ហង់ ភូមិរ៉ា បង្រៀនសិល្បៈបុរាណ ព្រោះចង់ឱ្យយុវជនស្រឡាញ់វប្បធម៌ពិតប្រាកដ

មរតកវប្បធម៌ ជាពិសេសល្ខោនខោល របាំបុរាណខ្មែរ របាំប្រជាប្រិយ ឬរបាំប្រពៃណីជាដើម ជាដួងព្រលឹងសំខាន់របស់ជាតិ ហើយវាក៏បង្ហាញផងដែរ នូវអត្តសញ្ញាណជាតិទៅកាន់ពិភពលោក។ មនុស្សគ្រប់គ្នាសុទ្ធតែបានដឹងថា សិល្បៈបុរាណមានសារៈសំខាន់ តែសម្ទុះនៃការគាំទ្រនៅមានកម្រិតនៅឡើយ ហើយការអនុវត្តទៀតសោតក៏បានត្រឹមតែបង្ហាញឱ្យឃើញតែរូបភាពខាងក្រៅ មិនបានស៊ីជម្រៅ និងបញ្ជាក់ឱ្យឃើញពីសកម្មភាពជាក់ស្តែងនោះឡើយ។

នៅសប្តាហ៍នេះ ឡារ៉ែន ពាណិជ្ជ បានជួបសម្ភាសជាមួយនឹងលោក ហង់ ភូមិរ៉ា ដែលគ្រប់គ្នាស្គាល់ថា លូលូ នាដកសិល្បៈខ្មែរបុរាណ ដើម្បីបង្ហាញពីភាពសំខាន់ៗមួយចំនួននៃសិល្បៈខ្មែរ រួមជាមួយនឹងគម្រោងរបស់លោកដែលបើកបង្រៀនវគ្គល្ខោនខោល របាំបុរាណខ្មែរ របាំប្រជាប្រិយ និងរបាំប្រពៃណី ដល់ប្រជាជនគ្រប់រូបដោយឥតគិតថ្លៃ។

១. លោកយល់ថា សិល្បៈវប្បធម៌ខ្មែរសំខាន់ប៉ុនណាសម្រាប់សង្គម?
សិល្បៈវប្បធម៌ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសសម្រាប់ជាតិទាំងមូល ព្រោះវប្បធម៌គឺតំណាងឱ្យជាតិ ហើយពិភពលោកអាចស្គាល់យើងថា ជាខ្មែរគឺតាមរយៈសម្បត្តិវប្បធម៌នេះឯង។ យើងមានមរតកវប្បធម៌យ៉ាងល្អពិសិដ្ឋ ជាពិសេសសិល្បៈប្រកបដោយគុណតម្លៃ និងនិយមន័យជ្រាលជ្រៅដែលអាចបង្ហាញឱ្យពិភពលោកស្ងើចសរសើរបាន។ ពិភពលោកនឹងស្គាល់ខ្មែរច្បាស់ប្រសិនបើយើងរួមគ្នាបង្ហាញ គាំទ្រ និងផ្តល់តម្លៃដល់សិល្បៈបុរាណរបស់យើងគ្រប់ទម្រង់ឱ្យបានច្រើន។ ហេតុនេះហើយទើបខ្ញុំខិតខំបង្កើតកម្មវិធីសិល្បៈបុរាណ រួមទាំងការបង្រៀននានាដើម្បីឱ្យពិភពលោកបានស្គាល់សិល្បៈខ្មែរយើង។

