ឪពុក​ម្តាយ​ជាច្រើន​ចែក​មិន​ដាច់​ពី​ការ​ធ្វើ​ឱ្យ​ខ្លាច​ ឬឱ្យ​គោរព​ក្នុង​ការអប់រំ​កូន​

អាណាព្យាបាល​ជាច្រើន​ ជាពិសេស​នៅ​កម្ពុជា​ច្រើនតែ​ចែក​មិន​ដាច់​ពី​ការ​បង្រៀន​កូន​ឱ្យ​ខ្លាច​ និង​គោរព​ ដែល​ចំណុច​នេះ​ធ្វើ​ឱ្យ​ពួកគាត់​ជួបនឹង​វិបត្តិ​ជាច្រើន​ក្នុង​ការអប់រំ​ ព្រោះ​មាន​អ្នកខ្លះ​បង្រៀន​កូន​ឱ្យ​ស្តាប់​បង្គាប់​បាន​ល្អ​ តែ​កូន​នោះ​បែរជា​ក្លាយជា​មនុស្ស​ទន់ខ្សោយ​ ខណៈ​អ្នកខ្លះ​ទៀត​កាន់តែ​តឹងតែង​ខ្លាំង​ កូន​កាន់តែ​ខូច​ខ្លាំង​ទៅវិញ​។

ថ្វី​ដ្បិតតែ​មនុស្ស​ជំនាន់​មុន​បាន​បន្សល់ទុក​នូវ​តម្លៃ​អប់រំ​ជាច្រើន​តាមរយៈ​ពាក្យ​ទូន្មាន​ ឬរឿងនិទាន​ក៏ដោយ​ តែ​ជាទូទៅ​យើង​ក៏​មើលឃើញ​ពី​ចន្លោះប្រហោង​ខ្លះ​ក្នុង​ការអប់រំ​បែប​អវិជ្ជមាន​ ដែល​អាណាព្យាបាល​សម័យថ្មី​ត្រូវតែ​ធ្វើការ​កែប្រែ​ចេញ​ ប្រសិនបើ​មិន​ចង់ឱ្យ​កូន​តូច​ៗក្លាយជា​មនុស្ស​មិនល្អ​នៅ​ថ្ងៃ​អនាគត​។

ចំណុច​អវិជ្ជ​មាន​ធំៗ​របស់​អាណាព្យាបាល​ដែល​មាន​ក្នុង​សង្គម​គឺ​ ការ​ធ្វើ​ឱ្យ​កូន​ខ្លាច​ តែ​មិន​ធ្វើ​ឱ្យ​កូន​គោរព​។ ដោយសារតែ​ប្រជាជន​ជាច្រើន​មិនទាន់​យកចិត្ត​ទុកដាក់​លើ​ជំនាញ​ភាពជា​អាណាព្យាបាល​ (parenting​ skills​) ទើប​ធ្វើ​ឱ្យ​យើង​អនុវត្ត​សកម្មភាព​បង្រៀន​កូន​បែ​បតៗ​គ្នា​ដោយធ្វើ​ឱ្យ​កូនក្មេង​ខ្លាច​មនុស្ស​ធំ​ តាមរយៈ​ការ​ដាក់ទណ្ឌកម្ម​ឱ្យធ្វើ​សកម្មភាព​តាម​គន្លង​របស់​មនុស្ស​ធំ​ដែល​បាន​កំណត់ទុក​រួចជាស្រេច​។ ម្យ៉ាងវិញទៀត​អាណាព្យាបាល​មួយចំនួន​ធំ​ក៏​ចូលចិត្ត​ប្រើ​សំ​ដី​ធ្ងន់​ៗ ជាជាង​ការ​បង្រៀន​កូន​ឱ្យ​គោរព​កាតព្វកិច្ច​ ឬយល់​ពី​ហេតុ​ និង​ផល​នៃ​សកម្មភាព​របស់​គេ​ ដែល​កត្តា​ទាំងអស់​នេះ​ធ្វើ​ឱ្យ​ក្មេង​ៗមិន​ហ៊ាន​ធ្វើការ​សម្រេចចិត្ត​ដោយខ្លួនឯង​ ឬតែ​ងតែ​ភ័យខ្លាច​នៅពេល​ឈានជើង​ទៅ​អភិវឌ្ឍ​អ្វីមួយ​ខុសពី​គន្លង​មនុស្សចាស់​។

