នាំកូនតូចទៅក្រៅប្រទេស និងចូលកន្លែងល្អៗ ជាការវិនិយោគមិនមែនជាការចំណាយខ្ជះខ្ជាយនោះទេ

អនាគតកូន ជាអ្វីដែលអាណាព្យាបាលគ្រប់រូបយកចិត្តទុកដាក់បំផុត ព្រោះ​អាណាព្យាបាលទាំងអស់សុទ្ធតែធ្វើអ្វីគ្រប់យ៉ាងដើម្បីអនាគតកូនទាំងអស់គ្រាន់តែវិធីនៃការគិត និងអនុវត្តន៍ខុសគ្នាតែប៉ុណ្ណោះ។

អាណាព្យាបាលសម័យ​មុន​ភាគច្រើនគិតថា​ក្នុងនាមជាអាណាព្យាបាល​គឺត្រូវ​សន្សំ និងរកលុយឱ្យបានច្រើន​ដើម្បី​បន្សល់ទុកជាទ្រព្យសម្បត្តិ​ឱ្យកូន ហើយ​មិនសូវហ៊ានចំណាយច្រើន​លើការអប់រំ​ខ្លាំងពេកនោះទេ។ តែចំពោះអាណាព្យាបាលសម័យថ្មីដែលភាគច្រើនទទួលបានការអប់រំ យ៉ាងហោចណាស់កម្រិតមហាវិទ្យាល័យ​បានផ្លាស់ប្តូរការគិតរបស់ពួកគេ ដោ​យផ្តោតសំខាន់​លើការអប់រំ​កូន​ច្រើនជាផ្នែកផ្សេងៗទៀត រហូតអាណាព្យាបាលខ្លះ​មិនខ្វល់ពីការបន្សល់លុយនោះទេ តែអ្វីដែលពួកគាត់ត្រូវធ្វើ គឺព្យាយាមប្រើប្រាស់លទ្ធភាពផ្ទាល់ខ្លួនរបស់គាត់ដើម្បីផ្តល់ការអប់រំឱ្យបានល្អបំផុត ទាំងការអប់រំចំណេះដឹងក្នុងសាលា និងការអប់រំចិត្តគំនិត​ជាមួយគ្រួសារ។

ទោះបីជាការយល់ឃើញ មានភាពប្រែប្រួល ក៏ដោយ​ ក៏អាណាព្យាបាល​មួយចំនួន​ជាពិសេស​អាណាព្យាបាលកំពុងធ្វើការងារ ឬប្រកបរបរអាជីវកម្មដែលមានកម្រិតជីវភាពមធ្យម​នៅតែមានការព្រួយបារម្ភខ្លាច​ក្រែង​ការចំណាយរបស់គាត់​មិនចំគោលដៅ ហើយធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់គាត់ផ្ទាល់។ ម្យ៉ាងវិញទៀត សម្រាប់អ្នកមានជីវភាពមធ្យម​គាត់ត្រូវទប់ទល់លើការចំណាយច្រើន​ផ្សេងៗទៀតសម្រាប់​គ្រួសារ និងកូនៗរបស់ពួកគេ ដែលពេលខ្លះ​គាត់មិនហ៊ានចំណាយច្រើនលើការ​វិនិយោគ​ដើម្បីកូនៗ ច្រើននោះទេហេតុនេះ​ ការ​ចំណាយឱ្យចំគោលដៅជាអ្វីដែលគាត់ត្រូវផ្តោតបំផុត។

ការនាំកូនៗដើរទេសចរណ៍នៅកន្លែងដែលផ្តល់នូវចំណេះដឹងល្អៗ ជាជម្រើសដ៏ត្រឹមត្រូវ

អ្នកជំនាញអប់រំ បានបង្ហាញថា​អាណាព្យាបាលមួយចំនួន​បានចំណាយលុយលើកូនមិនត្រឹមត្រូវតាមរយៈការទិញ​ឧបករណ៍​អេឡិចត្រូនិក​ឱ្យកូនលេង ចំណាយលើការទិញសៀវភៅដែលមិនស្របនឹងអាយុ​ឱ្យកូនរៀន និងចំណាយលើការ​ញ៉ាំអាហារខាងក្រៅដែលមិនល្អសម្រាប់ក្មេងៗជាដើម តែពួកគាត់បែរជាស្តាយលុយចំពោះសកម្មភាពទាំងឡាយណាដែលមានភាពវិជ្ជមានសម្រាប់កុមារទៅវិញ។

