iPad Pro ថ្មី 2 ម៉ូដែលរបស់ Apple មានរាងឡូយ និងសមត្ថភាពខ្លាំងកប់!

ក្នុងព្រឹត្តិការណ៍ WWDC ឆ្នាំ 2017 កាលយប់ថ្ងៃចន្ទរំលងអធ្រាត្រចូលថ្ងៃទី 06 ខែមិថុនា ឆ្នាំ 2017 ក្រុមហ៊ុន Apple បានដាក់ចេញនូវសមិទ្ធផលជាច្រើនដែលក្រុមហ៊ុនសម្រេចបានរយៈពេលមួយឆ្នាំនេះ។ iPad Pro ជំនាន់ថ្មីមានទំហំ 10.5 អ៊ីញ និង 12.9 អ៊ីញ ត្រូវបានដាក់ចេញជាមួយនឹងសមត្ថភាពខ្លាំង ត្រូវចិត្តបំផុតសម្រាប់អ្នករចនា។

អេក្រង់របស់ iPad Pro ទាំង 2 ម៉ូដែលត្រូវបាន Apple បញ្ជាក់ថា បានប្រើនូវបច្ចេកវិទ្យាចុងក្រោយគេ ដែលគ្មានក្រុមហ៊ុនណាមាន ទោះវាប្រើត្រឹមអេក្រង់ប្រភេទ IPS LCD ដដែលក៏ដោយ តែវាអាចបង្ហាញពណ៌បានដិតខ្លាំងជាមួយកម្រិត Brightness 600 nit ហើយក៏មានមុខងារ HDR ផងដែរ។ ក្នុងនោះ វាក៏អាចបង្ហាញរូបភាពដល់កម្រិត 120Hz ដែលល្អប្រសើរសម្រាប់ Gaming ធំៗ អាចដំណើរការបានដោយគ្មានបញ្ហា។

ថេប្លេតថ្មីនេះ ប្រើនូវបន្ទះឈីប A10x មាន CPU ចំនួន 6 គ្រាប់ អាចដំណើរការបានលឿនជាងមុន 30% ហើយមាន GPU 12-core ដំណើរការល្អជាងមុន 40% ផងដែរ ហើយវាក៏មានមុខងារសាកថ្មលឿន Fast charging ដូចស៊េរីទូរស័ព្ទមួយចំនួន និងប្រើបានយូររហូតដល់ 10 ម៉ោងក្រោយពេលសាកពេញ។ អ្វីដែលពិសេសទៀតនោះ គឺវាមានសមត្ថភាពកាមេរ៉ាខ្លាំងដូចនឹងទូរស័ព្ទ iPhone 7ដែរ ដែលម្ដងនេះ វាមានទំហំរហូតដល់ 12 MP អាចថតរូបភាពបានលឿន ជាមួយ Aperture F/1.8 និងអាចថតវីដេអូបានដល់ទំហំ 4K។ ចំពោះលក្ខណៈសម្បត្តិផ្សេងៗរបស់ iPad Pro គឺមានដូចគ្នា ខុសតែអេក្រង់ប៉ុណ្ណោះ ដោយម៉ូដែល 10.5 អ៊ីញ មានតម្លៃប្រមាណ 649 ដុល្លារ ខណៈទំហំ 12.9 អ៊ីញមានតម្លៃ 799 ដុល្លារ ហើយម៉ូដែលប្រើស៊ឹមបានត្រូវបានតម្រូវឱ្យថែមប្រមាណ 130 ដុល្លារទៀត សម្រាប់ទីផ្សារនៅអាមេរិក៕

Advertisement