ការអប់រំចិត្តផ្តល់សារៈសំខាន់ អ្វីខ្លះសម្រាប់អ្នកដឹកនាំ?

បើនិយាយពីភាពជាអ្នកដឹកនាំ មនុស្សម្នាក់ៗប្រហែលជាផ្តោតទៅលើភាពម៉ឺងម៉ាត់ក្នុងការប្រើប្រាស់ពាក្យសម្តី វិន័យ និងការប្រើប្រាស់​គោលការណ៍តឹងតែងដើម្បីដើរឱ្យដល់គោលដៅសំខាន់ទាំងឯកជន និងស្ថាប័ន។ តែជាទូទៅ អ្នកដឹកនាំជោគជ័យ​ជាច្រើនសុទ្ធតែមាន​ចំណុច​ប្រសព្វមួយដូចៗគ្នាគឺផ្លូវចិត្តរឹងមាំខ្លាំងដើម្បីតស៊ូ​ជាមួយនឹងឧបសគ្គនានាក្នុងការដឹកនាំ​ ទាំងការប្រកួតប្រជែងពីកត្តាខាងក្រៅ និង​បញ្ហាផ្ទៃក្នុង។

ឆ្លើយតបជាមួយនឹងបញ្ហានេះ អ្នកសារព័ត៌មាននៃការសែត​ឡារ៉ែន ពាណិជ្ជ បានធ្វើបទសម្ភាសមួយជាមួយនឹងលោក នឹម ឈុន្នី ស្ថាបនិក​ស្ថាប័នបណ្តុះបណ្តាល Anakot Asia Academy ពីការកសាងភាពជាអ្នកដឹកនាំ​តាមរយៈការអប់រំផ្នែកផ្លូវចិត្ត Mindful Leadership ដើម្បី​ជាប្រយោជន៍​សម្រាប់អ្នកដឹកនាំស្ថាប័ន និង​បុគ្គលិក​ក្នុងស្ថាប័នឱ្យទទួលបានជោគជ័យក្នុងជីវិតជាក់ស្តែង និងការធ្វើការងារ។

លោក នឹម ឈុន្នី

1. Mindful leadership នេះមានន័យយ៉ាងដូចម្តេច?
ប្រសិនបើយើងនិយាយជាភាសាខ្មែរ វាមានការលំបាកបន្តិច ព្រោះពាក្យនេះយើងបញ្ចូលគ្នារវាងពាក្យថា Mindfulness និង Leadership។ ពាក្យថា Mindfulness វាអាចមានន័យថា​ និន្នាការមួយនៃការអភិវឌ្ឍ ឬ​ការគ្រប់គ្រងផ្លូវចិត្តរបស់យើង ហើយពាក្យថា Leadership គឺ​បញ្ជាក់ពីការដឹកនាំ។ ហើយ​បើបញ្ចូលគ្នា គឺ​អាចជាការ​ធ្វើការដឹកនាំឱ្យកាន់តែប្រសើរ ប្រកបដោយ​ស្មារតី ការ​ផ្តោត​លើអ្វីមួយពិតប្រាកដ។

ខ្ញុំប្រើពាក្យ Mindful Leadership នេះ ព្រោះ​វាលំបាកក្នុងការប្រើប្រាស់ពាក្យខ្មែរឱ្យត្រូវន័យ ឬថាយើងយល់មិនដល់​ពីន័យក្នុងភាសាខ្មែរ។ ខ្ញុំក៏បានជជែកជាមួយអ្នកមានចំណេះដឹងខ្ពស់ៗមួយចំនួន​ដែរ តែគ្រាន់តែពេលខ្លះ​ដាក់ទៅមិនពិរោះស្តាប់ ឬឱ្យត្រូវន័យចំ។

2. តើ Mindful Leadership នេះ​មានសារៈសំខាន់បែបណាខ្លះទៅលើអ្នកដឹកនាំ​ទាំងវិស័យសាធារណៈ និងក្រុមហ៊ុនឯកជន?
ចំណុចនេះគឺសំខាន់ខ្លាំងណាស់ ទាំងសម្រាប់អ្នកដឹកនាំទាំងវិស័យសាធារណៈ និង​ឯកជន ព្រោះវាអា​ចជួយឱ្យការដឹកនាំកាន់តែប្រសើរ ព្រោះវាធ្វើឱ្យគាត់កាន់តែផ្តោត (focus) ខ្លាំងជាងមុន ម្យ៉ាងវិញទៀតគាត់ក៏អាចទទួលបានលទ្ធភាពការងារខ្ពស់តាមរយៈការគ្រប់គ្រងពេលវេលាប្រកបដោយប្រសិទ្ធភាពខ្ពស់។

