LG នឹងបង្ហាញស្មាតហ្វូនថ្មីស្ទើរគ្មានគែម និងថ្មមានថាមពលខ្លាំង

ក្រោយដាក់ចេញនូវទូរស័ព្ទ LG G6 ជាមួយការប្រើប្រាស់នូវបន្ទះឈីប Snapdragon 821 និងជាស្មាតហ្វូនដែលស្ទើរតែគ្មានគែមជាលើកដំបូងហើយនោះ ថ្មីៗនេះមានលេចឮដំណឹងមកថា ក្រុមហ៊ុននឹងត្រៀមបង្ហាញខ្លួនស្មាតហ្វូនថ្មីមួយទៀតដែលមានរាងកាន់តែស្រស់ស្អាត ហើយមានការរចនាផ្ទៃខាងមុខស្ទើរតែគ្មានសល់គែម និងមានថាមពលថ្មធំខ្លាំងរហូតដល់ទៅ 5500 mAh។

តាមប្រភពដែលបានចុះផ្សាយ បានឱ្យដឹងថា ក្រុមហ៊ុន LG នឹងធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាមួយនឹងស្មាតហ្វូនស៊េរីថ្មី ដែលវានឹងក្លាយជាស្មាតហ្វូនដ៏អស្ចារ្យបំផុតសម្រាប់ឆ្នាំ 2017នេះ និងក៏ជាស្មាតហ្វូនដំបូងរបស់ខ្លួនដែលប្រើបន្ទះឈីប Snapdragon 835។ ទូរស័ព្ទថ្មីនោះ ត្រូវបានគេបង្ហើបឱ្យដឹងថាជា LG V30 ត្រូវបានរចនាឡើងដោយក្រុម DBS Designing ដែលមានរាងលំនាំដូច LG G6 ប៉ុន្តែវាមានទំហំអេក្រង់លាតសន្ធឹងពេញផ្ទៃខាងមុខនៅសល់គែមកាន់តែស្តើងបំផុត ដូចនឹង Galaxy S8 ដែរ។

ទូរស័ព្ទ V30 នឹងត្រូវបំពាក់ជាមួយនឹងអេក្រង់ទំហំ 5.8 អ៊ីញ ប្រភេទ OLED Display មាន Aspect ratio 18:9 កម្រិតបង្ហាញ QHD ហើយនៅតែរក្សាកូនអេក្រង់តូចមួយនៅផ្នែកខាងលើដដែល។ ក្នុងនោះ វានឹងបំពាក់នូវកាមេរ៉ាភ្លោះ ដោយខាងក្រោយអាចមានទំហំ 13MP ហើយខាងមុខមានទំហំ 8.0MP ហើយមាន Ram ទំហំ 6GB ជាមួយអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនស្រាប់ 128GB។ LG V30 នឹងភ្ជាប់មកជាមួយនូវប្រព័ន្ធប្រតិបត្តិការ Android O ជាមួយមុខងារ Daydream និងបច្ចេកវិទ្យាការពារជ្រាបទឹកផងដែរ។ យ៉ាងណាមិញ ព័ត៌មាននេះ នៅមិនទាន់ដឹងថ្ងៃច្បាស់លាស់នៅឡើយទេ ប៉ុន្តែក៏នៅមិនយូរទៀតដែរ៕

Advertisement