ទំនាក់ទំនងជាចំណុចសំខាន់សម្រាប់កសាងភាពជោគជ័យផ្ទាល់ខ្លួន

នៅក្នុងធាតុសំខាន់ៗដែលនាំឱ្យមនុស្សទទួលបានជោគជ័យទាំងការអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ការធ្វើការងារសម្រាប់ស្ថាប័ន​រដ្ឋ ឬឯកជន និងការធ្វើអាជីវកម្ម ទំនាក់ទំនងជាកូនសោគន្លឹះមួយមិនអាចខ្វះបាន។ នៅពេលដែលមនុស្សកសាងទំនាក់ទំនង​បានល្អ នោះគេនឹងអាចក្លាយជាមនុស្សដែលមានមធ្យោបាយច្រើនបំផុតដើម្បីសម្រេចរាល់ការងារទាំងអស់ដែលគេកំពុងធ្វើ។

លោក នឹម ឈុន្នី ស្ថាបនិក​ស្ថាប័នបណ្តុះបណ្តាល Anakot Asia Academy បានលើកឡើងថា ក្រោយពេលលោកបញ្ចប់ការសិក្សានៅបរទេសពាក្យសម្តីមួយឃ្លាដែលលោក​គ្រូរបស់លោក​បាននិយាយ ហើយបង្កើតជាការចងចាំល្អជាងគេ គឺ​“ទំនាក់ទំនងគឺជាជីវិត ហើយជីវិតគឺទំនាក់ទំនង”។ ហេតុនេះទំនាក់ទំនងសំខាន់ខ្លាំងណាស់សម្រាប់បុគ្គលម្នាក់ៗ ព្រោះបើគ្មានទំនាក់ទំនងនោះទេមនុស្សនឹងមិនអាចរីកចម្រើនបានឡើយ ព្រោះមនុស្សត្រូវការពឹងពាក់គ្នា ហើយក៏ត្រូវការជួយគ្នាទៅវិញទៅមកដើម្បីសម្រេចគោលដៅ​ជាវិជ្ជមានទាំងអស់គ្នា។ លោកថា ដើម្បីឱ្យទំនាក់ទំនងធ្វើទៅបានល្អលុះត្រាតែមាន​ចំណុចសំខាន់2យ៉ាងគឺ ពូកែស្តាប់ និង​ទំនុកចិត្ត។

លោក នឹម ឈុន្នី ស្ថាបនិក​ស្ថាប័នបណ្តុះបណ្តាល Anakot Asia Academy

លោក នឹម ឈុន្នី បាននិយាយថា៖ “​មនុស្សដែលពូកែទំនាក់ទំនងគឺជាមនុស្សដែលពូកែស្តាប់បំផុត ព្រោះក្រោយពេលដែលគេបានយល់ពីរឿងរ៉ាវទាំងអស់ពាក់ព័ន្ធនឹងបញ្ហាដែលគេត្រូវទាក់ទងហើយ គឺគេអាចបង្កើតដំណោះស្រាយបានយ៉ាងល្អ និង​អាច​ក្លាយជាមនុស្សដែលគេចូលចិត្តទៀផង”។

អ្នកអប់រំផ្នែក​ផ្លូវចិត្តខាងលើបានលើកឡើងថាចំណុចសំខាន់មួយផ្សេងទៀតសម្រាប់ទំនាក់ទំនងគឺ ទំនុកចិត្ត។ មិនថា​ការធ្វើការងារក៏ដោយ ទំនាក់ទំនងស្នេហា ឬគ្រួសារក៏ដោយ បើគ្មានការទុកចិត្តគ្នាទេ ប្រាកដណាស់មិនអាច​ធ្វើដំណើររួមគ្នា ឬបង្កើតទំនាក់ទំនងល្អជាមួយគ្នាបាននោះទេ ហេតុនេះ​មុននឹងមានទំនាក់ទំនងល្អលុះត្រាតែយើងកសាងខ្លួនឯងឱ្យក្លាយជាមនុស្សដែលគួរទុកចិត្តបានជាមុនសិន។

លោកបញ្ជាក់ផងដែរថា អគារ​ធំមួយអាចសាងសង់បន្តទៅមុខទៀតបានលុះត្រាតែមានគ្រឹះរឹងមាំជាមុនសិន ហេតុនេះ​មុននឹងបន្ត​អភិវឌ្ឍទំនាក់ទំនងឱ្យបានល្អលុះត្រាតែ​យើងម្នាក់ៗ​កសាងឈ្មោះឱ្យល្អ និយាយតែអ្វីដែលជាការពិត ហើយ​មានភាពហ្មត់ចត់​ក្នុងការធ្វើការងារជាមួយមនុស្សដទៃ។