អាណាព្យាបាលជាច្រើនគិតថា​ការនាំកូនដើរលេងនៅក្រៅប្រទេស តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ តំបន់ធម្មជាតិ​ឆ្ងាយៗ ឬកន្លែងប្រណីតៗជា​រឿងដែលត្រូវចំណាយលុយច្រើន និងខ្ជះខ្ជាយ។ ការគិតបែបនេះ គឺស្មើនឹងមើលរំលង​ឱកាសល្អក្នុងការបណ្តុះបណ្តាល​ក្មេងឱ្យក្លាយជាមនុស្ស​មានចំណេះដឹងច្រើន មានសមត្ថភាពក្នុងការគិត​ល្អ និងមានភាពរឹងមាំ។

គេហទំព័រ Education World បានលើកឡើងថា ការអប់រំ​កូន​តូចៗ មិនមែនត្រូវការអានតែសៀវភៅ ឬរៀនតែនៅក្នុងសាលាដ៏គួរឱ្យធុញទ្រាន់នោះទេ តែ​ក៏ត្រូវការចាំបាច់ផ្តល់ឱកាសឱ្យពួកគេ​បានសិក្សា និង​ស្វែងយល់ពីពិភពខាងក្រៅឱ្យបានច្រើន។ ការ​នាំក្មេងឱ្យ​ស្គាល់ពិភពនៃការរស់នៅជាក់ស្តែង នឹងធ្វើឱ្យគេយល់ពីហេតុផល​នៃការរស់នៅ ដឹងពីឫសគល់ពិតប្រាកដនៃការអប់រំ និង​យល់ពី​តម្លៃនៃ​ការខិតខំប្រឹងប្រែងរបស់មនុស្ស ហេតុនេះអាណាព្យា-បាលគួរលៃលកចំណាយធនធានតាមលទ្ធភាពដើម្បីនាំកូនឱ្យស្គាល់​កន្លែងល្អៗឱ្យបានច្រើន។

នៅពេលកូនតូចៗ បានទៅឃើញ​ប្រទេសនានាលើពិភពលោក គាត់នឹងដឹងខ្លួនឯងយ៉ាងច្បាស់ថា​ពិភពលោក​នេះទូលំទូលាយណាស់ ហើយគាត់ចាំបាច់ត្រូវខិតខំប្រឹងប្រែងដោយខ្លួនឯងដើម្បី​ដើរឱ្យទាន់គេ។ ក្រៅពីនេះ​វាក៏ជាឱកាសយ៉ាងល្អមួយដែលជំរុញឱ្យពួកគេ​មើលឃើញពីរបៀបរបបនៃការរស់នៅ ការប្រាស្រ័យទាក់ទង និង​មានភាពក្លាហាន​ក្នុងការ​​ដើរហើរនៅពេលពួកគេធំឡើង។

ចំណកឯការនាំកូនតូចៗ ទៅកន្លែងប្រវត្តិសាស្រ្ត និងតំបន់ទេសចរណ៍​ធម្មជាតិវិញ គឺមានប្រសិទ្ធភាពបំផុតសម្រាប់​កុមារតូចៗឱ្យយល់​កាន់តែច្បាស់ពីមេរៀនដែលគេនឹងរៀនដល់នៅថ្ងៃខាងមុខ។ កុមារជាមនុស្សដែល​រីករាយ និងមោទនភាពបំផុត​នៅពេលដែលគេក្លាយជាមនុស្សលេចធ្លោ​ក្នុងថ្នាក់ដោយដឹងរឿងរ៉ាវ​ជាច្រើននៃមេរៀន​ដែលអ្នកដទៃមិនដឹង។​ ហេតុនេះ​នៅពេលអាណាព្យាបាលនាំកុមារតូចៗទៅ​តំបន់សំខាន់ៗទាំងអស់នោះ គាត់នឹងឃើញជាក់ស្តែងពីទីតាំង រឿងរ៉ាវ​នានាពាក់ព័ន្ធនឹងកន្លែងទាំងអស់នោះ។ នៅពេលនោះគេនឹងក្លាយជាមនុស្សដែលងាយយល់​ និងរីករាយក្នុងការសិក្សា ព្រោះគេអាចងាយយល់​ពីមេរៀនជាងក្មេងដទៃដែលគ្រាន់តែ​បានអានការពណ៌នា​ក្នុងសៀវភៅ​។ ថ្វីត្បិតតែការនាំកូនតូចៗដើរកម្សាន្ត ត្រូវចំណាយលុយច្រើន តែ​វាទទួលបានផលប្រ-យោជន៍ច្រើនខ្លាំងណាស់សម្រាប់កុមារ ហេតុនេះអាណាព្យាបាលគួរពិចារណាពីការវិនិយោគដ៏ល្អនេះសម្រាប់កូនៗជាទីស្រឡាញ់គ្រប់គ្នា៕

Advertisement