ​ ដើម្បី​កម្សាន្ត​ក្នុង​តំបន់​ដែល​ពួកគេ​រស់នៅ​ និង​ស្រូប​យកខ្យល់អាកាស​។

នៅ​កា​លី​ហ្វ័​រនៀ​ មនុស្សចាស់​ដែល​បាន​ចូលនិវត្តន៍​ និង​កំពុង​កើត​ ឬកំពុង​ប្រឈម​នឹង​សភាវ​ឯកា​ត្រូវ​បាន​គេ​ផ្តល់​ការ​ងា​រងា​យៗ​ឱ្យធ្វើ​ ដូចជា​ការងារ​ជិះ​ស្គី​យក​ឥវ៉ាន់​ទៅ​ឱ្យ​ភ្ញៀវ​ដែល​ភ្លេច​នៅ​ផ្សារ​ទំនើប​ ឬការងារ​ផ្ទះ​ងាយ​ៗ ស្រួល​ៗនៅ​តាម​អគារ​របស់​សហគមន៍​ ឬផ្ទះ​របស់​ប្រជាជន​ណា​ដែល​ស្ម័គ្រចិត្ត​ជួល​ពួក​គាត់​ ដើម្បី​ជា​ការចូលរួម​ចំណែក​ជួយ​មនុស្សចាស់​ឱ្យ​ជាសះស្បើយ​សភាវ​ឯកា​។ នៅ​អាមេរិក​ មាន​សហគមន៍​ស្នាក់នៅ​រួមគ្នា​ក្នុង​ផ្ទះ​ប្រមាណ​ជា​ 165ខ្នង​ ហើយ​មាន​ 140ខ្នង​ផ្សេងទៀត​កំពុង​សាងសង់​ ហើយ​ផ្ទះ​ខ្លះ​ គឺ​លាយ​បញ្ចូល​គ្នា​រវាង​មនុស្ស​គ្រប់​វ័យ​ ដែល​អនុញ្ញាត​ឱ្យ​មនុស្ស​ដែល​កំពុង​ប្រឈម​នឹង​សភាវ​ផ្លូវចិត្ត​ឯកា​ អាច​រស់នៅ​ក្នុង​ទំនាក់ទំនង​ល្អ​ប្រសើរ​ឡើងវិញ​។

ចំណែក​ឯនៅ​ចក្រភព​អង់គ្លេស​វិញ​ វេជ្ជបណ្ឌិត​បាន​ចេញ​វេជ្ជបញ្ជា​ឱ្យ​អ្នកប្រឈម​សភាវ​ឯកា​ទៅ​រាំរែក​ ធ្វើសកម្មភាព​សិល្បៈ​ និង​ថែទាំ​សួនច្បារ​ និង​សកម្មភាព​មួយចំនួន​ផ្សេងទៀត​ ដូចជា​ការ​ច្រៀង​ ការហាត់ប្រាណ​ដោយ​ការ​រាំ​ Aerobic​ Dance​ និង​ការ​ជុំគ្នា​ញ៉ាំ​កាហ្វេ​ពេលព្រឹក​ក៏​ត្រូវ​បាន​ណែនាំ​ និង​រៀបចំ​ឱ្យ​មាន​ឡើង​សម្រាប់​សហគមន៍​ដែល​មាន​មនុស្សចាស់​ផង​ដែរ​។ សកម្មភាព​ទាំងអស់​នេះ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ អាច​នឹង​ធ្វើ​ឱ្យ​មនុស្ស​ដែល​កំពុង​ទទួលរង​សភាវ​ឯកា​អាច​ទទួល​បានការ​រាប់អាន​ពី​មនុស្ស​ថ្មី​ៗ និង​មានទម្លាប់​ក្នុង​ការរស់នៅ​វិជ្ជមាន​ឡើងវិញ​។ តាម​ការ​បង្ហាញ​ពី​រដ្ឋាភិបាល​អង់គ្លេស​បានឱ្យ​ដឹង​ថា​ បន្ទាប់ពី​រយៈពេល​ 4ខែ​កន្លងទៅ​ អ្នកជំងឺ​ទាំងអស់​នោះ​ចាប់ផ្តើម​នាំ​មិត្តភក្តិ​មួយចំនួន​ផ្សេងទៀត​ទៅ​ជួប​វេជ្ជបណ្ឌិត​ ហើយ​ក្រោយមក​ទៀត​បញ្ហា​វិបត្តិ​ផ្លូវចិត្ត​ទាំងអស់​នោះ​ក៏​មាន​ភាព​ធូរស្រាល​ច្រើនឡើង​វិញ​៕

Advertisement