មនុស្សម្នាក់ៗ​បើទោះបីជាមានពេលរវល់ខ្លាំងយ៉ាងណាក៏ដោយ ខ្ញុំជឿថាក៏មានពេលវេលា5 ឬ 10នាទីសម្រាប់ខ្លួនឯងក្នុងមួយថ្ងៃសម្រាប់ការផ្តោត​អារម្មណ៍​លើជីវិតខ្លួនឯង។ ជាធម្មតាបើទោះបីជាយើងជិះឡានក៏ដោយ ជិះម៉ូតូ​ក៏ដោយ​ពេលជិះយូរទៅវានឹងក្តៅម៉ាស៊ីនហើយដំណើរការមិនល្អហេតុនេះមនុស្សក៏ដូចគ្នា អ្នកគ្រប់គ្រងម្នាក់ៗមាន​ការងារត្រូវធ្វើច្រើនណាស់ ហេតុនេះរឿងនឿយហត់មានច្រើនដែលអាចធ្វើឱ្យគាត់ប៉ះពាល់ដល់ប្រសិទ្ធភាពការងារ ហេតុនេះ​ការបញ្ចូល Mindful Leadership គឺជួយគាត់ឱ្យរៀន​សម្រាកដើម្បីយកកម្លាំងដើម្បី​ធ្វើការងារឱ្យបានកាន់តែខ្លាំង។ មនុស្សជោគជ័យប៉ុនណាក៏ដោយ ​នៅពេលដែលយើង​ធ្វើការងារ​ច្រើនខ្លាំងយើងនឹង​អាច​ជួប​បញ្ហាធុញថប់ខ្លាំង (stressor depress) ដែលនាំឱ្យ​ស្ថានភាពនៃការរស់នៅ និងធ្វើការងារ​ត្រូវជួបឧបសគ្គ ហេតុនេះ​ចាំបាច់ត្រូវតែ​ចេះសម្រាក បែងចែកពេលវេលាឱ្យបានត្រឹមត្រូវជាមួយគ្រួសារ និងស្វែងរក​សេចក្តីសុខសម្រាប់ខ្លួនឯង។

នៅពេលមនុស្សម្នាក់ៗអាចបញ្ចូលនូវ Mindful Leadership បានល្អគាត់នឹង​ត្រូវអនុវត្តគោលការណ៍3គឺ ទី1 គឺមានស្មារតីដឹងច្បាស់លាស់ថាយើងកំពុងចង់បានអ្វីនៅពេលឥឡូវនេះ ទី2ឱ្យយើងច្បាស់ពីចំណុចដែលយើងត្រូវធ្វើក្នុងថ្ងៃនីមួយៗ និងទី3 គឺការផ្តោត (focus) លើការងារណាមួយប្រកបដោយភាពយកចិត្តទុកដាក់ខ្ពស់។

ធម្មតាយើងរស់នៅ​ក្នុងពិភពរស់នៅបច្ចុប្បន្ន យើងក៏រស់នៅក្នុងបណ្តាញសង្គមផងដែរ ហើយពេលខ្លះមនុស្សរស់នៅជាមួយវាច្រើនដែលធ្វើឱ្យយើង​មានការនឿយហត់ជាមួយវា ព្រោះវាបាន​ស្រូបយកថាមពល​ពីយើងបន្តិចម្តងៗ ដោយមិនដឹងខ្លួន។ ហេតុនេះនៅពេលយើងមាន​គ្រប់គ្រងវាបានល្អ យើងនឹង​អាចសម្រួចថាមពលសម្រាប់ធ្វើការងារក្នុងមួយថ្ងៃៗបានល្អ ហើយមានប្រសិទ្ធភាពខ្ពស់។

3. តាមការសង្កេត និងបទពិសោធរបស់លោកដែលធ្វើការងារបណ្តុះបណ្តាលជាមួយ​មនុស្សទូទៅទាំងបុគ្គលិក និងអ្នកដឹកនាំស្ថាប័ន តើមនុស្សភាគច្រើនមានបញ្ហាអ្វី? ហើយ Mindful Leadership បានជួយព្យាបាលអ្វីលើបញ្ហាទាំងអស់នោះ?
តាមការសង្កេតរបស់ខ្ញុំ មនុស្សភាគច្រើនមានបញ្ហា​ច្រើនលើការគ្រប់គ្រងពេលវេលា និងការងារបានល្អ ដែលធ្វើឱ្យគាត់មានការនឿយហត់​ខ្លាំង និងមិនអាចគ្រប់គ្រងការងារច្របូកច្របល់ទាំងអស់នោះបានល្អ។ ម្យ៉ាងវិញទៀត​នៅពេលការងាររបស់គាត់ធ្វើមិនបានល្អ គាត់ក៏អាចធ្វើឱ្យប៉ះពាល់តុល្យភាពសម្រាប់គ្រួសារផងដែរ ព្រោះគាត់ត្រូវធ្វើការងារច្រើន​ តែបានលទ្ធផលតិច ហើយ​យកពេលវេលា គ្រួសារដើម្បី​បំពេញចំណុចខ្វះខាតទាំងអស់នោះ។

