ក្តី​ស្រមៃ​ធំ​មួយ​របស់​អាណាព្យាបាល គឺ​កូនទទួលបាន​ការសិក្សា​ល្អ និង​សុភមង្គល

គ្រប់​អាណាព្យាបាល​ទាំងអស់ សុទ្ធតែ​ខិតខំ​ប្រឹងប្រែង​គ្រប់​លទ្ធភាព​ដើម្បី​អនាគត​របស់កូនៗ ហើយ​គាត់​ហ៊ាន​លះបង់​អ្វី​គ្រប់យ៉ាង​ដើម្បីឱ្យ​កូន​ទទួលបាន​ការអប់រំ​ល្អ មាន​សុភមង្គល និង​ក្លាយជា​មនុស្ស​ខ្លាំង​ទៅ​ថ្ងៃ​អនាគត។ តែ​ជាទូទៅ ពួកគាត់​គិតថា ការបញ្ជូន​កូន​ឱ្យទៅ​រៀន​ជា​វិធី​គ្រប់គ្រាន់​ហើយ​សម្រាប់​ពួកគេ ខណៈ​ស្ថានភាព​ជាក់ស្តែង​ដែលនាំឱ្យ​ក្មេង​ក្លាយជា​មនុស្ស​ខ្លាំង​នោះ​ក៏ត្រូវ​ការចាំបាច់​នូវ​បរិស្ថាន​ក្នុងការ​រស់នៅ​ល្អ ឬ​គ្រួសារ​មួយ​ដែលមាន​សុភមង្គល​ផងដែរ ទើប​ពួកគេ​អាច​អភិវឌ្ឍ​សក្តានុពល​ប្រកបដោយ​ថាមពល​វិជ្ជមាន​បាន។

លោក គង់ សំនៀង ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​វ៉េ​ស្ទ​ឡា​ញន៍ អេ​ឌ្យូ​ខេ​សិន​គ្រុប បាន​លើកឡើងថា ដើម្បី​ជំរុញ​ឱ្យ​ក្មេង​ក្លាយជា​មនុស្ស​ខ្លាំង​បាន ពួកគេ​ចាំបាច់​ត្រូវ​ទទួលបាន​ការអប់រំ​ល្អ​ពី​សាលា​ដែលមាន​ប្រព័ន្ធ​អប់រំ​ច្បាស់លាស់ និងរស់នៅ​ក្នុងសង្គម​គ្រួសារ​មួយ​ដែលមាន​ភាពកក់ក្តៅ​សម្រាប់​ពួកគេ។ ហេតុនេះ​អាណាព្យាបាល​ចាំបាច់​ត្រូវតែ​រក្សា​ឱ្យបាន​នូវ​តុល្យភាព​ជីវិត មាន​ទាំង​កម្រិតជីវភាព​ល្អ និង​មាន​សុភមង្គល​ផ្ទាល់ខ្លួន​ផងដែរ​ដើម្បីឱ្យ​កូន​បានរស់នៅ​ជាមួយគ្នា​ប្រកបដោយ​ភាព​រីករាយ ដែលអនុញ្ញាតឱ្យ​ពួកគេ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ដោយ​មិន​ខ្វល់ខ្វាយ​ច្រើន​ពី​រឿង​គ្រួសារ។ ម្យ៉ាងវិញទៀត ប្រសិនបើ​កូន​រៀន​នៅ​សាលា​ល្អ​ហើយ តែ​អាណាព្យាបាល​តែងតែមាន​បញ្ហា​ក្នុង​គ្រួសារ កូន​នោះ​ក៏​នឹងមិន​អាច​រៀន​ពូកែ​បានដែរ ហើយ​ថែមទាំង​អាច​ប៉ះពាល់​អវិជ្ជមាន​សម្រាប់​ការគិត​របស់​ពួកគេ​ថែម​ទៀតផង។

លោក គង់ សំនៀង បាន​មានប្រសាសន៍ថា៖ “ក្នុងការ​រស់នៅ​របស់​មនុស្ស​យើងម្នាក់ៗ អ្នកណា​ក៏មាន​បញ្ហា​ដែរ ដូចជា​បញ្ហា​គ្រួសារ បញ្ហា​ការងារបញ្ហា​អាជីវកម្ម ឬ​បញ្ហាផ្សេងៗទៀត​ដែល​មិនអាច​ចៀសផុត។ តែ​ស្របពេល​ជាមួយគ្នានេះ យើង​ក៏មាន​កាតព្វកិច្ច​យ៉ាងសំខាន់​មួយទៀត គឺ​ដើរតួនាទី​ជា​ឪពុកម្តាយ​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់។ហេតុនេះ​ដើម្បី​បំពេញ​តួនាទី​យ៉ាង​មានតម្លៃ​នេះ​បានល្អ អាណាព្យាបាល​ចាំបាច់​ត្រូវតែ​សិក្សា​ឱ្យបាន​ច្រើន​ដើម្បី​អភិវឌ្ឍ​ជីវិត​រស់នៅ​ឱ្យ​កាន់តែ​ប្រសើរ​សម្រាប់​ជា​គំរូ​ដល់​កូន និងកសាងសុភមង្គលគ្រួសារទាំងមូល”។

