Sister​ ​of​ ​Code​ ​ជំរុញ​ស្ត្រី​កម្ពុជា​ឱ្យ​មាន​មូលដ្ឋាន​គ្រឹះ​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា​

កន្លងមក​ស្ត្រី​ក្នុង​វិស័យ​បច្ចេកវិទ្យា​មាន​មិន​ច្រើនពេក​ទេ​នៅ​កម្ពុជា​ ​ព្រោះ​ប្រជាជន​ខ្មែរ​នៅ​មាន​ផ្នត់គំនិត​មួយ​យល់ឃើញ​ថា​មុខវិជ្ជា​បច្ចេកវិទ្យា​ព័ត៌មាន​ ​(​ICT​)​ ​គឺជា​មុខវិជ្ជា​សម្រាប់​បុរស​។​ ​ជាក់ស្តែង​មុខវិជ្ជា​នេះ​ជាមុ​ខ​វិជ្ជា​ដែល​មាន​លក្ខណ​សម្បត្តិ​ល្អ​សម្រាប់​ស្ត្រី​ផង​ដែរ​ក្នុង​សង្គម​ដែល​កំពុងតែ​មានការ​វិវឌ្ឍ​យ៉ាង​លឿន​ផ្នែក​បច្ចេកវិទ្យា​ ​នៅ​គ្រប់​វិស័យ​ទាំងអស់​។​

បច្ចុប្បន្ន​នេះ​ ​ស្ត្រី​លើ​ពិភពលោក​មិនមែន​តែ​កម្ពុជា​ ​នោះ​ទេ​ ​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​ចូលរួម​ឱ្យ​បាន​សកម្ម​ក្នុង​វិស័យ​បច្ចេកវិទ្យា​។​ ​ការ​លើកទឹកចិត្ត​ទាំងអស់​នោះ​មាន​ដូចជា​ ​ការ​ផ្តល់​កូតា​អាហារូបករណ៍​ពិសេស​សម្រាប់​ស្ត្រី​ ​ការបង្កើត​កម្មវិធី​ផ្លាស់​ប្តូរ​បទ​ពិសោធ​ ​ការប្រកួត​ប្រជែង​សម្រាប់​ស្ត្រី​ ​និង​ការ​លើកទឹកចិត្ត​ចំពោះមុខ​តំណែង​មួយចំនួន​សម្រាប់​ស្ត្រី​តែម្តង​នៅក្នុង​ក្រុមហ៊ុន​សំ​ខាន់​ៗ​នានា​។​ ​ស្ត្រីជា​ចំណែក​យ៉ាង​សំខាន់​នៅក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​ ​ដែល​អាច​មានលទ្ធភាព​ខ្ពស់​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដោយ​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ ​ជាពិសេស​បញ្ហា​របស់​ស្ត្រី​ដូចគ្នា​ ​ព្រោះ​មានតែ​ស្ត្រី​ទេ​ដែល​យល់​ ​និង​ដឹងពី​អារម្មណ៍​ស្ថានភាព​ ​និង​បញ្ហា​ប្រឈម​នានា​របស់​ស្ត្រី​ដូចគ្នា​។​

​ដើម្បី​ជំរុញ​ស្ត្រី​ឱ្យ​ចូលរួម​កាន់តែ​សកម្ម​ក្នុង​វិស័យ​បច្ចេកវិទ្យា​ព័ត៌មាន​វិទ្យា​ ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​សហការ​ជាមួយ​គ្រឹះស្ថាន​បណ្តុះបណ្តាល​ ​IT​ ​Academy​ ​STEP​ ​Cambodia​ ​ចាប់ផ្តើម​អនុវត្ត​កម្មវិធី​មួយ​ឈ្មោះថា​ ​“​Sister​ ​of​ ​Code​”​ ​ដើម្បី​លើកទឹកចិត្ត​ឱ្យ​សិស្ស​ស្រី​នៅ​កម្ពុជា​ព្យាយាម​សរសេរ​កូដកម្ម​វិធី​ ​និង​អភិវឌ្ឍ​ទំនុកចិត្ត​ក៏ដូចជា​ផ្តល់​ឱកាស​ជោគជ័យ​ផ្នែក​ឌីជីថល​ដល់​និស្សិត​ស្រី​នៅ​ផង​ដែរ​។​ ​

​កម្មវិធី​ ​នេះ​នឹង​ជួយ​ស្ត្រី​កម្ពុជា​ឱ្យ​កាន់តែ​មាន​សមត្ថភាព​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ការងារ​ ​ជាពិសេស​គឺ​បង្កើត​ស្នាដៃ​ជា​នវានុវត្តន៍​ថ្មី​សម្រាប់​ដោះស្រាយ​បញ្ហា​នានា​ ​និង​ឈាន​ទៅ​ក្លាយជា​អ្នក​ជំ​នាញ​ខ្លាំង​ៗ​ដើម្បី​បម្រើ​ឱ្យ​វិស័យ​នានា​នា​ពេល​អនាគត​។​ ​ចំពោះ​សិស្ស​ដែល​អាច​ចូលរៀន​បាន​គឺ​មាន​អាយុ​ចន្លោះ​ពី​ ​10ឆ្នាំ​ ​ដល់​ ​18ឆ្នាំ​ ​ដែល​កម្មវិធី​នេះ​នឹង​បង្រៀន​ពី​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​សរសេរ​កូដ​ដោយ​ឥតគិតថ្លៃ​រយៈពេល​ ​6ខែ​ ​ហើយ​ត្រូវ​សិក្សា​ក្នុង​មួយថ្ងៃ​-​មួយ​សប្តាហ៍​ ​រយៈពេល​ ​2ម៉ោង​កន្លះ​៕​

Advertisement