ជាធម្មតា មនុស្សម្នាក់ៗមានពេល 24ម៉ោងដូចគ្នាគ្មានអ្នកណាម្នាក់មានពេលលើសនេះនោះទេ តែមានអ្នកខ្លះ​ធ្វើការងារបានច្រើន ហើយអ្នកខ្លះធ្វើការងារបានតិចជាង។ ប្រសិនបើយើងចង់ឱ្យអ្វីគ្រប់យ៉ាងប្រសើរឡើង លុះត្រាតែយើងរៀន​គ្រប់គ្រងវិន័យសម្រាប់ពេលវេលាឱ្យបានច្រើនជាងមុន។ ត្រង់ចំណុចនេះ Mindful Leadership នឹងជួយឱ្យយើងរៀបចំការងារបានល្អតាមរយៈការ​រក្សាភាពស្ងប់ស្ងាត់ និងសមាធិជារៀងរាល់ព្រឹក​ដើម្បី​គិតឱ្យបានច្បាស់លាស់ពី​រឿងអាទិភាពចំនួន3 ដែលត្រូវធ្វើប្រចាំថ្ងៃ ហើយក្នុងមួយសប្តាហ៍នេះត្រូវបែងចែកពេលវេលា​ណាខ្លះសម្រាប់សម្រេចការងារ​ឱ្យល្អ និងពេលណាខ្លះសម្រាប់ក្រុមគ្រួសារ។ នៅពេលនោះគាត់នឹងមានពេលវេលាគ្រប់គ្រាន់ដើម្បីឆ្លុះបញ្ចាំងពីខ្លួនឯង។

ចំពោះមនុស្សម្នាក់ៗតាមពិតមានពេលវេលាច្រើន​ មិនមែនគ្មានសូម្បីតែប៉ុន្មាននាទីដើម្បី​រកពេលស្ងប់ស្ងាត់ដើម្បីខ្លួនឯងនោះទេ។ ខ្ញុំធ្លាប់មានមិត្តភ័ក្តិមួយចំនួនជាប្រធានស្ថាប័ន​ និងជាមនុស្សសំខាន់ៗផ្សេងៗទៀតរអ៊ូថា គាត់គ្មានពេលគ្រប់គ្រាន់សម្រាប់គ្រួសារ តែមានពេលសម្រាប់ជជែកគ្នាលេង មានពេលគ្រប់គ្រាន់សម្រាប់លេង facebook មានពេលគ្រប់គ្រាន់សម្រាប់មើល Youtube។ ហេតុនេះពេលខ្លះយើងធ្វើរឿងអយុត្តិធម៌សម្រាប់ខ្លួនឯង នៅពេលយើងចំណាយពេលឥតប្រយោជន៍ ហើយមិនមានពេលសម្រាប់ឆ្លុះបញ្ចាំងពីខ្លួនឯង។ បញ្ហាត្រង់ថា មនុស្សម្នាក់ៗចូលចិត្ដដាក់កញ្ចក់មើលអ្នកដទៃ តែមិនមានពេលដាក់កញ្ចក់មើលខ្លួនឯង និងមិនហ៊ានទទួលយក​បញ្ហារបស់ខ្លួនឯង។

