មហោស្រព​វិទ្យាសាស្ត្រ​ និង​វិស្វកម្ម​កម្ពុជា​ នឹង​ចូល​មកដល់​ជាថ្មី​នៅ​ពាក់កណ្តាល​សប្តាហ៍​នេះ​

ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​ប្រកាស​ពី​កាលកំណត់​ជាក់លាក់​ក្នុង​ការរៀបចំ​មហាស្រព​វិទ្យាសាស្ត្រ​ និង​វិស្វកម្ម​កម្ពុជា​លើក​ទី5​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី21ដល់​ថ្ងៃទី23​ ខែកុម្ភៈ​ ខាងមុខនេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ មហោស្រព​វិទ្យាសាស្ត្រ​ និង​វិស្វកម្ម​នៅ​ឆ្នាំនេះ​មាន​គោលបំណង​ជំរុញ​សិស្សានុសិស្ស​ និស្សិត​ យុវជន​លោកគ្រូ​ អ្នកគ្រូ​ បុគ្គល​ទូទៅ​ គ្រឹះ​ស្ថាន​សិក្សា​ អង្គភាព​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យ​កាន់តែ​មាន​ចំណាប់​អារម្មណ៍​ និង​ការ​យកចិត្ត​ទុកដាក់​លើ​ការសិក្សា ការអប់រំ​ ការ​បណ្តុះបណ្តាល​ ការងារ​ អាជីព​ វិជ្ជាជីវៈ​ ការប្រកួត​ប្រជែង​ ការស្រាវជ្រាវ​ និង​នវានុវត្តន៍​ លើ​មុខជំនាញ​ទាក់ទង​នឹង​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ដែល​ជាមុ​ខវិជ្ជា​ជំនាញ​ដ៏​មាន​សក្តា​នុ​ពល​សម្រាប់​ចូលរួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​ ឧស្សាហកម្ម​ កសិ​ឧស្សាហកម្ម​ និង​ពាណិជ្ជនីយកម្ម​កម្ពុជា​។

សកម្មភាព​សំ​ខាន់​ៗក្នុង​មហោស្រព​នេះ​មាន​ដូចជា​ ពិព័រណ៍​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ រួម​ទាំង​សិក្ខាសាលា​ និង​វេទិកា​ STEM​ និង​ការ​ប្រគំតន្ត្រី​ជាដើម​។

រដ្ឋលេខាធិការ​ ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ឯកឧត្តម​ អុឹម​ កុច​ បាន​មានប្រសាសន៍​ថា​ ជំនាញ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​ (STEM​) ជា​ជំនាញ​ដែល​សង្គម​កម្ពុជា​កំពុង​ត្រូវការ​ខ្ពស់​ ព្រោះ​ជំនាញ​ទាំងអស់​នេះ​ជា​ជំនាញ​ដែល​មាន​ទីផ្សារ​ធំ​ទូលាយ​ និង​ជា​ជំនាញ​ដែល​អាច​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​បាន​។ ហេតុនេះ​ហើយ​ទើប​ក្រសួង​អប់រំ​ បាន​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​មានការ​ផ្សព្វផ្សាយ​ និង​កំណត់​ផែនការ​សកម្មភាព​ជាច្រើន​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​សិស្សានុសិស្ស​កម្ពុជា​នៅ​គ្រប់​ទីកន្លែង​នៅ​កម្ពុជា​បាន​យល់​កាន់តែ​ច្បាស់​ពី​គុណ​តម្លៃ​នៃ​មុខវិជ្ជា​ STEM​ នេះ​ ហើយ​ចាប់​យក​ផ្នែក​ណាមួយ​នៃ​មុខវិជ្ជា​ដ៏​មាន​សារៈសំខាន់​នេះ​ដើម្បី​យក​ជា​អាជីព​ការងារ​នា​ពេល​អនាគត​។