២. តើការបង្កើតកម្មវិធីបង្រៀនសិល្បៈបុរាណដោយមិនយកប្រាក់នេះ តើលោកមានគម្រោងតាំងពីពេលណា? ហើយកត្តាអ្វីខ្លះដែលជំរុញលោកឱ្យបង្កើតកម្មវិធីនេះ?
តាមពិតទៅខ្ញុំមានគម្រោងបង្កើតកម្មវិធីបង្រៀនសិល្បៈបុរាណនេះយូរហើយ គ្រាន់តែពិបាករកកន្លែងបង្រៀន នៅពេលនេះយើងមានកន្លែងហើយ គឺខាងសាលាស៊ីសុវត្ថិគាត់បានផ្តល់ទីតាំងឱ្យយើងសម្រាប់បង្រៀន។ ហើយបើនិយាយពីកត្តាជំរុញមានច្រើន តែអ្វីដែលចម្បងគឺ បើយើងជាសិល្បៈករមិនចាប់ផ្តើមធ្វើ តើអ្នកណាធ្វើ? ពេលខ្លះទោះបីជាក្រុមរបស់ខ្ញុំមិនមានលុយមានកាក់ច្រើនមែន តែយើងត្រូវតែចាប់ផ្តើមធ្វើដើម្បីឱ្យយុវជនយើងដែលស្រឡាញ់សិល្បៈគាត់បានរៀន ហើយក៏អាចជំរុញឱ្យគាត់ស្រឡាញ់សិល្បៈវប្បធម៌យើងកាន់តែច្រើនដែរ។ ពេលខ្លះត្រូវតស៊ូបង្រៀន និងរៀននៅក្រោមថ្ងៃក្តៅ ឬក្រោមដើមឈើ តែទឹកចិត្តនៃការស្រឡាញ់វប្បធម៌ បានជំរុញឱ្យយើងខំដោយមិនខ្លាចនឿយហត់ ក្នុងក្តីសង្ឃឹមមួយថា មរតកវប្បធម៌របស់យើងនឹងអាចទទួលបានការគាំទ្រកាន់តែច្រើនពីសំណាក់យុវជន និងមនុស្សគ្រប់គ្នាក្នុងសង្គម។

៣. តើលោកមើលឃើញថា ការគាំទ្ររបស់យុវជនចំពោះសិល្បៈវប្បធម៌ខ្មែរមានកម្រិតប្រសើរហើយឬនៅ?
តាមពិតយើងឃើញមានការគាំទ្រច្រើនគួរសម តែចំនួននៃអ្នកគាំទ្រពិតប្រាកនៅមានកម្រិតនៅឡើយ ព្រោះមានមនុស្សមួយចំនួនគាំទ្របានតែមាត់ប៉ុណ្ណោះ។ ដូចយើងទាំងអស់គ្នាបានឃើញហើយក្នុងសង្គម មានអ្នកខ្លះនិយាយថា គាំទ្រសិល្បៈវប្បធម៌ខ្មែរ បង្ហោះក្នុង Facebook ថាស្រឡាញ់សិល្បៈខ្មែរ តែមិនដែលចូលរួមគាំទ្រឱ្យបានពិតប្រាកដតាមរយៈការចូលទស្សនាសិល្បៈវប្បធម៌ខ្លួនឯងឡើយ ហើយមានខ្លះទៀតមិនទាំងស្គាល់ទម្រង់សិល្បៈខ្មែរផង។ ជាក់ស្តែងគ្រប់គ្នានិយាយថាស្រឡាញ់សិល្បៈបុរាណខ្មែរ តែខែចូលឆ្នាំថ្មីៗនេះមិនសូវឃើញមានការរាំរបាំប្រពៃណីខ្មែរនោះទេ ភាគច្រើនឃើញតែសិល្បៈបែបបែកស្លុយទៅវិញ។

៤. សិល្បៈគេត្រូវការអភិរក្ស និងអភិវឌ្ឍន៍ តើការអភិវឌ្ឍបែបណាដែលលោកគិតថាជាការអភិវឌ្ឍត្រឹមត្រូវសម្រាប់ទម្រង់សិល្បៈវប្បធម៌ខ្មែរ?
ពិតណាស់ អភិរក្ស និងអភិវឌ្ឍន៍ ត្រូវដើរទន្ទឹមគ្នា តែគោលដៅនៃការអភិវឌ្ឍសិល្បៈវប្បធម៌ខ្មែរ គឺដើម្បីអភិរក្ស។ ការអភិវឌ្ឍសិល្បៈវប្បធម៌ខ្មែរមិនមែនបង្កើតទម្រង់សិល្បៈថ្មីនោះទេ តែយើងត្រូវចេះកែច្នៃនូវអ្វីដែលយើងមានឱ្យកាន់តែទាក់ទាញ។ ជាឧទាហរណ៍ យើងបង្កើតឆាកល្ខោនខោលឱ្យកាន់តែមានសោភ័ណភាព និងទំនើបឡើង ដូចជាឈុតហោះ ឱ្យហោះចូលព្រៃមែនទែនដើម្បីបង្កើតទស្សនីយភាពឱ្យកាន់តែរស់រវើក និងជាការគាស់រំឭកឡើងវិញនូវសិល្បៈបុរាណឱ្យកូនខ្មែរសម័យថ្មីបានស្គាល់ផងដែរ៕

Advertisement