4. អ្នកដឹកនាំក្រុមហ៊ុននីមួយៗតែងតែមានបញ្ហាស្រដៀងគ្នាគឺបុគ្គលិកចូលធ្វើការងារហើយបានមួយរយៈក៏ចេញទៅ បន្ទាប់មកក៏មានអ្នកថ្មីហើយចេញក្នុងរយៈពេលខ្លីបន្តបន្តាប់ទៀត។ តើ​ប្រសិនបើមាន Mindful Leadership ស្ថានភាពអាចនឹងប្រសើរឡើងទេ? មូលហេតុអ្វី?
នេះគឺពាក់ព័ន្ធជាមួយនឹងបញ្ហានេះខ្ញុំមិនធានា100% ថាវានឹងអាចបញ្ឈប់បញ្ហានេះបានទេ ព្រោះវាអាស្រ័យលើឆន្ទៈរបស់អ្នកដែលចូលធ្វើការងារនោះ និង​ទិសដៅពិតប្រាកដរបស់ក្រុមហ៊ុន តែ​ Mindful Leadership អាចជួយគាត់រឿងសំខាន់មួយគឺឱ្យគាត់មានការទទួលខុសត្រូវ។ ការទទួលខុសត្រូវសំខាន់ខ្លាំងណាស់សម្រាប់អ្នកធ្វើការងារគ្រប់គ្នា ប្រសិនបើគាត់មានការទទួលខុសត្រូវ គាត់នឹងដើរលើផ្លូវវែងឆ្ងាយដើម្បីសម្រេចការងារសំខាន់ៗសម្រាប់ស្ថាប័ន។ ម្យ៉ាងវិញទៀត ប្រសិនបើគាត់ចង់​គេចវេះ ឬ​កេងប្រវ័ញ្ចពេលវេលាមិនត្រឹមត្រូវសម្រាប់ក្រុមហ៊ុន​ សម្រាប់អ្នកដែលមាន Mindful Leadership គេថាគាត់កំពុងតែបោកប្រាស់ ឬកេងប្រវ័ញ្ចខ្លួនឯង។ ក្នុងករណីនេះគាត់នឹងដឹងខ្លួនឯងថា​ការបោកប្រាស់ខ្លួនឯងរបស់គាត់ អាចធ្វើឱ្យមានបញ្ហាដល់ក្រុមហ៊ុនរបស់គេ ហេតុនេះ​គាត់នឹងមានភាពទទួលខុសត្រូវខ្ពស់ជាងមុន។

ម្យ៉ាងវិញទៀត នៅពេលគាត់​ចេះឆ្លុះបញ្ចាំងពីខ្លួនឯង គាត់អាចនឹងចាប់ផ្តើមយកអារម្មណ៍​របស់អ្នកគ្រប់គ្រងមកដាក់ក្នុងចិត្តគាត់ថា ប្រសិនបើ​គេកេងប្រវ័ញ្ចគាត់ គាត់ក៏នឹងឈឺចាប់ ឬមានបញ្ហាដូចគ្នា។

បន្ទាប់ពីយើងរៀន​ Mindful Leadership ហើយ​គាត់នឹងដឹងពិតប្រាកដថា​អ្វីដែលគាត់កំពុងធ្វើនោះដើម្បីតែលុយ ឬដើម្បីក្តីស្រឡាញ់។ នៅពេលគាត់រកឃើញខ្លួនឯងហើយ គាត់នឹងអាចដាក់ចិត្ត ដាក់កាយ​ធ្វើការងារជាមួយគ្នាប្រកបដោយការទទួលខុសត្រូវ ព្រោះ​បើគាត់មិនធ្វើបែបនេះទេ ស្មើនឹងគាត់ចាយវាយជីវិតរបស់គាត់យ៉ាងខ្ជះខ្ជាយ។ ម្យ៉ាងវិញទៀត Mindful Leadership បង្រៀនឱ្យគាត់មើលឃើញពីចំណុចជំរុញខ្លួនដែលធ្វើឱ្យគាត់មានហេតុផល​សម្រាប់ខ្លួនឯង ថាគាត់ធ្វើការងាររៀង-រាល់ថ្ងៃនេះដើម្បី​អ្វីឱ្យពិតប្រាកដ។ ប្រសិនបើគាត់មិនដឹងថាគាត់ធ្វើការងាររាល់ថ្ងៃដើម្បីកត្តាជំរុញអ្វីនោះ គាត់អាចនឹងបោះបង់ទៅវិញក្នុងរយៈពេលខ្លី។

5. តាមបទពិសោធ​របស់លោក​ដែលធ្វើការបណ្តុះបណ្តាលមនុស្សជាច្រើន។ តើលោកមើលឃើញថា​មានមនុស្សច្រើនទេដែល​កំពុងធ្វើការងារ ឬរកស៊ី តែមិនដឹងថាខ្លួនឯងចង់បានអ្វីឱ្យពិតប្រាកដ?
បាទ មានច្រើនណាស់! មានអ្នកខ្លះ​ធ្វើការងារជិត 10ឆ្នាំ ហើយចង់ចេញរកស៊ីខ្លួនឯង តែពេលសួរគាត់ឱ្យច្បាស់លាស់ គាត់មិនដឹងថាត្រូវរកស៊ីអ្វីឱ្យច្បាស់។ មានអ្នកខ្លះទៀត រៀនចប់ចេញពីសាលាដឹងតែត្រឹមថាខ្លួនឯងចង់ធ្វើការងារ តែពេលលម្អិតឱ្យច្បាស់​ថាគាត់ចង់ធ្វើអ្វីឱ្យច្បាស់ គាត់​មិនមានចម្លើយ ហើយចេញទៅធ្វើការងារតាម​ស្ថានភាពដែលអាចរកបាន បន្ទាប់មកក៏រេចុះរេឡើង។

