ការវិនិយោគលើកុមារតូចអាយុក្រោម 6ឆ្នាំ ពិតជាចំណេញខ្លាំងសម្រាប់ថ្ងៃអនាគត

ការអប់រំ​ និងអភិវឌ្ឍ​លើកុមារតូចជាចំណុចអាទិភាពមិនអាចខ្វះបានសម្រាប់​ជីវិតកូនៗជាទីស្រឡាញ់របស់អាណាព្យាបាលគ្រប់រូប ព្រោះកាលណាកុមារទទួលបានការបណ្តុះបណ្តាលល្អទាំងផ្នែក​ផ្លូវចិត្ត ផ្លូវកាយ ​និងចំណេះដឹងនោះ ​កុមារ​នឹងមានថាមពលខ្លាំងក្លាដើម្បីក្លាយជាមនុស្សរឹងមាំអាចសម្រេចគោលដៅបានល្អនៅថ្ងៃអនាគត។ តែជាទូទៅ អាណាព្យាបាលមួយចំនួន​ហាក់មើលរំលង​ដំណាក់កាល​នេះ ដោយការសន្សំលុយទុកសម្រាប់ពួកគេធំឡើងទៅវិញ។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា​ លោកជំទាវ គឹម សេដ្ឋានី បានលើកឡើងថាកុមារតូចសំដៅលើ​កុមារ​ទើបនឹងកើតរហូតដល់​អាយុ 6ឆ្នាំ​។ វ័យនេះជាវ័យដែលមានការរីកលូតលាស់​ផ្នែកខួរក្បាល​ឆាប់រហ័សជាងមនុស្សធំដល់ទៅ 2ដងហេតុនេះអាណាព្យាបាល​ចាំបាច់ត្រូវយកចិត្តទុកដាក់​ឱ្យបានខ្លាំងក្លាបំផុតទាំងផ្នែក​អាហារសុខភាពការអប់រំ និង​ការគាំពារពីគ្រោះថ្នាក់នៃអំពើហិង្សា។ លោកជំទាវបានបន្ថែមថា តាមការស្រាវជ្រាវបញ្ជាក់ថា ប្រសិនបើយើងវិនិយោគ​លើកុមារតូច​ 1ដុល្លារ នៅថ្ងៃនេះ​ នៅពេលគេធំពេញវ័យនឹងអាច​ទទួលបានប្រាក់ចូលសង្គមចន្លោះពី 7ដុល្លារ ដល់14ដុល្លារវិញ អាស្រ័យ​លើសេដ្ឋកិច្ចសង្គម​ដែលពួកគេរស់នៅ។ ហេតុនេះ​ការវិនិយោគ​លើកុមារ​តូចច្រើន​ អាចនឹងទទួលបានផល​តបស្នងច្រើនជាងវ័យផ្សេងទៀត។

លោកជំទាវ គឹម សេដ្ឋានី បាននិយាយថា៖ “​ការអប់រំកុមារតូចវ័យមុនអាយុ 6ឆ្នាំ អាចជួយឱ្យកុមារ​ចាប់ផ្តើមមានភាពរឹងមាំ និង​មានបំណិន​ជីវិតល្អមុនពេលពួកគេ​ចូលសិក្សាថ្នាក់ទី1។ បើក្មេងទទួលបានការអប់រំពីឪពុកម្តាយ និងមត្តេយ្យសិក្សាបានល្អ គេនឹងមិនរត់ចោលសាលានោះទេនៅពេលពួកគេចូលរៀន​ថ្នាក់បឋមសិក្សា ខុសពីកុមារខ្លះដែលលំបាករៀនខ្លាំងពេក​រហូតចង់រត់ចោលសាលាក៏មាន”។

