ឱកាសប្រកួតសម្រាប់យុវជន​ក្នុងតំបន់អាស៊ានបានមកដល់ទៀតហើយ

​កិច្ចប្រជុំផ្លូវការរបស់អាស៊ានស្តីអំពីយុវជន​ (SOMY)​ បានប្រកាស​បើកឱ្យមានការប្រកួតអាស៊ានខ្សែរឿងវីដេអូយុវជ​នអាស៊ានប្រចាំឆ្នាំ លើកទី3 ដើម្បីឈ្នះដំណើរ​ទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី ។ ប្រធានបទសំខាន់ដែល​នឹង​ត្រូវលើកឡើងសម្រាប់ការប្រកួតនេះគឺ «តើរយៈពេល 50ឆ្នាំនៃ​អាស៊ាន​មានន័យយ៉ាងណាសម្រាប់យុវជន?» ដោយការប្រកួតនេះ​បានទទួលការគាំទ្រដោយអង្គការ USAID និងស្ថានបេសកកម្ម​របស់សហរដ្ឋអាមេរិកសម្រាប់អាស៊ាន  រួមជាមួយនឹង​មូលនិធិអាស៊ាន។

ខ្សែរឿងវីដេអូដែលនឹងត្រូវប្រកួតនេះ ត្រូវបង្កើតឡើងក្នុងរយៈពេល​ 60នាទី ដោយផ្តោតសំខាន់ផងដែរលើ​សារៈសំខាន់​នៃអាស៊ាន និងសេចក្តីប្រាថ្នា​របស់អ្នកសម្រាប់​រយៈពេល 50ឆ្នាំក្រោយរបស់អាស៊ាន។ បេក្ខជន​ដែល​អាចដាក់ពាក្យប្រកួតបាន គឺត្រូវតែជាប្រជាជនក្នុងសហគមន៍​អាស៊ាន និង​មានអាយុចាប់ពី 18 ដល់​ 30ឆ្នាំ គិតត្រឹមថ្ងៃទី1 ខែកក្កដា ឆ្នាំ2017។

សម្រាប់អ្នកដែលមានគំនិតច្នៃប្រឌិត​ខ្ពស់បំផុត 10 រូបនឹង​ត្រូវ​ជ្រើសរើសឱ្យចូលរួម​ក្នុងសិក្ខាសាលាស្តីពីការផលិត​ភាពយន្ត​នៅប្រទេសសិង្ហបុរី រួមជាមួយ​ទឹកប្រាក់​មួយចំនួនទៀត។ បេក្ខជន​ដែលមានបំណងចង់ដាក់ពាក្យប្រកួតសូមផ្ញើខ្សែរឿងវីដេអូឱ្យបានមុន​ថ្ងៃទី1 ខែកក្កដា ឆ្នាំ2017 តាមរយៈតំណភ្ជាប់ www.ASEANyouthvideocontest2017.com

 

Advertisement