វិស័យ​មនុស្សសាស្ត្រ និង​សង្គមសាស្ត្រ កំពុងស្ថិត​ក្នុង​ចំណាប់អារម្មណ៍​របស់​គ្រឹះស្ថាន​អប់រំធំៗ

វិស័យ​មនុស្សសាស្ត្រ និង​សង្គមសាស្ត្រជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុង​ការជំរុញឱ្យ​សង្គម​មួយ​អាច​អភិវឌ្ឍ​ទៅបាន​ប្រកប-ដោយ​គុណភាព សីលធម៌ និងគុណ​តម្លៃ​ខ្ពស់​ដែល​អាច​រុញច្រាន​ឱ្យ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងប្រទេស​កាន់តែ​មាន​ល​ក្ខ​ណៈ​ល្អប្រសើរ​ឡើង។ វិស័យ​ដ៏​មាន​សារៈសំខាន់​នេះ អាច​បំបែកចេញ​ជា​មែកធាង​ជាច្រើន​ដែល​នឹង​បម្រើឱ្យ​វិស័យ​សង្គម ការធ្វើ​អាជីវកម្ម និង​ការធ្វើការងារ​លើ​គ្រប់​វិស័យ។

ដោយ​មើលឃើញ​ពី​សារៈសំខាន់​នៃ​វិស័យ​មនុស្សសាស្ត្រ និង​សង្គមសាស្ត្រ​នេះ គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សាធំៗនៅ​កម្ពុជា​ចំនួន 3 ដែលមាន​ដូចជា សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​វិទ្យាស្ថាន​ជាតិ​អប់រំ បានរួម​គ្បង្កើត​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដ៏​សំខាន់​មួយ​ដើម្បី​ពង្រឹង​ដល់​ការអភិវឌ្ឍ​វិស័យ​មនុស្សសាស្ត្រ និង​សង្គមសាស្ត្រ​នៅ​កម្ពុជា។

រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថា សកម្មភាព​នៃ​ការព្រមព្រៀង​គ្នា​បង្កើត​ម​ជ្ឈ​មណ្ឌល​ស្រាវជ្រាវ​អន្តរគ្រឹះ​ស្ថាន​ឧ​ត្ត​មសិ​ក្សា​នេះ នឹង​ជំរុញឱ្យមាន​កិច្ចសហការ​កាន់តែ​ប្រសើរ​ឡើងលើ​ការសិក្សា​ស្រាវជ្រាវ​របស់​និស្សិត​នៅ​កម្ពុជា។ ទន្ទឹមនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា យកចិត្តទុកដាក់​ក្នុងការ​ជំរុញ​ផ្នែក​វិទ្យាសាស្ត្រ​ពិត ដោយ​ការធ្វើសកម្មភាព​ផ្សព្វផ្សាយ និង​បង្កើត​សម្ភារ​បរិក្ខារទំនើបៗដល់​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​សាលា​នានា​នៅ​ទូទាំងប្រទេស​ហើយ​នោះ ក្រសួង​ក៏បាន​យកចិត្តទុកដាក់​ផងដែរ​លើ​ជំនាញ​ដែល​ទាក់ទង​នឹង​វិទ្យា​សាស្រ្តសង្គម។

ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន មានប្រសាសន៍ថា៖“កម្ពុជា​ក៏ត្រូវ​ការ​ផងដែរ​នូវ​អ្នកឯកទេស​ខាង​វិទ្យាសាស្ត្រ​សង្គម ដូចជា​អ្នក​អក្សរសិល្ប៍ ភាសា ទស្សន​វិទ្យា និង​ភូមិវិទ្យា ជាដើម ដែល​អាច​ផ្ដល់​សញ្ញា​វិជ្ជមាន​លើ​ការលើកកម្ពស់​អត្តសញ្ញាណ និង​វប្បធម៌​ជាតិ”។

ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​អប់រំ បានលើកឡើង​ផងដែរ​ថា ប្រទេស​យើង​មិនទាន់មាន​អ្នកស្រាវជ្រាវ​ផ្នែក​សង្គមសាស្ត្រ​ច្រើន​នៅឡើយ ហេតុនេះ​ការលើកទឹកចិត្ត​ឱ្យ​សិស្ស-និស្សិត​សិក្សា​ផ្នែក​សង្គមសាស្ត្រ​ក៏​ជា​ចំណុច​សំខាន់​មួយ​ក្នុងការ​ពង្រឹងគុណភាព​នៃ​ចំណេះដឹង​នៅក្នុង​ប្រទេស និង​អាច​ឈានទៅ​បន្ត​ការសិក្សា​នៅក្រៅ​ប្រទេស​ថែមទៀត។

ការសិក្សា​ផ្នែក​សង្គមវិទ្យា ចាំបាច់​ត្រូវ​ដើរ​ទន្ទឹមគ្នា​នឹង​ការសិក្សា​ផ្នែក​វិទ្យាសាស្ត្រ ព្រោះ​ស្រប​ពេលដែល​សង្គម​ត្រូវការ​អ្នកជំនាញ​ក្នុង​ការធ្វើ​នវានុវត្តន៍ និង​ការបម្រើ​ការងារ​ក្នុង​វិស័យ​ឧស្សាហកម្ម ប្រទេសនីមួយៗចាំបាច់​ផងដែរ​នូវ​អ្នកជំនាញ​ដែលមាន​ការយល់ដឹង​ខ្ពស់​ពី​អត្តសញ្ញាណ​របស់​ជាតិ រួមទាំង​អ្នកជំនាញ​ដែល​អាចជា​ជំនួយ​យ៉ាងសំខាន់​ដល់​អ្នកវិទ្យាសាស្ត្រ។

អ្នក​សង្គមសាស្ត្រ​អាចជា​អ្នក​កត់ត្រា​នូវ​ក្បួនខ្នាត​ដ៏​សំខាន់​សម្រាប់​ដំណើរ​វិវឌ្ឍន៍​របស់​ស​ង្គ​មអ្នកសិក្សា ឬ​វិភាគ​ពី​ទីតាំង​ភូមិសាស្ត្រ កត្តា​ប្រជាសាស្ត្រ សិក្សា​ទីផ្សារ និង​តម្រូវការ​របស់​ប្រជាជន រួមទាំង​ជា​អ្នក​ដែល​អាចធ្វើ​ការងារ​ទាំង​ឡាយ​ណា​ដែល​ម៉ាស៊ីន​ភាគច្រើន​មិនអាច​ធ្វើបាន។ នៅពេល​សង្គម​មួយ​សម្បូរ​ទៅដោយ​អ្នក​សង្គមសាស្ត្រ នោះ​អ្នកវិទ្យាសាស្ត្រ​នឹងមាន​ភាពងាយស្រួល​ខ្លាំង​ក្នុង​ការស្វែងរក​អ្នក​ប្រឹក្សា​យោបល់​ដើម្បី​បង្កើត​ផលិតផល​ឱ្យ​ត្រូវ​នឹង​តម្រូវការ​ជាក់ស្តែង និង​ស្ថានភាព​ទូទៅ​របស់​ប្រជាជន​នៅ​គ្រប់​ទីកន្លែង៕

Advertisement