ស្របជាមួយនឹងបញ្ហានេះដែរ ព្រះតេជគុណ គូ សុភាព សាស្រ្តាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា​បានមានសង្ឃដីកាថា មនុស្សដែលមានភាពច្បាស់លាស់ ម៉ាត់ណាម៉ាត់ហ្នឹង និងជាមនុស្សដែលអាចជឿទុកចិត្តបាន ភាគច្រើនជាមនុស្សដែលទទួលបានជោគជ័យក្នុងជីវិត។ ព្រះតេជគុណក៏បានលើកជាឧទាហរណ៍ជាក់ស្តែងផងដែរពីការងើបឡើងវិញរបស់អ្នកជំនួញម្នាក់ដែលបាន​ខាតបង់ទ្រព្យសម្បត្តិស្ទើរអស់ពីខ្លួនដោយសារតែការឆេះឃ្លាំង​ទំនិញរបស់គាត់។ តែអ្វីដែលជាលក្ខណៈពិសេសរបស់ឈ្មូញនោះគឺជាមនុស្សដែលបានបង្កើតកេរ្តិ៍ឈ្មោះល្អក្នុងការធ្វើអាជីវកម្ម​របស់ខ្លួន​ដែលគាត់អាចធ្វើឱ្យដៃគូអាជីវកម្មរបស់គាត់ទុកចិត្តគាត់បាន ហើយនៅតែបន្តផ្តល់លុយឱ្យគាត់ខ្ចីរាប់ម៉ឺនដុល្លារដោយមិនបារម្ភច្រើន រហូតធ្វើឱ្យគាត់​អាចស្តារឡើងវិញនូវស្ថានការណ៍អាក្រក់សម្រាប់ជីវិតគាត់បាន។

ព្រះតេជគុណ គូ សុភាព សាស្រ្តាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា

ព្រះតេជគុណ គូ សុភាព បានមានសង្ឃដីកាថា៖ “​ឈ្មួញម្នាក់ដែលអាចស្តារទំនាក់ទំនង​ល្អក្នុងការរកស៊ីបាននោះគឺដោយសារតែគាត់ជាមនុស្សច្បាស់លាស់ មានភាពប្រាកដនិយម បើគាត់ថាត្រូវសងលុយថ្ងៃណាគឺគាត់ត្រូវតែសងនៅថ្ងៃនោះហើយទំនិញដែលគាត់ប្រគល់ជូន​ចំនួនប៉ុន្មានគឺគាត់ប្រគល់ជូនគ្មានបាត់ឡើយសូម្បីតែបន្តិចបន្តួចក៏ដោយ។ ហេតុនេះ​គាត់នៅតែអាចក្លាយជាមនុស្សដែលមាន​គេគាំទ្រជុំវិញខ្លួនដដែលបើទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ”។

ព្រះតេជគុណ គូ សុភាព បានបន្ថែមទៀតថា ហេតុនេះបើចង់ឱ្យក្លាយខ្លួនជាមនុស្សដែលមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ចាំបាច់ត្រូវតែ​គោរពគោលការណ៍សំខាន់ៗមួយចំនួនគឺមុននឹង​និយាយស្តី ឬ​មុននឹង​បង្ហាញ​អ្វីមួយជាសាធារណៈត្រូវគិតគូរឱ្យបានល្អិតល្អន់ជាមុនសិនថា សាររបស់យើងនោះប៉ះពាល់ដល់អ្នកដទៃ ឬធ្វើឱ្យ​គេឈឺចាប់​ និងបញ្ហាដែរទេ។ បន្ទាប់មក​ទៀត​ត្រូវ​និយាយអ្វីដែលមនុស្សគ្រប់គ្នារីកចម្រើន ព្រោះអ្នករាល់គ្នានឹងរីករាយជាមួយអ្វីដែលយើងបានចែករំលែក ហើយ​រក្សាបាននូវទំនាក់ទំនងប្រកបដោយភាពវិជ្ជមាន ដែលអាចធ្វើឱ្យយើងបន្តដំណើរនៃការរស់នៅបានយ៉ាងប្រសើរ តាមរយៈការទទួលសេចក្តីគោរពស្រឡាញ់ពីមនុស្សជុំវិញខ្លួន។ ទីបំផុតយើងនឹង​អាចក្លាយជាមនុស្សដែលគេគ្រប់គ្នាចំណាំថាឱ្យតែសេពគប់ជាមួយយើងគឺអាចទទួលបានភាពរីកចម្រើន ហើយពេលនោះស្ថានភាពនៃការរស់នៅនឹងកាន់តែប្រសើរឡើង ព្រោះមនុស្សល្អៗនឹងស្ថិតនៅជុំវិញខ្លួនយើងច្រើនឡើងៗ៕

Advertisement