ភាព​ភ័យខ្លាច​ជា​ឧបសគ្គ​ធំ​មួយ​សម្រាប់​យុវជន​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​

ភាព​ភ័យខ្លាច​ជា​ឧបសគ្គ​ដ៏​ធំ​សម្រាប់​ប្រជាជន​កម្ពុជា​ និង​យុវជន​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ក្នុង​សង្គម​ការងារ​ និង​អាជីវកម្ម​។ យុវជន​ខ្លាច​មិន​មានការ​ងារ​ធ្វើ​ ខ្លាច​ធ្វើ​ហើយ​មានការ​រិះគន់​ ខ្លាច​ប្រឈម​នឹង​ការ​លំបាក​ និង​ខ្លាច​រឿង​ជាច្រើន​ទៀត​ដែល​នាំ​ឱ្យ​មានគំនិត​អវិជ្ជមាន​រហូត​ឈាន​ដល់​បោះបង់​ការងារ​សំ​ខាន់​ៗចោល​។

សាស្ត្រា​ចារ្យ​ផ្នែក​ពាណិជ្ជកម្ម​ លោក​ រិន​ រ៉ា​វុធ​ បាន​លើកឡើង​ថា​ យុវជន​ជាច្រើន​កំពុង​អភិវឌ្ឍ​សមត្ថភាព​បាន​យ៉ាង​ល្អ​ទាំង​ផ្នែក​ជំនាញ​បច្ចេកទេស​ និង​សង្គម​ តែ​អ្វី​ដែល​ជា​ឧបសគ្គ​រាំងស្ទះ​មិន​ឱ្យ​ពួកគេ​បង្ហាញ​ស្នាដៃ​ ឬច្នៃ​ចំណេះដឹង​ទាំងអស់​នោះ​ក្លាយជា​ផលិតផល​ដ៏​មាន​សក្តា​នុ​ពល​នោះ​ គឺ​ភាព​ភ័យខ្លាច​។

ភាព​ភ័យខ្លាច​ធ្វើ​ឱ្យ​មនុស្ស​ម្នា​ក់ៗ​រួញរា​ មិន​ហ៊ាន​ខិតខំ​ប្រឹងប្រែង​ និង​បញ្ចេញស្នាដៃ​សំ​ខាន់​ៗដើម្បី​ចាប់​យក​ឱកាស​ការងារ​ដែល​សង្គម​កំពុង​ត្រូវការ​ ព្រោះ​គេ​មានគំនិត​អវិជ្ជមាន​ចំពោះ​អនាគត​របស់​ខ្លួន​ ហើយ​បណ្តោយ​ឱ្យ​ភាព​ភ័យខ្លាច​ទាំងអស់​នោះ​បង្អាក់​ការ​អភិវឌ្ឍ​របស់​ខ្លួន​។ លោក​និយាយ​ថា​ កត្តា​ទាំងអស់​នេះ​អាច​បណ្តាល​មក​ពី​បច្ច័យ​បរិស្ថាន​នៃ​ការរស់នៅ​របស់​ពួកគេ​កាលពី​នៅ​ក្មេង​ៗ និង​ទម្លាប់​មួយចំនួន​របស់​មនុស្សចាស់​ពី​មុន​ៗដែល​តែងតែ​ឃាត់​កូន​មិន​ឱ្យ​គិត​ធំ​ ឬគិត​វិជ្ជមាន​ខ្លាំងពេក​សម្រាប់​អនាគត​ការងារ​។

លោក​ រិន​ រ៉ា​វុធ​ បាន​បន្ត​ថា​៖ “មនុស្សចាស់​ពីមុន​ មិនសូវ​ហ៊ាន​ឱ្យ​ក្មេង​និយាយ​ពី​ក្តី​ស្រមៃ​របស់​ខ្លួន​នោះ​ទេ​ ព្រោះ​ខ្លាច​ខ្មាសគេ​ ឬខ្លាច​មាន​បញ្ហា​។ ពួកគាត់​គិតថា​ទាល់តែ​មាន​គ្នា​ មាន​ខ្នង​ ឬមាន​ខ្សែស្រឡាយ​ទើប​អាច​ធ្វើការងារ​សំ​ខាន់​ៗបាន​ ហេតុនេះ​ហើយ​ឥទ្ធិពល​នៃ​គំនិត​ទាំងអស់​នោះ​បាន​ធ្វើ​ឱ្យ​ក្មេង​មានការ​រារែក​ ហើយ​មិន​ហ៊ាន​ធ្វើការ​ប្រឹងប្រែង​ ព្រោះ​គ្មាន​សង្ឃឹមថានឹង​អាច​ធ្វើការងារ​ល្អ​បាន​”។

