កុមារ​ក្រោម 5ឆ្នាំ​នៅ​កម្ពុជា 32.4% មាន​បញ្ហា​លើ​ការលូតលាស់​ផ្នែក​កម្ពស់

បើទោះបីជា​បច្ចុប្បន្ននេះ បញ្ហា​ចំណីអាហារ​មិនមែនជា​បញ្ហា​ចោទ​ខ្លាំង​សម្រាប់​ប្រជាជន​កម្ពុជា​ក្តី តែ​ជាទូទៅ​គ្រួសារ​ដែល​ទទួលបានរ​បប​អាហារ​ល្អ និង​សម្បូរបែប ភាគច្រើន​រស់នៅក្នុង​ទីប្រជុំជន​ដែលមាន​លទ្ធភាព​ស្វែងរក​អាហារ​បំប៉ន​សម្រាប់​កុមារ​តូច​នៅក្នុង​ផ្សារ​ទំនើប ឬ​ហាង​លក់​សម្ភារ​សម្រាប់​កុមារ។

តែ​ចំពោះ​គ្រួសារ​ដែល​រស់នៅ​តំបន់​ដាច់ស្រយាល ហាក់​មិនទាន់​មានលទ្ធភាព​ក្នុងការ​ទទួលយក​នូវ​ប្រភេទ​អាហារ​ដែល​អាច​ជំរុញ​ដល់​ការរីកលូតលាស់​សម្រាប់​កុមារ​បានល្អ​នៅឡើយ​នោះទេ។ ម្យ៉ាងវិញទៀត ចំណេះដឹង​ពី​ការរៀបចំ​របប​អាហារ​សម្រាប់​កុមារ ក៏​មិនទាន់បាន​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​នៅឡើយ​ដែរ​នៅតាម​តំបន់​ជនបទ​មួយចំនួន។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អង្គការ UNICEF នៅ​កម្ពុជា​បាន​បង្ហាញថា កុមារ​ក្រោម 5ឆ្នាំ​នៅ​កម្ពុជា​ប្រមាណ 32.4% មាន​បញ្ហា​ក្រិន ឬ​មាន​កម្ពស់​ទាប​ពេក​បើ​ធៀប​នឹង​អាយុ ដោយសារ​កត្តា​កង្វះខាត​អាហារូបត្ថម្ភ។ ហេតុនេះ​ការយកចិត្តទុកដាក់​លើ​របប​អាហារ គឺជា​រឿង​ចាំបាច់​មួយ​ដែល​ត្រូវ​យកចិត្តទុកដាក់​សម្រាប់​ក្មេង ព្រោះ​វា​ពាក់ព័ន្ធ​នឹង​ការរីកលូតលាស់​ផ្នែក​រាងកាយ ដែល​វា​ក៏​បណ្តាលឱ្យមាន​ផលប៉ះពាល់​ខ្លះ​ផងដែរ​ដល់​ការលូតលាស់​ផ្នែក​ប្រាជ្ញា​ស្មារតី​ចំពោះ​កុមារ​ដែលជា​មនុស្ស​សំខាន់បំផុត​សម្រាប់​គ្រួសារ និង​សង្គមជាតិ​ទាំងមូល​នាពេល​អនាគត៕

Advertisement