ជាប់បាក់ឌុបហើយ ចង់រៀនមហាវិទ្យាល័យ តែអត់លុយ ត្រូវធ្វើម៉េច?

ក្រោយបញ្ចប់ការសិក្សានៅវិទ្យាល័យ ការឈានជើងចូលមហាវិទ្យាល័យជាដំណាក់កាលដ៏សំខាន់មួយសម្រាប់​សិស្សគ្រប់គ្នា ព្រោះវាជាជំហានដំបូងមួយក្នុងការ​ដណ្តើមយកជយលាភីសម្រាប់ជីវិត។ ដើម្បីក្លាយជាមនុស្សដែលមានចំណេះដឹង និងអាជីពច្បាស់លាស់មួយ គ្រឹះស្ថានឧត្តមសិក្សាគឺជាផ្លូវដែលមិនអាចខ្វះបានសម្រាប់និស្សិតភាគច្រើននៅកម្ពុជា មានសិស្សមិនតិចទេដែល​ស្រមៃចង់ក្លាយខ្លួនជានិស្សិតមហាវិទ្យាល័យ តែមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បី​បង់ថ្លៃសិក្សា និងរៀនសូត្រដូចគេ។

លោក ទីន សុខលីម និស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែករដ្ឋបាលសាធារណៈនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច​ និងជាស្ថាបនិកនៃក្រុមយុវជនស្ម័គ្រចិត្តដើម្បីការ-អភិវឌ្ឍសង្គម (YVSD) ដែលធ្វើការងារលើការអភិវឌ្ឍយុវជន បានចែករំលែកបទពិសោធថា សិស្សក្រី-ក្រដែលមិនមានថវិកាច្រើនក៏អាចមានសង្ឃឹមក្នុងការសិក្សានៅមហាវិទ្យាល័យបានដែរ ព្រោះមានវិធីជាច្រើនដែលអាចធ្វើឱ្យពួកគេសម្រេចក្តីស្រមៃនេះបាន។ ចំណុចទី1 គឺ ចាំបាច់ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនឯងឱ្យខ្លាំង ដើម្បីប្រឡងឱ្យជាប់អាហារូបករណ៍រដ្ឋនៅតាមសាកលវិទ្យាល័យផ្សេងៗ។ ក្រៅពីនេះ ក៏មានសាកលវិទ្យាល័យឯកជនជាច្រើនផ្សេងទៀតដែរដែលបើកឱកាសសម្រាប់សិស្សពូកែ ដែលមិនមានលទ្ធភាពគ្រប់គ្រាន់ បានចូលរៀននូវមុខវិជ្ជាដែលខ្លួននឹកស្រមៃចង់ចាប់យកធ្វើជាអាជីពនៅថ្ងៃអនាគតផងដែរ។

លោក ទីន សុខលីម បាននិយាយថា៖ “វិធីសំខាន់មួយទៀតដែលអាចឱ្យសិស្សក្រីក្របន្តការសិក្សាបាន គឺធ្វើការបណ្តើរ រៀនបណ្តើរ។ ការធ្វើបែបនេះអាចធ្វើឱ្យយើងទទួលបានថវិកាខ្លះដើម្បីផ្គត់ផ្គង់ដល់ការរៀនសូត្រ”។

លោក​ សុខលីម បានបន្ថែមផងដែរថា ក្រៅពីជម្រើសទាំងប៉ុន្មានខាងលើនេះ សិស្សក៏អាចមានជម្រើសសំខាន់មួយទៀត គឺខ្ចីលុយគេរៀន។ លោកនិយាយថា ប្រសិនបើយើងមានគោលការណ៍ច្បាស់លាស់ និងមានក្តីស្រមៃពិតប្រាកដ សូមកុំខ្លាចខ្មាស់គេ ឬខ្លាចគេថាអន់ ព្រោះយើងមិនមែនកើតមកក្រមួយជីវិតទេ។ ដើម្បីកែប្រែវាសនាឱ្យចេញផុតពីភាពក្រីក្រលុះត្រាតែមានការអប់រំ។ ពេលខ្លះការខ្ចីលុយគេដើម្បីបន្តការសិក្សាមិនមែនជារឿងងាយនោះទេ តែប្រសិនបើយើងមានការតាំងចិត្ត និងខិតខំពិតប្រាកដ យើងអាចធ្វើបាន។ ដើម្បីឱ្យគេជឿទុកចិត្តយើង ហើយផ្តល់លុយឱ្យយើងខ្ចីសម្រាប់ការសិក្សា គឺអាស្រ័យលើសមត្ថភាពដើម្បីធ្វើជាទុនក្នុងការទាក់ទាញគេ ព្រោះកាលណាយើងមានសមត្ថភាព គេនឹងអាចមើលឃើញពីលទ្ធភាពវិជ្ជមានរបស់យើងនៅថ្ងៃអនាគត ដែលវាជាចំណែកមួយជំរុញឱ្យយើងជោគជ័យក្នុងការទទួលបានប្រាក់កម្ចី។ មួយវិញទៀត គឺយើងចាំបាច់ត្រូវចេះជួយអ្នកដទៃឱ្យបានច្រើន ព្រោះនៅពេលដែលយើងអាចជួយអ្នកដទៃបាន ពេលយើងត្រូវការជំនួយ គេក៏អាចនឹងជួយយើងវិញបានដែរ។

