នៅ​ដើម​ឆ្នាំនេះ ក្រសួងទេសចរណ៍​ជំរុញ​ការបណ្តុះបណ្តាល​កាន់តែខ្លាំង ដើម្បី​សម្រេច​គោលដៅ (SDG) 2030

គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព (SDG) សម្រាប់​ឆ្នាំ2030 ជាគោលដៅ​សកលមួយ​ដែល​ពិភពលោកបានដាក់​ចេញ​ដើម្បីឱ្យ​ប្រទេស​ទាំងអស់​លើ​ពិភពលោក​ព្យាយាមគ្រប់​លទ្ធភាពដើម្បី​សម្រេចបាន​នូវ​សកម្មភាពសំខាន់ៗ ដូចជា ការបញ្ចប់​ភាពអត់ឃ្លាន ធ្វើឱ្យ​សេដ្ឋកិច្ច​កាន់តែ​ប្រសើរឡើង និងសកម្មភាពសំខាន់ៗជាច្រើន​ទៀតដែល​ក្នុងនោះ​ក៏មាន​វិស័យ​ទេសចរណ៍​មួយ​ផងដែរ។

ឆ្លើយតប​នឹង​បញ្ហា​ទាំងអស់នេះ ក្រសួងទេសចរណ៍​សហ​ការ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ជាច្រើន​ផ្សេង ទៀត​បាន​បើក​កិច្ចប្រជុំ​មួយ​កាលពីដើម​ខែមករា​នេះ​ដើម្បី​បង្កើត“បណ្តាញ​អ្នកជំនាញនិង​សាស្ត្រាចារ្យ​ក្នុង​វិស័យ​ទេសចរណ៍” នៅ​កម្ពុជា។គោលដៅ​សំខាន់​ក្នុងការ​បង្កើត​បណ្តាញ​អ្នកជំនាញ និង​សាស្ត្រាចារ្យ​ក្នុង​វិស័យ​ទេសចរណ៍​នេះ ដោយ ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញឱ្យមាន​កិច្ចសហការ​ល្អ​រវាង​គ្រប់ភាគី​ទាំងអស់​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជាដើម្បី​រួមគ្នា​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ និរន្តរភាព​ឆ្នាំ2030 និង​ឆ្លើយតប​ជាមួយ​តម្រូវការ​ជាក់ស្តែង​រប​ស់​កម្ពុជា​នាពេល​បច្ចុប្បន្ន និង​អនាគត។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បាន​លើកឡើងថា កម្ពុជា​កំពុងមាន​ស្ថានភាព​វិជ្ជមាន​ខ្លាំង​លើ​វិស័យ​ទេសចរណ៍ តែ​បញ្ហា​ប្រឈម​ដែល​យើង​កំពុង​ជួបប្រទះ គឺ​ធនធានមនុស្ស​ក្នុង​វិស័យនេះ ដែល​ទាមទារ​ឱ្យ​យើង​ត្រូវ​ពង្រឹង​ការអប់រំ​ឱ្យបាន​ច្រើន​បន្ថែមទៀត។ កម្ពុជា​ត្រូវការ​អ្នកជំនាញ​អប់រំ សាលា​បណ្តុះបណ្តាល​វិស័យ​ទេសចរណ៍ និង​ការចូលរួម​របស់​ប្រតិបត្តិការ​ទេសចរណ៍​ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​បុគ្គលិក​ដែលមាន​ស្រាប់​ឱ្យ​កាន់​តែមាន​សមត្ថភាព​ខ្ពស់​ដើម្បី​បំពេញតម្រូវការ​ការងា​រ​នៅក្នុង​ប្រទេស និង​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់។

ជា​ផែនការ​សកម្មភាព​ដើម្បី​សម្រេច​គោលដៅ​ពង្រឹង​ការអភិវឌ្ឍ​ធនធានមនុស្ស​ផ្នែក​ទេសចរណ៍​នៅ​កម្ពុជា អ្នកជំនាញ​ទាំងអស់​បានកំណត់​ថា ឆ្នាំ2020ចាំបាច់​ត្រូវ​ព្យាយាម​បង្កើត​ការងារ​ផ្ទាល់​ផ្នែក​ទេសចរណ៍​ឱ្យបាន 1លាន​នាក់ ហើយ​ត្រូវ​ជំរុញឱ្យមាន​អ្នកជំនាញ​បន្ថែម​យ៉ាងតិច50% ដែលមាន​សញ្ញាបត្រ ឬ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​សមត្ថភាព​ស្តង់ដា​ជាតិ និង​អាស៊ាន ដោយមាន​ការបណ្តុះបណ្តាល និង​វាយតម្លៃ​ត្រឹមត្រូវ ព្រោះ​បច្ចុប្បន្ននេះ​អ្នក​កំពុងធ្វើការ​ងារ​ផ្នែក​ទេសចរណ៍​មួយចំនួន​មាន​សញ្ញាបត្រ និង​ទទួលបាន​ការអប់រំ​ពី​ផ្នែកផ្សេងៗទៀត​ដែល​មិនមែនជា​ជំនាញ​ទេសចរណ៍។