អ្នកអប់រំ​ខាងលើ​បាន​លើកឡើង​ថា​ ជាក់ស្តែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​ គ្មាន​មាត្រា​ណា​ចែងថា​ កូន​អ្នកក្រ​មិន​អាច​ថ្កុំថ្កើង​បាន​នោះ​ទេ​ ហេតុនេះ​កូន​អ្នកក្រ​ក៏អាច​ចាប់​យក​ឱកាស​ការងារ​សំ​ខាន់​ៗបាន​ដែរ​ ព្រោះ​មិនមែន​គ្រប់ការ​ងារ​សុទ្ធតែ​ត្រូវ​ប្រគល់​ឱ្យទៅ​អ្នកមាន​ខ្សែ​ស្រ​ឡាយ​ធំៗ​នោះ​ទេ​ តែ​បច្ចុប្បន្ន​គេ​ត្រូវការ​អ្នកមាន​សមត្ថភាព​ដើម្បី​ធ្វើការងារ​។ ចំណុច​សំខាន់​ដែល​យើង​អាច​ធ្វើ​បាន​ គឺ​ខិតខំ​ប្រឹងប្រែង​រហូត​សមត្ថភាព​របស់​យើង​ត្រូវ​បាន​គេ​ទទួលស្គាល់​ ហើយ​អាច​នាំមក​នូវ​ការ​អភិវឌ្ឍ​បាន​ល្អ​សម្រាប់​ស្ថាប័ន​។ ម្យ៉ាងវិញទៀត​ យុវជន​ត្រូវ​ផ្លាស់​ប្តូរ​ការ​គិតថា​ ខ្លួន​មិន​អាច​ធ្វើការងារ​សំខាន់​បាន​ ទៅជា​តាំងចិត្ត​ថា​ ត្រូវតែ​ធ្វើការងារ​សំ​ខាន់​ៗឱ្យ​បាន​ដោយ​ភាព​អំណត់​ និង​ការ​តស៊ូ​អភិវឌ្ឍ​សមត្ថភាព​ជាប់​ជាប្រចាំ​។ ប្រសិនបើ​យើង​កំពុង​សិក្សា​ គឺ​ត្រូវ​សិក្សា​ឱ្យ​បាន​ពូកែ​ ស្វែងរក​បទ​ពិសោធ​ជាក់ស្តែង​ឱ្យ​បាន​ច្រើន​ និង​ធ្វើ​ឱ្យ​លេចធ្លោ​រហូត​ស្ថាប័ន​ស្គាល់​ និង​ទទួលយក​ដើម្បី​ជួយ​គេ​ឱ្យ​កាន់តែ​ខ្លាំង​ឡើង​។ ហើយ​ប្រសិនបើ​យើង​កំពុងធ្វើការ​ងារ​ យើង​ត្រូវ​ប្រឹងប្រែង​រៀនសូត្រ​បន្ថែម​ពី​ការងារ​ដែល​កំពុង​ធ្វើ​ អនុវត្ត​ការងារ​ឱ្យ​បាន​ល្អ​ និង​ឆ្លៀតពេល​វេលា​ដើម្បី​បន្ត​អភិវឌ្ឍ​ពី​វិធីសាស្ត្រ​ដែល​យើង​កំពុងធ្វើការ​ងារ​ដើម្បី​ឱ្យ​ការងារ​កាន់តែ​លឿន​ និង​មានប្រសិទ្ធភាព​ ហើយ​ជួយ​អ្នក​ជុំវិញ​ខ្លួន​ឱ្យ​ខ្លាំង​ថែមទៀត​ផង​។ នៅពេល​នោះ​យើង​នឹង​ចាប់ផ្តើម​ក្លាយជា​មនុស្ស​ដែលគេ​ត្រូវការ​ ហើយ​ការងារ​សំ​ខាន់​ៗនឹង​លេចចេញ​មកតាមក្រោយ​ តែ​ប្រសិនបើ​យើង​នៅ​ត្រាំត្រែង​រង់ចាំ​ឱកាស​ ហើយ​រវល់​តែ​ខ្វាយខ្វល់​ច្រើន​ នោះ​លទ្ធផល​ល្អ​នឹង​មិន​អាច​រត់​មករ​កយើង​នោះ​ទេ​។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ហង់​ ជួន​ណា​រ៉ុន​ បាន​លើកឡើង​ពី​បញ្ហា​ធនធានមនុស្ស​នៅ​កម្ពុជា​ថា​ យើង​ត្រូវការ​មនុស្ស​ដែល​មាន​សេចក្តី​ក្លាហាន​ក្នុង​ការ​ធ្វើការងារ​អភិវឌ្ឍន៍​ និង​ហ៊ាន​ធ្វើការ​សម្រេចចិត្ត​ប្រកបដោយ​ការ​គិតពិចារណា​ស៊ីជម្រៅ​។ សម្រាប់​សតវត្សរ៍​ទី21នេះ​ មនុស្ស​ម្នា​ក់ៗ​ត្រូវតែ​មាន​សមត្ថភាព​កាន់តែ​ខ្លាំង​ដើម្បី​ចាប់​យក​ការងារ​ និង​បង្កើន​ប្រសិទ្ធភាព​ ជាពិសេស​គឺ​នវានុវត្តន៍​។ យុវជន​កម្ពុជា​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ដោយ​ភាព​ស្វាហាប់​ដើម្បី​ធ្វើការងារ​ប្រកបដោយ​ភាពជា​អ្នកដឹកនាំ​ ហើយ​ក្លាហាន​ក្នុង​ការសិក្សា​ស៊ីជម្រៅ​ និង​បង្កើត​ជារ​បក​គំ​ហើញ​ថ្មី​ៗដើម្បី​ឱ្យ​ការរស់នៅ​កាន់តែ​ប្រសើរ​ឡើង​។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ថា​៖ ”ភាពជា​អ្នកដឹកនាំ​ជា​រឿង​សំខាន់​មួយ​ដែល​ពិភពលោក​កំពុង​ត្រូវការ​ ហេតុនេះ​ប្រសិនបើ​ប្រជាជន​វ័យក្មេង​របស់​យើង​មានទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការសិក្សា​ស្រាវជ្រាវ​ យើង​នឹងអាច​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​បាន​កាន់តែ​ប្រសើរ​”។

