ការចុះឈ្មោះចូលរៀន​របស់សិស្សមតេ្តយ្យ​មានការកើនឡើងតែមិនទាន់គ្រប់គ្រាន់នៅឡើយ

យោងតាមការសិក្សាស្រាវជ្រាវរបស់អង្គការ UNICEF បានឱ្យដឹងថា ​ការអប់រំកុមារតូច​ចាប់ពីអាយុ៣ឆ្នាំ ដល់៥ឆ្នាំនៅកម្ពុជា​មានឥទ្ធិពល​ដល់កុមារពេញមួយជីវិត។ កុមារដែលបានទទួលការអប់រំតាំងពីនៅតូច នឹងមានការចេះត្រៀមខ្លួន​ដើម្បីទទួលយកការអប់រំ​រយៈពេលវែង រួមទាំងមានឱកាស​ចូលរៀន និងបញ្ចប់​ការសិក្សាកម្រិតបឋមច្រើនទៀតផង។

យោងតាមទិន្នន័យរបស់​នាយកដ្ឋានអប់រំកុមារតូចនៃក្រសួងអប់រំ​ យុវជន និងកីឡា បានលើកឡើងថាក្នុងឆ្នាំ ២០១៦-២០១៧ នេះ​ មានកុមារ​ ២នាក់ក្នុងចំណោម ៥នាក់ក្នុងប្រទេសកម្ពុជា ចាប់ពីអាយុ​ ៣ឆ្នាំ ដល់៥ឆ្នាំ បានចុះឈ្មោះចូលរៀននៅសាលាមត្តេយ្យ។ ទិន្នន័យនេះបង្ហាញឱ្យឃើញពីការកើនឡើងយ៉ាងវិជ្ជមាន​បើប្រៀបធៀបជាមួយឆ្នាំសិក្សា ២០០៨-២០០៩ ដែលមានកុមារតូច​ចន្លោះពី​អាយុ ៣ឆ្នាំ ដល់​ ៥ឆ្នាំ ត្រឹមតែ​ ១នាក់ប៉ុណ្ណោះក្នុងចំណោម ៥នាក់ ដែលបានចុះឈ្មោះចូលរៀន​ថ្នាក់មត្តេយ្យ។

ភាពវិជ្ជមាន​នេះ នឹងជំរុញឱ្យការទទួលបានការអប់រំ​សម្រាប់កុមារតូចៗកាន់តែមានលក្ខណៈប្រសើរឡើង​នៅគ្រប់មជ្ឈដ្ឋាន ហើយវាក៏ជា​គុណសម្បត្តិ​ល្អមួយផងដែរសម្រាប់អនាគតនៃធនធានមនុស្សរបស់កម្ពុជា។ ផ្អែកលើ​ទិន្នន័យដដែលនេះក៏បានបង្ហាញផងដែរថា ខេត្តដែល​មាន​អត្រា​កុមារតូចចូលរៀនថ្នាក់មត្តេយ្យ​ខ្ពស់ជាងគេ​ក្នុងប្រទេសកម្ពុជា គឺមិនមែនរាជធានីភ្នំពេញនោះទេ តែជាខេត្ត​ដែលស្ថិតនៅជាយដែននៃប្រទេសទៅវិញ។

ក្នុងឯកសារ​របស់​នាយកដ្ឋាន​អប់រំកុមារតូច បានបង្ហាញថា ខេត្តស្ទឹងត្រែងមានចំនួនកុមារតូចចូលរៀន​ថ្នាក់​មត្តេយ្យ​ចាប់ពីអាយុ៣ឆ្នាំទៅ មានចំនួន ៧៨% ច្រើនជាង​រាជធានីភ្នំពេញ​ដែលមានចំនួនត្រឹមតែ ៣៥% តែប៉ុណ្ណោះសម្រាប់ឆ្នាំសិក្សា ២០១៦-២0១៧នេះ៕

Advertisement