ការធ្វើបែបនេះ គឺជាការផ្តោតថាមពលខុសចំណុច ដែលជាហេតុធ្វើឱ្យគាត់​​បរាជ័យ​ក្នុងមុខជំនួញ ឬការងារទាំងអស់នោះ។ ប្រសិនបើគាត់ដឹងច្បាស់ពីខ្លួនឯង គាត់នឹងសន្សំការផ្តោតថាមពលបន្តិចម្តងៗ បីបួនឆ្នាំក្រោយ យើង​នឹងអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បី​ចេញរកស៊ី និងសម្រេចភាពថ្កុំថ្កើងក្នុង​ការងារជាដើម។

6. តើការបណ្តុះបណ្តាល Mindful Leadership នេះគេត្រូវអនុវត្តអ្វីខ្លះដើម្បីជួយឱ្យជោគជ័យក្នុងមុខជំនួញ ឬការងារជាដើម?
ការបណ្តុះបណ្តាល Mindful Leadership ដំបូងឡើយ នៅពេលចូល​នៅថ្ងៃទី1 យើងផ្តល់ពេលដល់គាត់រយៈពេល 20នាទី សម្រាប់ខ្លួនឯងដើម្បីឱ្យគាត់ធ្វើអ្វីក៏បានដោយខ្លួនឯង ដើម្បីចង់ដឹងថា​តើគាត់​ប្រើប្រាស់ពេល​វេលានោះ​មានប្រយោជន៍ឬទេ។ បន្ទាប់មក​យើង​នាំគាត់ឱ្យឆ្លុះបញ្ចាំងជាក់ស្តែងពីសារៈសំខាន់នៃ​ការកំណត់​ពេលវេលា និងការងារ​អាទិភាពសម្រាប់ក្រុមហ៊ុនរបស់គាត់​នៅរយៈពេល​មួយខែក្រោយ 6ខែក្រោយ ដើម្បីឱ្យ​​ការងារមានការរីកចម្រើន។ បន្ទាប់មកទើបធ្វើការ​សមាធិ ដើម្បីស្តាប់មើលពីចំណូលចិត្តរបស់ខ្លួនឯង និងបំណងពិតប្រាកដ​ដ៏ជ្រៅពីក្នុងដួងចិត្តពិតប្រាកដរបស់គាត់ ដើម្បីបញ្ជាក់ពីហេតុផល​ដែលគាត់រស់នៅរាល់ថ្ងៃនេះឱ្យមានន័យ។

លើសពីនេះទៅទៀត ការប្រមូលអារម្មណ៍ឱ្យស្ងប់ ដើម្បី​ឆ្លុះមើលពីខ្លួនឯងនេះក៏អាចជួយឱ្យគាត់ដឹងពី​ចំណុចខ្លាំង និងចំណុចខ្សោយពិតប្រាកដរបស់ខ្លួនឯង។ នៅពេលយើងដឹងពីចំណុចខ្សោយពិតប្រាកដរបស់ខ្លួនឯងហើយ យើងអាច​ផ្លាស់ប្តូរខ្លួនឯងដើម្បីឱ្យក្រុមហ៊ុនរបស់គាត់ខ្លាំងជាងមុន។

បន្ទាប់ទៀត គឺត្រូវជំរុញឱ្យ​មានការទំនាក់ទំនងល្អ និងចំណុចសំខាន់ដែលយើងអាចប្រើប្រាស់សមត្ថភាព​ពីក្នុងខ្លួនយើងផ្ទាល់ទៅអនុវត្តដើម្បីឱ្យឆ្លើយតបជាមួយនឹង​លទ្ធផល​វិជ្ជមានរបស់ស្ថាប័ន។ សកម្មភាពទាំងអស់នេះ​ អ្នកទាំងអស់គ្នាចាំបាច់ត្រូវសិក្សាពីរូបមន្តដើម្បីអនុវត្តឱ្យបាន 29ថ្ងៃ ដើម្បី​បង្កើតការអភិវឌ្ឍឱ្យក្លាយជាទម្លាប់ និង​រកឱ្យឃើញពីគុណតម្លៃសម្រាប់ជីវិត ទាំង​ក្នុងការងារ និងគ្រួសារ៕

Advertisement