ឯកឧត្តម​ បាន​លើកឡើង​ថា​ ជា​ធម្មតា​អ្នក​ដែល​មាន​ភាពជា​អ្នកដឹកនាំ​ គឺជា​អ្នក​ដែល​មាន​សមត្ថភាព​ធ្វើការងារ​លើស​ពី​អ្វី​ដែល​ស្ថាប័ន​រំពឹង​ទុក​។ ប្រសិនបើ​គេ​គូសវាស​ការងារ​ឱ្យ​គាត់​ធ្វើ​ក្នុងរង្វង់​មួយ​ មាន​អ្នកខ្លះ​ធ្វើការងារ​បានតែ​ត្រឹម​រង្វង់​នោះ​ តែ​មាន​អ្នកខ្លះ​ប្រើ​ពេលវេលា​ដូចគ្នា​ តែ​អាច​ធ្វើការងារ​ឆ្លាតវៃ​ ហើយ​លើស​ពី​រង្វង់​ដែល​បាន​កំណត់​នោះ​ថែមទៀត​ផង​។ មនុស្ស​ប្រភេទ​នេះ​ជា​បុគ្គល​ដែល​គ្រប់​ស្ថាប័ន​ត្រូវការ​ ហើយ​ជា​មនុស្ស​ដែល​អាច​ទទួលការ​ងារ​សំ​ខាន់​ៗបាន​យ៉ាង​ប្រសើរ​៕

Advertisement