លោក គង់ សំនៀង បានលើកឡើងផងដែរថា ឆ្លើយតបនឹងបញ្ហានេះ សាលារៀនវ៉េស្ទឡាញន៍ សាខាព្រែកលៀប នឹងផ្តល់ជូននូវកម្មវិធីសិក្សាពិសេសមួយដែលមានឈ្មោះថា កម្មវិធីអប់រំសម្រាប់គ្រួសារ ដែលផ្តល់ឱកាសឱ្យអាណាព្យាបាលបានសិក្សាពីវិធីសាស្រ្តបង្កើនសេចក្តីសុខ សុភមង្គលសម្រាប់ក្រុមគ្រួសារ កសាងទំនុកចិត្តលើខ្លួនឯងសម្រាប់បុត្រធីតា បង្កើនជំនាញ និងសមិទ្ធផលក្នុងការសិក្សា ព្រមទាំងកាត់បន្ថយបញ្ហាផ្សេងៗដែលបុត្រធីតាត្រូវប្រឈមមុខនាថ្ងៃអនាគតថែមទៀតផង។ កម្មវិធីនេះក៏នឹងផ្តល់ជូនឱ្យអាណាព្យាបាលនូវគំនិតសម្រាប់អភិវឌ្ឍន៍ និងបង្កើនប្រសិទ្ធភាពការងារ ក៏ដូចជាអាជីវម្ម និងមុខរបររបស់អាណាព្យាបាលសិស្សតាមរយៈកម្មវិធីអប់រំមួយចំនួនដូចជា ទម្លាប់ 7យ៉ាងដ៏មានប្រសិទ្ធភាពសម្រាប់គ្រួសារ កម្មវិធីអភិវឌ្ឍន៍អាជីពការងារ និងភាពជាអ្នកដឹកនាំដ៏មានប្រសិទ្ធភាព និងកម្មវិធីអភិវឌ្ឍន៍អាជីវកម្មជាដើម។

អ្នកជំនាញអប់រំខាងលើបានលើកឡើងផងដែរថា ដើម្បីទទួលបាននូវប្រភពពុទ្ធិដ៏មានតម្លៃទាំងអស់នេះអាណាព្យាបាលគ្រាន់តែចុះឈ្មោះកូនរបស់គាត់នៅសាលារៀនវ៉េស្ទឡាញន៍ សាខាព្រែកលៀប ក្នុងបវេសនកាលថ្មីខាងមុខនេះ គាត់នឹងអាចមានឱកាសសិក្សាពីមេរៀនសំខាន់ៗដើម្បីអភិវឌ្ឍជីវិតស្របពេលដែលកូនរបស់ពួកគាត់ទទួលបានការសិក្សាពីចំណេះជំនាញប្រកបដោយគុណភាពខ្ពស់។

អ្នកស្រី សូ សុភក្តិ ជាម្ចាស់អាជីវកម្ម និងជាអាណាព្យាបាលសិស្សមួយរូបបានលើកឡើងថាអ្នកស្រីមានការភ្ញាក់ផ្អើលនៅពេលដែលគាត់បានដឹងពីកម្មវិធី ចុះឈ្មោះសិក្សាកូនបានទាំងគ្រួសារនេះ ព្រោះអ្នកស្រីជាអ្នករកស៊ីផង និងជាអ្នកគ្រប់គ្រងលើកូនៗផង។ អ្នកស្រីសង្កត់ធ្ងន់ថាពេលខ្លះ យើងម្នាក់ៗរវល់តែគិតរឿងរកស៊ី ភ្លេចគិតពីកូន ហើយពេលខ្លះគិតតែពីគ្រួសារភ្លេចគិតពីមុខរបរ ខណៈពេលខ្លះទៀតមានបញ្ហាប្រឈមច្រើនក្នុងពេលជាមួយគ្នា ដែលបណ្តាលឱ្យខ្វល់ខ្វាយច្រើន និងប៉ះពាល់ដល់ការរស់នៅ។ ប្រសិនបើកូនរបស់គាត់បានសិក្សាក្នុងសាលាល្អមួយ ហើយថែមទាំងមានកន្លែងប្រឹក្សាយោបល់ និងបន្ថែមគំនិតល្អៗដល់គាត់បន្ថែមទៀតនោះ អ្នកស្រីនឹងមិនរារែកក្នុងការចុះឈ្មោះសម្រាប់កូននោះទេ។

អ្នកស្រី សូ សុភក្តិ បាននិយាយថា៖ “អាណាព្យាបាលមួយចំនួន រួមទាំងរូបខ្ញុំផង ពេលខ្លះពិតជាចង់ទទួលបានចំណេះដឹងបន្ថែមពីការពង្រីកមុខរបរ ការដឹកនាំការងារ និងគ្រួសារឱ្យកាន់តែល្អ តែនិយាយត្រង់ខ្ញុំលំបាកស្វែងរកកន្លែងរៀន និងមិនដាច់ចិត្តទៅរៀន។ ប្រសិនបើសាលារបស់កូនៗមានបន្ថែមវគ្គទាំងអស់នេះសម្រាប់ឪពុកម្តាយ ខ្ញុំអាចរីករាយនឹងធ្វើការសាកល្បង ហើយក៏អាចយកឈ្នះភាពរារែករបស់ខ្លួនឯងបានដែរ”។

អ្នកស្រី សុភក្តិ បានបន្ថែមផងដែរថា ប្រសិនបើជីវភាពរស់នៅក្នុងគ្រួសារមានសុភមង្គល និងភាពរឹងមាំផ្នែកហិរញ្ញវត្ថុនោះ កូនៗក៏នឹងទទួលបាននូវឱកាស រួមទាំងភាពកក់ក្តៅច្រើនពីគ្រួសារ។ នៅពេលនោះហើយដែលជាពេលមានសេចក្តីសុខជាងគេសម្រាប់ឪពុកម្តាយ ព្រោះគាត់នឹងអាចចំណាយពេលវេលាច្រើនក្នុងការផ្តល់ក្តីស្រឡាញ់កាន់តែច្រើនដល់កូនៗ ស្របពេលដែលគាត់មានទីប្រឹក្សាល្អដែលស្ថិតនៅកន្លែងសិក្សារបស់កូនៗផ្ទាល់តែម្តង៕

Advertisement