កុំខ្លាចការប្រឡង ព្រោះវាជាពេលរីករាយដើម្បីបញ្ចេញសមត្ថភាព

បើគេចមិនផុតពីការ​រឹតបន្តឹងទេនោះ មានរឿងអ្វីត្រូវខ្លាចការប្រឡងបាក់ឌុប ព្រោះខ្លាចក៏ត្រូវតែប្រឡង ហើយមិនខ្លាចក៏ត្រូវតែចូលរួមប្រឡង ដើម្បីឆ្លងដំណាក់កាលយ៉ាងសំខាន់នេះដូចគ្នា។​ការភ័យខ្លាចមុនប្រឡង​មិនមែនជា​ដំណោះស្រាយល្អដើម្បីទទួលបាន​លទ្ធផល​ប្រកបដោយមោទនភាពសម្រាប់ខ្លួនឯង និងគ្រួសារនោះទេ តែ​ការគ្រប់គ្រងអារម្មណ៍ ហើយងាកមករិះរកវិធីគិតឱ្យល្អទើបជាវិធីសាស្រ្តដើម្បីរុញច្រានឱ្យទទួលបានលទ្ធផលល្អ។

អតីតសិស្សនិទ្ទេស A យុវជន លឹម រស្មី បានលើកឡើងថា អ្នកណាក៏មានអារម្មណ៍ភ័យដែរនៅពេលប្រឡង គ្រាន់តែភ័យតិច ឬច្រើនតែប៉ុណ្ណោះព្រោះអ្វីដែលពួកគេបារម្ភគឺ​មិនទុកចិត្តលើសមត្ថភាពខ្លួនឯង និង​បារម្ភថា ខ្លាចគ្រួដាក់លំហាត់មកមិនចេះ រួមទាំងកង្វល់ជាច្រើនទៀត។ ការព្រួយបារម្ភអាចធ្វើឱ្យយើងភ្លេចអស់ពីរូបមន្ត និងមានអារម្មណ៍ជ្រួលច្របល់ដែលធ្វើឱ្យរកនឹកមិនឃើញនូវអ្វីដែលធ្លាប់ចេះកន្លងមក ដែលនាំឱ្យយើងទទួលលទ្ធផលមិនបានល្អនៅពេលប្រឡង។ ហេតុនេះដើម្បី ដោះស្រាយ​ បេក្ខជនប្រឡងគួរចាប់ផ្តើម​ដើរដោយកុំមានអារម្មណ៍ថាភ័យ ព្រោះ​ទោះជាយ៉ាងណាក៏គេចមិនផុតដែរ ហេតុនេះត្រូវតែប្រឈម។

យុវជន លឹម រស្មី បាននិយាយថា៖ “​នៅពេលទទួលបានក្រដាសប្រឡងលើតុ អ្វីដែលត្រូវធ្វើមុនគេគឺប្រមូលអារម្មណ៍ដកដង្ហើមឱ្យវែងៗមើល​វិញ្ញាសាឱ្យអស់ថា តើមាន​ចំណុចសំខាន់ៗចំនួនប៉ុន្មាន? ហើយចំណាំថា តើលំហាត់ ឬសំណួរមួយណាដែលយើងចេះ និងចំណុចណាខ្លះដែលមិនសូវចេះ។ បន្ទាប់មក​ចាប់ផ្តើមធ្វើចំណុចដែលអាចធ្វើបានមុន និងដេញចុះទៅចំណុចដែលយើងមិនសូវចេះ”។

សិស្សពូកែខាងលើបានលើកឡើងផងដែរថាប្រសិនបើយើងអង្គុយ​តែ​​ភ័យ ហើយ​ផ្តោតតែលើចំណុចដែលយើងមិនចេះ នោះវាកាន់តែធ្វើឱ្យយើងមិនអាច​ដោះស្រាយលំហាត់ទាន់ពេល និងខាតបង់ពេលវេលាច្រើនសម្រាប់​ការប្រឡង។ ហេតុនេះ​ការចាប់ផ្តើមធ្វើសំណួរណាដែលយើងយល់មុនដោយការប្រុងប្រយ័ត្នអាចជាវិធីមួយដើម្បីស្រោចស្រង់ស្ថានការណ៍បានខ្លះ ​ចំពោះមុខវិជ្ជាដែលយើងប្រឡង។ ម្យ៉ាងវិញទៀត នៅពេលដែលយើងដោះស្រាយលំហាត់ដែលយើងចេះហើយ យើងអាច​មានអារម្មណ៍ថា​ ទុកចិត្តលើខ្លួនឯងច្រើនជាងមុន ដែលពេលខ្លះវាអាចធ្វើឱ្យយើងមានអារម្មណ៍មូលហើយ​នឹកឃើញ​នូវចំណុចនានាដែល​ឈានទៅដល់ការធ្វើលំហាត់​មួយចំនួន​ផ្សេងទៀតដែលមិនទាន់អាចធ្វើបាន។ ក្រៅពីនេះ នៅពេលដែលយើងចាប់ផ្តើមប្រឡងសូមកុំខ្វល់ខ្វាយច្រើនពីមនុស្សដែលនៅជុំវិញខ្លួន ដូចជាអនុរក្ស ឬ​អ្នកត្រួតពិនិត្យអគារ ព្រោះយើងធ្វើដោយសមត្ថភាព ហេតុនេះមិនចាំបាច់ខ្វល់ខ្វាយច្រើននោះទេ សូមកុំបារម្ភ ហើយ​បន្តធ្វើលំហាត់នោះឱ្យចប់ និងយកចិត្តទុកដាក់តែលំហាត់ដែលមាននៅលើក្រដាសបានហើយ។