ឯកឧត្តម​ អុឹម​ កុច​ មានប្រសាសន៍​ថា​៖ “នៅពេល​យុវជន​ជំនាន់​ថ្មី​របស់​កម្ពុជា​បាន​យល់ដឹង​ពីសា​រៈសំ​ខាន់​នៃ​មុខវិជ្ជា​ STEM​ នេះ​ យើង​នឹង​មាន​អ្នកជំនាញ​កាន់តែ​ច្រើន​ដែល​ជួយ​ជំរុញ​ឱ្យ​វិស័យ​នានា​កាន់តែ​មាន​សក្តា​នុ​ពល​ និង​អាច​ស្រូប​ទាញ​បាន​កម្លាំង​ពលកម្ម​ជាច្រើន​ពី​ការ​វិនិយោគ​”។

ឯកឧត្តម​រដ្ឋលេខាធិការ​បាន​បន្ថែម​ទៀត​ថា​ ក្នុង​សតវត្សរ៍​ទី21​ នេះ​ ជំនាញ​ទាំងអស់​នេះ​កំពុង​ក្លាយជា​ផ្នែក​យ៉ាង​សំខាន់​ដើម្បី​ធ្វើ​ឱ្យ​ការងារ​ ការផលិត​ និង​ការរស់នៅ​កាន់តែ​មាន​ភាព​ងាយស្រួល​ ហើយ​បង្កើន​ប្រសិទ្ធភាព​លើ​រាល់​ការងារ​ក្នុង​សង្គម​។ ជាក់ស្តែង​ប្រសិនបើ​យើង​មាន​អ្នកជំនាញ​ផ្នែក​វិស្វកម្ម​ច្រើន​ ការងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ និង​ការងារ​សាងសង់​សំណង់​អគារ​ផ្សេង​ៗទៀត​នឹង​កាន់តែ​អាច​ធ្វើ​បាន​ដោយ​ឆាប់រហ័ស​ ព្រោះ​បច្ចេកវិទ្យា​បច្ចុប្បន្ន​មានកម្ម​វិធី​ឆ្លាតវៃ​ជាច្រើន​ដែល​អាច​ធ្វើ​ឱ្យ​ការ​ងារ​ធំៗ​អាច​សម្រេច​បាន​យ៉ាង​ងាយ​។ ក្រៅពី​នេះ​ជំនាញ​ STEM​ ក៏​ជាផ្នែក​ដែល​គាំទ្រ​ឱ្យ​វិស័យ​ជាច្រើន​ផ្សេងទៀត​ ដូចជា​សុខាភិបាល​ កសិកម្ម​ ផលិតកម្ម​ បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ និង​ការរុករក​ផលិត​ផល​ថ្មី​ៗសម្រាប់​ដោះស្រាយ​បញ្ហា​មនុស្សជា​ដើម​។

ការបង្កើត​កម្មវិធី​ផ្សព្វផ្សាយ​ ពិព័រណ៍​ និង​មហោស្រព​វិទ្យាសាស្ត្រ​ នៅ​កម្ពុជា​ជា​យន្តការ​សំខាន់​មួយ​ក្នុង​ការជំរុញ​ឱ្យ​យុវជន​កម្ពុជា​សម្លឹងឃើញ​កាន់តែ​ច្បាស់​ពី​ឱកាស​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ឱ្យ​ស្របតាម​សេចក្តី​ត្រូវការ​របស់​សង្គម​លើ​គ្រប់មុខ​ជំនាញ​ និង​អាជីព​សំ​ខាន់​ៗជាច្រើន​ដែល​សុទ្ធតែ​ជាមុ​ខវិជ្ជា​មាន​ទីផ្សារ​ខ្ពស់​នៅ​ម្ពុ​ជា​ទាំងអស់​។ សម្រាប់​កម្មវិធី​មហោស្រព​វិទ្យាសាស្ត្រ​និង​វិស្វកម្ម​កម្ពុជា​ លើក​ទី5​ នេះ​ នឹង​ចាប់ផ្តើម​បើក​ឱ្យ​ចូលរួម​ដោយ​ឥតគិតថ្លៃ​ចាប់ពី​ម៉ោង​ 9ព្រឹក​ ដល់ម៉ោង5ល្ងាច​ ដោយ​នឹង​ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃទី21​ ដល់​ថ្ងៃទី23ខែកុម្ភៈ​ខាងមុខ​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​៕

Advertisement