លោក ទីន សុខលីម បាននិយាយថា៖ “ប្រសិនបើយើងចេះជួយខ្លួនឯង អ្នកដទៃក៏ចង់ជួយយើងដែរ។ ជាបទពិសោធពីមុន ខ្ញុំខំប្រឹងប្រែងរៀន គេថាឱ្យបែបនេះ បែបនោះ តែក្រោយពីខ្ញុំប្រឹងប្រែងកាន់តែខ្លាំង គេចាប់ផ្តើមមើលឃើញពីសមត្ថភាពពិតប្រាកដរបស់ខ្ញុំ ដែលធ្វើឱ្យគេបែរមកចង់ជួយខ្ញុំវិញម្តង ព្រោះគេជឿជាក់លើអនាគតរបស់យើង”។

សាស្រ្តាចារ្យផ្នែកធុរកិច្ច លោក រិន រ៉ាវុធ បានលើកឡើងថា រឿងមិនមានថវិកាមិនមែនជាឧបសគ្គ​ធំពេកនោះទេសម្រាប់អ្នកដែលមានឆន្ទៈពិតប្រាកដហើយតាំងចិត្តមាំដើម្បី​បន្តការសិក្សាកម្រិតឧត្តមសិក្សា។ ប្រសិនបើសិស្សពិតជាចង់រៀនមែន គេអាច​ចាប់ផ្តើមគិតពីកន្លែងស្វែងរកការងារធ្វើ និងសិក្សាដើម្បីកាត់បន្ថយចំណាយ និងស្វែងរកចំណូល។ នាពេលបច្ចុប្បន្ននេះ គ្រឹះស្ថានសិក្សា​មួយចំនួន​ក៏បានបើកនៅតាមបណ្ដាខេត្តផ្សេងៗផងដែរ ហេតុនេះប្រសិនបើពួកគេមិនអាចមានលទ្ធភាពបន្តការសិក្សានៅភ្នំពេញបាន​ គាត់ក៏អាចបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សានៅជិតតំបន់ដែលគាត់រស់នៅផងដែរ ព្រោះវាចំណាយតិច ហើយបើទោះបីជាគាត់មានការងារចំណូលតិចក៏អាចផ្គត់ផ្គង់ការសិក្សាបានដែរ។

លោក រិន រ៉ាវុធ និយាយថា៖ “ពេលខ្លះ សិស្សអាចរកលុយឱ្យបាន ហើយប្រើប្រាស់វាដើម្បីរៀន​ដោយខ្លួនឯង។ វាជាចំណុចមួយដែលបង្ហាញពីការតស៊ូក្នុងជីវិត ហើយ​ពេលខ្លះមេរៀនទាំងអស់នេះបង្រៀនមនុស្សឱ្យចេះស៊ូទ្រាំជាមួយនឹងការ-លំបាកដើម្បី​សម្រេចជោគជ័យក្នុងជីវិត”។

សាស្រ្តាចារ្យខាងលើបានលើកឡើងផងដែរថា ចំពោះមធ្យោបាយធ្វើដំណើរ និងការស្នាក់នៅ​ក្នុងជីវិតជានិស្សិត គឺមិនចាំបាច់ហ៊ឺហាពេកនោះទេយើងអាចជិះកង់ ឬ​មធ្យោបាយ​សាធារណៈណាមួយក៏បានដែរឱ្យតែចំណាយតិច។ ម្យ៉ាងវិញទៀត សិស្សគួរ​ស្វែងរកព័ត៌មាន​អាហារូបករណ៍​ឱ្យបានច្រើនសម្រាប់អ្នកក្រីក្រ ព្រោះបច្ចុប្បន្ននេះ ទាំងគ្រឹះស្ថានឧត្តមសិក្សា និងសមាគមផ្សេងៗក៏​មានផ្តល់នូវអាហារូបករណ៍ដល់ពួកគាត់ផងដែរ ប្រសិនបើគាត់មានឆន្ទៈពិតប្រាកដថាខិតខំប្រឹងប្រែងរៀនសូត្រមែននោះ៕

Advertisement