គ្រូផ្នែកគណិតវិទ្យា និង​ជា​អតីតសិស្សពូកែទូទាំងប្រទេស លោក ចេង បូរិទ្ទ បានលើកឡើងថា សិស្សប្រឡងដែលភ័យ ភាគច្រើនមកពីគិតហួសពីការពិត និងមិនបានត្រៀមខ្លួនឱ្យបានល្អសម្រាប់ការប្រឡង។ វិធីល្អដែលមិនធ្វើឱ្យយើង ភ័យគឺ ត្រៀមខ្លួនឱ្យបានល្អមុនពេលប្រឡងដោយការ​រៀបចំ​សម្ភារចាំបាច់សម្រាប់ការប្រឡង​ឱ្យបានគ្រប់គ្រាន់ និង​អនុវត្តលំហាត់ដែលធ្លាប់ប្រឡងឱ្យបានច្រើន។ នៅពេលដែលយើងស៊ាំជាមួយនឹង​ការធ្វើលំហាត់ ហើយ​នឹងអាចមានអារម្មណ៍ថា លែងសូវបារម្ភពីការប្រឡងហើយ ព្រោះ​វិញ្ញាសាប្រឡងមានស្តង់ដារស្រដៀងគ្នា និងមិនចេញទៅណាឆ្ងាយពីកម្រិតដែលយើងរៀនរាល់ថ្ងៃនេះទេ។

លោក ចេង បូរិទ្ទ បាននិយាយថា៖ “​នៅពេលដែលយើងបានត្រៀមរួចរាល់ហើយ យើងនឹងលែងមានអារម្មណ៍ភ័យ​ហើយ ​តែជំនួសមកវិញ​នូវអារម្មណ៍រំភើបសម្រាប់ការប្រឡង ព្រោះយើងដឹងខ្លួនឯងថា នេះជាពេលដែលត្រូវបញ្ចេញសមត្ថភាពឱ្យបានល្អ ហើយយើងប្រាកដជាអាចធ្វើវាបាន មិនមែនជារឿងដែលត្រូវភ័យនោះទេ”។

បន្ថែមពីលើនេះលោក បូរិទ្ទ បានលើកឡើងផងដែរថា ចំណុចដែលបេក្ខជនប្រឡងភាគច្រើនភ័យគឺតែងតែបារម្ភថា ការលំហាត់ប្រឡងដែលនឹងចេញវាអាចលំបាកខ្លាំងលើសពីសមត្ថភាពខ្លួន ឬអាចជាលំហាត់​ដែលស្មុគស្មាញជាងអ្វីដែលខ្លួនធ្លាប់រៀន តែស្ថានភាពជាក់ស្តែងពេលខ្លះ​លំហាត់ពេលប្រឡងអាចមានលក្ខណៈងាយស្រួលជាង​អ្វីដែលយើងរៀនផង។ ជាធម្មតានៅពេលដែលសិស្សរៀនជាប្រចាំថ្ងៃ គ្រូតែងតែស្វែងរក លំហាត់ខ្លាំងៗ និងស្មុគស្មាញ​ដើម្បីឱ្យគាត់ចេះស្ទាត់នូវមេរៀននីមួយៗ​ដែលក្រសួងដាក់ឱ្យរៀន​តែពេលប្រឡងគឺអាចចេញត្រឹមលំហាត់មធ្យម​ដែល​អ្នកទូទៅតាមទាន់មេរៀនអាចធ្វើបាន ហេតុនេះកុំបារម្ភ ឬភ័យទុកមុនតែត្រូវគិតថាវាជាពេលដ៏មានមោទនភាពសម្រាប់ការបញ្ចេញសមត្ថភាពពិតប្រាកដរបស់យើង៕

Advertisement