លោកជំទាវរដ្ឋលេខាធិការបានលើកឡើងផងដែរថា ការអប់រំ​កុមារតូចក៏អាច​ជួយដល់អាណាព្យាបាលច្រើនផងដែរជាពិសេសអ្នកម្តាយ។ កាលពីមុន​ កូនតូចៗត្រូវតែនៅជាប់ជាមួយនឹងម្តាយដែលធ្វើឱ្យគាត់បាត់បង់ឱកាសក្នុងការស្វែងរកចំណូល សម្រាប់អ្នកធ្វើការងារ និង​អាជីវកម្មមួយចំនួន។ ហេតុនេះ​នៅពេលគាត់ផ្តល់ឱកាសដល់​កុមារតូចក្នុងការអប់រំត្រឹមត្រូវ ម្តាយអាចនឹងមានពេលដើម្បី​រួមចំណែកជាមួយ​ស្វាមីគាត់ក្នុងការបង្កើនចំណូលសម្រាប់គ្រួសារបន្ថែមទៀត។ លោកជំទាវបញ្ជាក់ផងដែរថា កាលពី 10ឆ្នាំមុន​ប្រជាជនយើងមិនសូវយកចិត្តទុកដាក់​លើការអប់រំកុមារតូចនោះទេ គឺវិនិយោគច្រើន​លើកុមារដែលចូលរៀនចាប់ពីថ្នាក់ទី1ឡើងទៅ តែក្រោយពេល​គេសិក្សាយូរទៅទើបមើលឃើញពីចំណុចខ្វះចន្លោះច្រើន​ដែលទាមទារឱ្យមានការខិតខំប្រឹងប្រែងខ្លាំងដើម្បីក្លាយជាធនធានមនុស្សមានសក្តានុពល។ អាណាព្យាបាល​គួរ​ផ្តល់ការវិនិយោគច្រើនលើកុមារតូច ដើម្បីផ្តល់មូលដ្ឋានគ្រឹះរឹងមាំសម្រាប់​ពួកគេ​ កុំចាំសន្សំលុយ​ផ្គត់ផ្គង់តែនៅពេលពួកគេធំឡើង។ នៅពេលកុមារតូចមានមូលដ្ឋានគ្រឹះរឹងមាំ​ទាំងផ្នែកបញ្ញាស្មារតី និងរាងកាយ ពួកគេនឹងមានភាពឈ្លាសវៃ ហើយមានសមត្ថភាពខ្លាំងជាងក្មេងដែលមិនទទួលបានការបណ្តុះបណ្តាល​នៅមត្តេយ្យសិក្សា។

លោកស្រី គឹម សុជាតា​ នាយិកាសាលាអន្តរជាតិសាស្តាបានលើកឡើងថា កុមារតូចជាវ័យសំខាន់បំផុត ព្រោះវ័យនេះជាវ័យចាប់ផ្តើម​អ្វីគ្រប់យ៉ាងសម្រាប់អនាគតពួកគេ។ នៅពេលពួកគេ​មានការចាប់ផ្តើមល្អ ធំឡើងគេក៏នឹងមានភាពងាយស្រួលក្នុងការអភិវឌ្ឍសមត្ថភាពផងដែរ តែប្រសិនបើពួកគេ​មានសុខភាពមិនល្អ នោះខួរក្បាលក៏នឹងមិនអាចរីកលូតលាស់បានល្អ ដែលអាចធ្វើឱ្យគេក្លាយជាមនុស្សពិបាកអប់រំនៅថ្ងៃក្រោយ ឬក្លាយជាមនុស្សទន់ខ្សោយជាដើម។ ហេតុនេះ​អាណាព្យាបាលគួរវិនិយោគ​លើការអប់រំ កូនតូច​ឱ្យបានច្រើន ល្អជាង​ការព្យាយាមព្យាបាល​ និងជួសជុល​បញ្ហានៅពេលគេធំទៅហើយនោះ។

លោកស្រី គឹម សុជាតា បាននិយាយថា៖ “​មនុស្សជាច្រើន គិតថា​កុមារតូចៗមិនទាន់​យល់ពីអ្វីដែលមនុស្សធំ​បង្រៀននោះទេ តែតាមពិត​កុមារ​ចាប់ផ្តើមទទួលចំណេះដឹងតាំងពីវ័យតូចៗបំផុតហេតុនេះ​ការថែទាំសុខភាព និងបង្រៀន​ដោយអ្នកជំនាញ អាចជំរុញពួកគេឱ្យក្លាយជាមនុស្សមានទម្លាប់ល្អ និង​ក្លាយជាមនុស្សមានភាពទទួលខុសត្រូវជាដើម”។

លោកស្រី គឹម សុជាតា បានលើកឡើងថាកុមារវ័យចាប់ពី 2-3ឆ្នាំទៅ ជាវ័យដែលកំពុងរីកលូតលាស់ខ្លាំង និងជាវ័យដែលត្រូវប្រុងប្រយ័ត្ន ហេតុនេះ​ដើម្បី​ធានាថា ពួកគេអាចក្លាយជាមនុស្សល្អបាននៅថ្ងៃអនាគត អាណាព្យាបាល​ក៏ចាំបាច់ត្រូវ​សិក្សាផងដែរពីជំនាញ​ក្នុងភាពជាអាណាព្យាបាល ដើម្បី​ជួយ​អប់រំពួកគេ​ទាំងនៅសាលា និងនៅ​ក្នុងគ្រួសារឱ្យទទួលបានភាពកក់ក្តៅ ហើយកាត់បន្ថយ​ផលអវិជ្ជមាននានាដែលកើតលើកុមារ។ នៅពេលកុមាររស់នៅក្នុងបរិស្ថាន​ល្អប្រសើរ គេ​នឹងអាចអភិវឌ្ឍ​បានយ៉ាងប្រសើរ​ដើម្បីក្លាយជាមនុស្សល្អម្នាក់ និង​បង្កើតមោទនភាពសម្រាប់អាណាព្យាបាល៕

Advertisement