ចំណុច​អវិជ្ជមាន​មួយផ្សេងទៀត​ដែល​មាននៅ​ក្នុង​សង្គម​យើង​បច្ចុប្បន្ន​ គឺ​មនុស្ស​ធំ​ ឬឪពុក​ម្តាយ​ជា​មនុស្ស​មិន​ចេះ​ខុស​ មានន័យថា​ ការ​បង្រៀន​ក្មេង​ គឺ​ចូលចិត្ត​ប្រើប្រាស់​វិធីសាស្ត្រ​ដាច់ខាត​ដើម្បី​កាត់តម្រឹម​កូន​ហើយ​មិនសូវ​ស្តាប់​ហេតុផល​របស់​កូន​នោះ​ទេ​ ព្រោះ​យើង​មានទម្លាប់​មួយ​មិនល្អ​ គឺ​រាល់ពេល​ក្មេង​ឆ្លើយតប​ ត្រូវ​បាន​គេ​ប្រកាន់​ថា​ នេះ​ជា​ការ​តមាត់​ ឬសកម្មភាព​មិន​គប្បី​ជាដើម​។ ការអប់រំ​កូន​បែបនេះ​ ពេលខ្លះ​មិនមែន​មិន​ទទួល​បាន​ប្រសិទ្ធភាព​សោះ​នោះ​ទេ​ គ្រាន់តែ​ទទួល​បាន​មិន​ច្រើន​ ហើយ​ភាគច្រើន​ក្មេង​អាច​ក្លាយជា​មនុស្ស​បាក់ស្បាត​ជ្រុល​ ឬខូច​ជ្រុល​តែម្ដង​តែប៉ុណ្ណោះ​ ព្រោះ​មាន​កុមារ​ខ្លះ​រក្សា​គំនិត​មិនព្រម​ខ្លាច​ ហើយ​ព្យាយាម​ធ្វើអ្វី​ដែល​មនុស្ស​ធំ​ហាមឃាត់​ថែមទៀត​ដើម្បី​ឆ្លើយតប​ជាមួយនឹង​សម្ពាធ​ ដែលគេ​មិន​អាច​និយាយ​ដោ​យត្រង់ៗ​ទៅវិញ​នោះ​។

ងាក​មកវិញ​ ចំណុច​ដែល​អាណាព្យាបាល​សម័យថ្មី​គួរ​ធ្វើ​ គឺ​បង្រៀន​កូន​ឱ្យ​ចេះ​គោរព​។ ចំណុច​នេះ​ខុសគ្នា​តែ​បន្តិច​ប៉ុណ្ណោះ​ ដែល​អាណាព្យាបាល​ជាច្រើន​មានការ​យល់​ច្រឡំ​ ព្រោះ​គោលបំណង​រួម​របស់​វា​ គឺ​ឱ្យ​កូន​ស្តាប់​បង្គាប់​ និង​ក្លាយជា​មនុស្ស​ល្អ​ គ្រាន់តែ​វិធី​អនុវត្ត​ខុសគ្នា​ប៉ុណ្ណោះ​។

ការ​បង្រៀន​កូន​ឱ្យ​ក្លាយជា​មនុស្ស​ដែល​ចេះ​គោរព​ គឺជា​ការ​បង្រៀន​កូន​ដោយ​ប្រើប្រាស់​ហេតុផល​ និង​មាន​លក្ខខណ្ឌ​ច្បាស់លាស់​ជាមួយ​ហេតុផល​។ ការ​បង្រៀន​ក្មេង​បែបនេះ​ទាមទារ​ឱ្យ​មានការ​ទទួលខុសត្រូវ​ និង​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ពី​អាណាព្យាបាល​ ព្រោះ​មិនមែន​មនុស្ស​ធំ​ចេះតែ​ថាឱ្យ​ក្មេង​ធ្វើល្អ​ ហើយ​ខ្លួន​បែរជា​រក្សា​ទម្លាប់​អាក្រក់​នោះ​ទេ​។ អាណាព្យាបាល​ចាំបាច់​ត្រូវ​ធ្វើជា​គំរូ​ល្អជា​មុន​សិន​ មុននឹង​អប់រំ​ក្មេង​ឱ្យ​គោរព​ ហើយ​ជាមួយគ្នា​នេះ​មនុស្ស​ធំ​ក៏​ត្រូវ​ហ៊ាន​ទទួលយក​ការ​ខ្វះខាត​របស់​ខ្លួន​ផង​ដែរ​ ដើម្បី​បង្ហាញ​ឱ្យ​ក្មេង​ឃើញថា​ ការគោរព​ គឺជា​ការអប់រំ​ដែល​ចេញពី​ខាងក្នុង​ ហើយ​មានតម្លៃ​សម្រាប់​ជីវិត​ មិនមែន​ខ្លាច​តែ​នឹង​មុខ​ ហើយ​លួច​ប្រព្រឹត្ត​ខុស​នៅ​ក្រោយខ្នង​នោះ​ទេ​៕

Advertisement