កម្ពុជា​-ជប៉ុន​ ឈាន​ដល់​ការ​ទទួលយក​ពលករ​ជំនាញ​ទៅ​ធ្វើការ​នៅ​ជប៉ុន​ហើយ​

កន្លងមក​ប្រទេស​កម្ពុជា​ និង​ជប៉ុន​ បាន​សហការ​គ្នា​យ៉ាង​ល្អ​លើ​វិស័យ​ការងារ​ ដែល​កិច្ចសហការ​នេះ​បាន​ផ្តល់​ផល​ចំណេញ​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការសិក្សា​យកចំណេះ​ និង​ជំនាញ​មក​អភិវឌ្ឍ​ប្រទេស​។ តែ​ទោះបីជា​យ៉ាងនេះ​ក្តី​ កិច្ចសហការ​កន្លងមក​ប្រទេស​ជប៉ុន​បើក​ទទួល​ត្រឹមតែ​កម្មសិក្សា​ការី​របស់​កម្ពុជា​តែប៉ុណ្ណោះ​ មិនទាន់​បាន​ទទួលយក​ពលករ​កម្ពុជា​ឱ្យធ្វើ​ការងារ​ពេញ​សិទ្ធិ​នៅ​ប្រទេស​ជប៉ុន​នៅឡើយ​ទេ​។ ហេតុនេះ​ហើយ​ទើប​ភាគី​ទាំង2​ ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​កិច្ចសហការ​នេះ​ឱ្យ​កាន់តែ​មានការ​អភិវឌ្ឍ​ទៅមុខ​ រួម​ទាំង​គុណភាព​នៃ​ការ​បណ្តុះបណ្តាល​ និង​ការ​ផ្លាស់​ប្តូរ​កម្លាំង​ពលកម្ម​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ឡើង​។

នា​ពេល​ថ្មី​ៗនេះ​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​កម្ពុជា​ ឯកឧត្តម​ អុិ​ត សំ​ហេង​ និង​ឯកឧត្តម​ Hidehisa​ Horinouchi​ ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ បាន​ជួបពិភាក្សា​គ្នា​ដើម្បី​ឈាន​ទៅដល់​ការ​ចុះ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​កម្ពុជា​-ជប៉ុន​ ស្តី​ពី​ពលកម្ម​ជំនាញ​។

នៅក្នុង​ជំនួប​នោះ​ ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​ ជប៉ុន​នឹង​កែសម្រួល​ច្បាប់​ថ្មី​ ដើម្បី​អនុញ្ញាត​ឱ្យ​ពលករ​កម្ពុជា​អាច​ដាក់ពាក្យ​ស្នើសុំ​ទិដ្ឋាការ​ការងារ​ (working​ visa​) ដើម្បី​ទទួល​បាន​សិទ្ធ​ពេញលេញ​ក្នុង​ការ​ធ្វើការងារ​នៅ​ប្រទេស​ជប៉ុន​ ខណៈ​ដែល​កន្លងមក​ជប៉ុន​ទទួលយក​ត្រឹមតែ​កម្មសិក្សា​ការី​របស់​កម្ពុជា​ទៅ​ដកពិសោធ​ការងារ​នៅ​ប្រទេស​ជប៉ុន​តែប៉ុណ្ណោះ​។ ច្បាប់​ថ្មីនេះ​នឹង​ផ្តល់​ឱកាសល្អ​ដល់​ពលករ​ជំនាញ​របស់​កម្ពុជា​ និង​ពលករ​បច្ចេកទេស​ អាច​ចូល​ទៅ​បម្រើការ​ងារ​ពេញច្បាប់​ ដើម្បី​បំពេញ​ចំណុច​ខ្វះខាត​នូវ​កម្លាំង​ពលកម្ម​ដែល​ជប៉ុន​កំពុង​ត្រូវការ​។ ក្នុង​នោះ​ដែរ​ឯកឧត្តម​ក៏បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ជប៉ុន​ដែល​កន្លងមក​បាន​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ តាមរយៈ​ការ​ផ្តល់​ឱកាស​ឱ្យ​កម្មសិក្សា​ការី​កម្ពុជា​បាន​ទៅ​ហាត់​ការ​នៅ​ប្រទេស​ជប៉ុន​ ដែល​មកដល់​បច្ចុប្បន្ន​មាន​ចំនួន​ 9ពាន់​នាក់​ហើយ​។

ឯកឧត្តម​ អុិ​ត សំ​ហេង​ បាន​មានប្រសាសន៍​ថា​៖ “គម្រោង​ដែល​ជប៉ុន​ នឹង​ដាក់​ឱ្យ​ដំណើរការ​នូវ​ច្បាប់​ការងារ​ថ្មី​ ដើម្បី​ទទួលយក​ពលករ​ពី​ប្រទេស​នានា​ទៅ​ធ្វើការងារ​នៅ​ប្រទេស​ជប៉ុន​នៅក្នុង​ខែមេសា​ឆ្នាំ2019​ ខាងមុខនេះ​ កម្ពុជា​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ព្រោះ​វា​ជា​ឱកាស​ដ៏​ល្អ​មួយ​ដែល​ប្រទេស​ទាំង2​ នឹង​ទទួល​បានផល​ប្រយោជន៍​ទៅវិញទៅមក​”។

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួងការងារ​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ ផលប្រយោជន៍​ដែល​ជប៉ុន​នឹង​ទទួល​បាន​ គឺ​ពលករ​កម្ពុជា​នឹង​ទៅ​បំពេញ​កង្វះខាត​កម្លាំង​ពលកម្ម​ដែល​ជប៉ុន​កំពុង​ត្រូវការ​លើ​វិស័យ​ជាច្រើន​ ចំណែក​ឯកម្ពុជា​វិញ​នឹង​មានលទ្ធភាព​ក្នុង​ការ​ផ្តល់​ឱកាស​បន្ថែម​ដល់​ប្រជាជន​ក្នុង​ការ​ជ្រើសរើស​ការងារ​របស់​ខ្លួន​តាមចំណង់​ចំណូលចិត្ត​ ដើម្បី​ទទួល​បានការ​ងារ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​ ហើយ​ថែមទាំង​ទទួល​បាន​ចំណេះដឹង​ និង​ជំនាញ​វិជ្ជាជីវៈ​សម្រាប់​ត្រឡប់​មក​ចូលរួម​អភិវឌ្ឍ​ប្រទេស​វិញទៀត​ផង​។

បើ​តាម​គម្រោង​ កម្ពុជា​ និង​ជប៉ុន​នឹង​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើ​កិច្ច​សហប្រតិបត្តិ​ការ​នៅ​ទីក្រុង​តូក្យូ​ក្នុង​អំឡុង​សប្តាហ៍​ទី3​ នៃ​ខែមីនា​ ឆ្នាំ2019​ ខាងមុខ​ ព្រោះ​ភាគី​ទាំង2​ បាន​ឯកភាព​គ្នា​រួចជាស្រេច​ហើយដោយ​បាន​ជំរុញ​ឱ្យ​ក្រុមការងារ​បច្ចេកទេស​ពិនិត្យ​កែសម្រួល​សេចក្តី​ព្រាង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​ឱ្យ​បាន​រួច​ឆាប់​៕

Advertisement