ជា​គោលដៅ​បន្ត សម្រាប់​ឆ្នាំ2025 កម្ពុជា​បានកំណត់​ផែនការ​បង្កើត​ការងារ​ផ្ទាល់​លើ​វិស័យ​ទេសចរណ៍​ឱ្យបាន 1.2លាន​នាក់ និង​ត្រូវ​សម្រេច​ឱ្យបាន​នូវ​យុទ្ធនាការ “បុគ្គលិក​ម្នាក់ ជំនាញ​មួយ” ដើម្បី​ជំរុញ​ឱ្យ​អ្នកជំនាញ​ទេសចរណ៍​ទាំងអស់​មាន​សមត្ថភាព និង​សញ្ញាបត្រ​ត្រឹមត្រូវ​ដើម្បី​ប្រើប្រាស់​ក្នុង​វិជ្ជាជីវៈ​របស់ខ្លួន។ ចំណែកឯ​គោលដៅ​ចម្បង​ចុងក្រោយ​នៅ​ឆ្នាំ2030 គឺ​ត្រូវ​សម្រេច​ឱ្យបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព (SDG) ផ្នែក​ទី4 ដែល​ធានា​ឱ្យទទួល​បាន​នូវ​ការបណ្តុះបណ្តាល​ប្រកបដោយ​គុណភាព សមធម៌ និង​បរិ​យាប​ន្ន ព្រមទាំង​លើក​កម្ពស់​ឱកាស​សិក្សា​ពេញ​មួយជីវិត និង​គោលដៅ SDG ទី8 ដែល​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការងារ​សមរម្យ​ដល់​ជន​គ្រប់រូប​ក្នុង​វិស័យ​ទេសចរណ៍​តាមរយៈ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ឱ្យមាន​កម្រិតស្តង់ដា​រទាំ​ង​ជាតិ និង​អន្តរជាតិ។

បណ្តាញ​អ្នកជំនាញ និង​សាស្ត្រាចារ្យ​ក្នុង​វិស័យ​ទេសចរណ៍ ជា​បុគ្គល​ដែលមាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការជំរុញឱ្យ​គោលដៅ​សំខាន់​នានា​នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ។ ជា​ផែនការ​សកម្មភាព​រប​ស់​ស្ថាប័ន​នេះ គឺ​តម្រូវឱ្យមាន​កិច្ចប្រជុំ​ជាប្រចាំ​តាម​ពេលវេលា​កំណត់​ជាក់លាក់ និង​រៀបចំ​កម្មវិធីសំខាន់ៗជាច្រើន​ផ្សេងទៀត​ដើម្បី​ផ្តល់ឱកាស​ឱ្យ​ស្ថាប័ន​អប់រំ​ផ្នែក​ទេសចរណ៍ សិស្ស-និស្សិត និង​ប្រតិបត្តិ​ករ​ទេសចរណ៍​មានឱកាស​ចែករំលែក និង​ទទួលបាន​ចំណេះដឹង​យ៉ាង​ទូលំទូលាយ។

សម្រាប់​គម្រោង​ក្នុង​ឆ្នាំ2019 នេះ បណ្តាញ​អ្នកជំនាញ និង​សាស្ត្រាចារ្យ​ក្នុង​វិស័យ​ទេសចរណ៍​គ្រោង​នឹង​រៀបចំ​ឱ្យមាន​អ្នកផ្តល់​ការបណ្តុះបណ្តាល​គំរូពិព័រណ៍​ម្ហូបអាហារ និង​ការប្រឡងប្រណាំង​អាហារ​ស្អាត​តាម​ដងផ្លូវ រួមទាំង​ការប្រឡងប្រណាំង​សរសេរ​អត្ថបទ​ស្រាវជ្រាវ​ក្នុង​វិស័យ​ទេសចរណ៍​ប្រចាំឆ្នាំ ដើម្បី​ចូលរួម​លើកកម្ពស់​ការបណ្តុះបណ្តាល និង​អភិវឌ្ឍ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ថែម​ទៀតផង។ លើសពីនេះទៅទៀត​ក៏បាន​គ្រោង​នឹង​ដាក់ឱ្យ​ផ្សព្វផ្សាយ​សៀវភៅ​តម្រង់ទិស​ការសិក្សា និង​អាជីព​ក្នុង​វិស័យ​ទេសចរណ៍ ព្រមទាំង​បានប្រកាស​ផ្សព្វផ្សាយ​ជា​ផ្លូវការ​នូវ​ចលនា​ប្រឡងប្រណាំង​អ្នកជំនាញ​ទេសចរណ៍​គំរូ ប្រចាំឆ្នាំ2019 លើ​ផ្នែក​ការិយាល័យ​ជួរមុខ ផ្នែក​ម្ហូបអាហារ និង​ភេសជ្ជៈ ដែល​លទ្ធផល​ជយលាភី​នៃ​ការប្រឡងប្រណាំង​នេះ​គ្រោង​នឹង​ប្រកាស​ផ្សព្វផ្សាយ​នៅពេល​ចុងឆ្នាំ៕

Advertisement