អាណាព្យាបាល និងយុវជនកម្ពុជាមួយចំនួនស្គាល់ពីជំនាញការងារមិនអស់

ការសិក្សា និងការជ្រើសរើសជំនាញការងារជារឿងចាំបាច់មួយសម្រាប់ជីវិតរបស់យុវជន ព្រោះនៅពេលដែលពួកគេមានក្តីស្រឡាញ់ពិតប្រាកដចំពោះការងារដែលខ្លួនកំពុងធ្វើ ពួកគេនឹងអាចអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯងបានល្អបំផុត។ តែប្រសិនបើពួកគេត្រូវបង្ខំចិត្តឱ្យជ្រើសរើសមុខវិជ្ជាណាមួយដែលខ្លួនមិនពេញចិត្តវិញ ពួកគេប្រាកដជាត្រូវប្រឈមមុខជាមួយបញ្ហាជាច្រើន ជាពិសេសគឺធ្វើការខុសជំនាញ ដែលអាចរាំងស្ទះដល់ដំណើរនៃការអភិវឌ្ឍសមត្ថភាពខ្លួនឯងក្នុងពិភពការងារ។

លោក រិន រ៉ាវុធ អតីតឯកអគ្គរដ្ឋទូតយុវជនរបស់អូស្ត្រាលី និងជាអ្នកនិពន្ធសៀវភៅស្តីពីការជ្រើសរើសជំនាញបានលើកឡើងថា នៅកម្ពុជាដោយសារតែនៅទីជនបទភាគច្រើនមិនសូវសម្បូរអាជីពការងារ ឬស្ថាប័នសំខាន់ៗទៅដល់ អាណាព្យាបាលមួយចំនួនធំមិនបានស្គាល់អំពីជំនាញ និងអាជីពឱ្យបានច្បាស់លាស់នោះទេ កត្តានេះបានធ្វើឱ្យអាណាព្យាបាលទាំងអស់នោះ ចាប់ផ្តើមរុញច្រានកូនៗរបស់ពួកគាត់ ឬទាក់ទាញឱ្យជ្រើសរើសតែអាជីពមួយចំនួនតូចដែលគាត់បានស្គាល់នៅក្នុងសហគមន៍។

លោក រ៉ាវុធ បាននិយាយថា៖ «មានយុវជនខ្លះមានសមត្ថភាពលើផ្នែកស្ថាបត្យកម្ម ឬផ្នែកបច្ចេកទេសជាដើម តែដោយសារតែអាណាព្យាបាលគាត់ស្គាល់តែជំនាញនៅក្នុងសហគមន៍ដូចជាគ្រូពេទ្យ ឬគ្រូបង្រៀនជាដើម គាត់ក៏បានដាក់កំហិតឱ្យកូនរបស់គាត់ចាប់យកអាជីពនោះទាំងសាមីខ្លួនកូនមិនមានទេពកោសល្យ ឬស្រឡាញ់ចូលចិត្តអាជីពទាំងនោះសោះ»។
បញ្ហាដូចដែលបានរៀបរាប់ខាងដើមនេះ អាចរុញច្រានឱ្យយុវជនមួយចំនួនបាត់បង់ឱកាសក្នុងការអភិវឌ្ឍខ្លួនឯង ហើយនិងខកខានក្នុងចាប់យកឱកាសការងារនៅក្នុងសង្គមដែលត្រូវនឹងចំណង់ចំណូលចិត្តរបស់ខ្លួនឯងទៀតផង។

ទន្ទឹមនឹងឥទ្ធិពលរបស់ក្រុមគ្រួសារដែលអាចជះឥទ្ធិពលមិនល្អទៅលើកូនៗនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបង្ហាញផងដែរថា យុវជនកម្ពុជាភាគច្រើនបានសិក្សាតែលើអាជីពគ្រប់គ្រង និងសេវាកម្ម ដែលអាជីពទាំងអស់នេះកំពុងតែលើសតម្រូវការរបស់សង្គម ហើយបែរជាមិនចាប់អារម្មណ៍ជំនាញបច្ចេកទេសផ្សេងៗដែលសង្គមកំពុងត្រូវការទៅវិញ។ ជំនាញអាជីពជាច្រើននៅក្នុងសាកលវិទ្យាល័យមួយចំនួន និងត្រូវជាមួយនឹងសមត្ថភាពរបស់យុវជនផងនោះ ត្រូវបានពួកគេមើលរំលង ឬមិនជ្រើសរើសយកវា ព្រោះពួកគេសម្លឹងមើលឃើញតែជ្រុងមួយនៃការងារដែលសម្បូរមនុស្សរៀន និងចាប់យកតែការងារមួយចំនួនដែលពួកគេធ្លាប់ស្គាល់តែប៉ុណ្ណោះ ហើយមិនព្រមព្យាយាមស្វែងយល់ពីអាជីពដទៃទៀតដែលមានលក្ខណៈពិសេសផ្សេងពីគ្នាឡើយ។

ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែមានការអប់រំផ្សព្វផ្សាយពីទីភ្នាក់ងារជាតិមុខរបរ និងការងារ រួមទាំងក្រសួងអប់រំ យុវជន និងកីឡាផងនោះ យុវជនមួយចំនួនចាប់ផ្តើមស្គាល់ពីជំនាញដែលមានគុណតម្លៃសម្រាប់ខ្លួនឯង និងសង្គមកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ តែទោះបីជាយ៉ាងនេះក្តី ក៏វិសមភាពនៃការជ្រើសរើសជំនាញនាពេលបច្ចុប្បន្ន កំពុងស្ថិតក្នុងស្ថានភាពគួរឱ្យព្រួយបារម្ភដែរ៕

Advertisement