យុវវ័យ ជាវ័យដែលចូលចិត្តស្តាប់ការណែនាំ តែមិនចូលចិត្តស្តាប់ការបញ្ជានោះទេ

យុវវ័យជាវ័យដែលចាប់ផ្តើមមានគំនិត និងការយល់ឃើញរបស់ខ្លួនឯង និងចង់ធ្វើអ្វីមួយដោយប្រើគំនិតខ្លួនឯងផ្ទាល់ហើយ។ ក្នុងវ័យនេះ អាណាព្យាបាលជាច្រើនមានការយល់ច្រឡំ ហើយគិតថាកូនៗជាមនុស្សពូកែជំទាស់ ឬជាវ័យដែលមិនព្រមស្តាប់ឪពុកម្តាយ ដូចជាចាស់ៗតែងលើកឡើងថា ក្មេងឈាមរាវ ឬក្បាលរឹងជាដើម។

ជាទូទៅ បើសង្កេតមើលពីស្ថានភាពជាក់ស្តែង អាណាព្យាបាលជាច្រើនបានយល់ខុសលើសកម្មភាព និងការគ្រប់គ្រងកូនៗដែលវាអាចជះផលអវិជ្ជមានទៅដល់អនាគតរបស់ក្មេង។ ជាធម្មតា មនុស្សវ័យជំទង់ជាវ័យដែលគិតអ្វីប្លែកៗ ហើយចង់បង្ហាញសកម្មភាពណាមួយដែលលេចធ្លោ ឬចង់ទទួលបានការកោតសរសើរខ្លាំងជាងវ័យណាៗទាំងអស់ តែចំណុចអវិជ្ជមានដែលអាចនឹងកើតមាន គឺពួកគេនៅមានបទពិសោធជីវិតតិចតួច ដែលនាំឱ្យទង្វើដែលពួកគេធ្វើនោះអាចមិនត្រឹមត្រូវ ខុសគន្លងសីលធម៌ ឬខុសច្បាប់បាន។

អាណាព្យាបាលជាច្រើនបានគិតថា នៅពេលដែលកូនមានគំនិតណាមួយខុសពីគំនិតរបស់ខ្លួន ជារឿងមិនល្អ ឬជាទង្វើខុសទាំងស្រុង ហើយធ្វើការស្តីបន្ទោស និងបញ្ជាពួកគេឱ្យធ្វើតាមខ្លួនទាំងយុវជនមិនចង់ស្តាប់ ហើយក៏ព្យាយាមប្រឆាំងម្តងបន្តិចៗ។ ការគិតខុសនេះ អាចធ្វើឱ្យមានគម្លាតកាន់តែឆ្ងាយរវាងអាណាព្យាបាល និងកូនៗ ហើយក៏ធ្វើឱ្យក្មេងកាន់តែដើរខុសផ្លូវ ប្រសិនបើពួកគេនៅតែព្យាយាមធ្វើខ្លាំងរៀងៗខ្លួន។

វ័យជំទង់ ជាវ័យដែលត្រូវការយោបល់ល្អៗ តែមិនត្រូវការការបន្តុះបង្អាប់ ឬស្តីបន្ទោសឡើយ តែអាណាព្យាបាលជាច្រើនមានការយល់ខុស ដោយប្រកាន់គំនិតថា កុំឱ្យកូនដឹងចិត្ត។ តាមពិត ប្រសិនបើអាណាព្យាបាលចេះមានការយកចិត្តទុកដាក់ខ្ពស់ជាមួយនឹងអនាគតរបស់កូន គាត់នឹងមិនស្តីបន្ទោសខ្លាំងៗទៅកូនឡើយ តែគាត់នឹងព្យាយាមទៅជិតកូនឱ្យបានច្រើន ហើយផ្តល់យោបល់ដើម្បីកែលម្អពួកគេដោយសម្តីពីរោះ និងភាពទន់ភ្លន់។

ប្រសិនបើឪពុកម្តាយណាចង់ឱ្យកូនក្លាយជាមនុស្សឆ្លាត មានគំនិតច្នៃប្រឌិត ហើយធ្វើអ្វីក៏មិនខុសដែរនោះ គួរតែទុកចន្លោះពេលវេលាឱ្យកូនបានពិសោធ និងឱ្យកូនបានធ្វើអ្វីមួយដែលត្រឹមត្រូវតាមវិធីរបស់គាត់ ហើយរង់ចាំផ្តល់យោបល់ និងជួយកូនពីក្រោយវិញទើបជាការប្រសើរ៕

Advertisement