ឧកញ៉ាបណ្ឌិត ដេវិដ ឆាណាយវ៉ា ផ្ដល់ឱកាសសិក្សាដល់សិស្សស្ថិតនៅស្រុកខ្សាច់កណ្ដាលតាមរយៈបណ្ណាល័យ

ដើម្បីចូលរួមចំណែកក្នុងកិច្ចការសង្គម ក៏ដូចជួយជំរុញវិស័យអប់រំឱ្យមានការរីកចម្រើនលោកឧកញ៉ាបណ្ឌិត ដេវិដ ឆាណាយវ៉ា បានចូលរួមកសាងបណ្ណាល័យ នៅក្នុងវត្ដសុវណ្ណមរកត ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំកំពង់ចម្លង ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល។

បណ្ណាល័យនេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី28 ខែឧសភា ឆ្នាំ2017។ ពិធីនេះត្រូវបានចូលរួមស្វាគមន៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋជាច្រើននាក់។

លោកឧកញ៉ាបណ្ឌិត ដេវិដ ឆាណាយវ៉ា បានបញ្ជាក់ថា ការជួយកសាងបណ្ណាល័យនេះគឺលោកពុំចង់បានអ្វីតបស្នងមកវិញទេ គ្រាន់តែចង់ផ្ដល់ឱកាសដល់សិស្សានុសិស្សនៅក្នុងតំបន់នោះឱ្យមានឱកាសបានសិក្សាស្រាវជ្រាវដូចអ្នកសិក្សានៅភ្នំពេញដែរតែប៉ុណ្ណោះ។ ក្នុងនោះលោកក៏បានបំពាក់នូវកុំព្យូទ័រ និងអ៊ីនធើណេតដែលអាចឱ្យសិស្សានុសិស្សស្រាវជ្រាវបាន 24ម៉ោង។

លោកឧកញ៉ាបណ្ឌិតបានបន្ដថា មូលហេតុដែលលោកជួយទៅលើបណ្ណាល័យ ព្រោះលោកយល់ថា ការជួយទៅលើសាលារៀនពីសប្បុរសជននានាឃើញថាមានច្រើនហើយ ដូច្នេះបណ្ណាល័យត្រូវដើរទៅទន្ទឹមនឹងសាលារៀន។ មានសាលាត្រូវតែមានបណ្ណាល័យទើបសមស្របទៅនឹងស្ដង់ដារអប់រំ។

គួរបញ្ជាក់ថា បណ្ណាល័យនេះត្រូវបានកសាងឡើងដោយចំណាយថវិកាក្នុងរង្វង់ជាង 3ម៉ឺនដុល្លារ និងថែមទាំងត្រូវបានបំពាក់ដោយសម្ភារសិក្សាយ៉ាងសម្បូរបែបទៀតផង៕

Advertisement