Nova ស្មាតហ្វូនកាមេរ៉ាភ្លោះរបស់ Huawei មានរូបរាងសឹងតែចាប់ច្រឡំនឹង iPhone 7 Plus

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បានបញ្ចេញស្មាតហ្វូន 2 ស៊េរីទៀតបំពាក់កាមេរ៉ាភ្លោះ មានរូបរាងស្ទើរតែចាប់ច្រឡំនឹងទូរស័ព្ទ iPhone 7 Plus របស់ក្រុមហ៊ុន Apple ។ វាទាំង 2 មានរូបរាងដូចគ្នា ខុសតែទំហំអេក្រង់ ដោយមួយមានទំហំអេក្រង់ 5អ៊ីញ និងមួយទៀតទំហំអេក្រង់ 5.5អ៊ីញ។

Huawei Nova 2 និង Nova 2 Plus មានតួម៉ាស៊ីនទាំងមូលស្រោបការពារដោយលោហធាតុ មើលទៅស្អាតប្រណីត ដោយផ្នែកខាងមុខមិនមានប៊ូតុងចុចបញ្ជាអ្វីទាំងអស់ ខណៈប៊ូតុង Power និងសំឡេងស្ថិតនៅផ្នែកខាងស្ដាំ ហើយសេនស័រស្គែនក្រយៅដៃមាននៅផ្នែកខាងក្រោយ។ ទូរស័ព្ទទាំង 2 នេះ ប្រើ CPU ដែលក្រុមហ៊ុនបង្កើតផ្ទាល់ដូចគ្នាគឺ HiSilicon Kirin 659 ជាប្រភេទ Octa-Core មានល្បឿន 2.36GHz និងមាន RAM ទំហំ 4GB មាន GPU ជាប្រភេទ Mali-T830 MP2 ។

ចំណុចលេចធ្លោសម្រាប់ស្មាតហ្វូនមួយនេះ គឺកាមេរ៉ាមុខទំហំ 20MP និងក្រោយភ្លោះ ដោយមួយមានទំហំ 12MP ហើយមួយទៀតទំហំ 8MP ដែលក្រុមហ៊ុនបញ្ជាក់ថា វាអាចថតរូបបានយ៉ាងច្បាស់ និងស្អាតល្អ ទោះជាធ្វើការពង្រីក (Zoom) ក៏នៅតែច្បាស់ដែរ ហើយវាមានកម្រិត Aperture f/1.8 ដែលអាចថតរូបនៅក្នុងកន្លែងស្ទើរពន្លឺបានច្បាស់ល្អគួរសមទៀតផង។ វាទាំង 2 ដំណើរការដោយប្រព័ន្ធ Android Nougat ជំនាន់ 7.0 ចេញពីប្រអប់ និងស្រោបផ្ទាំងប្រើប្រាស់ EMUI 5.1 របស់ Huawei ហើយកម្លាំងថ្ម 2950mAh សម្រាប់ Nova 2 និងដល់ទៅ 3340mAh សម្រាប់ Nova 2 Plus៕

Advertisement