អង្គការ​ទស្សន​ពិភពលោក​ បង្កើត​កម្មវិធី​បណ្តុះបណ្តាល​ស្ត្រី​ឱ្យធ្វើ​ការងារ​ស្មើ​បុរស

ជាទូទៅ​ស្ត្រី​ត្រូវបាន​គេ​ចាត់ទុកថា​ជា​ភេទ​ទន់ខ្សោយ ឬ​ជា​អ្នក​ដែលមាន​កាតព្វកិច្ច​ធ្វើ​ការងារ​ខាងក្នុង​ផ្ទះ ហើយ​រង់ចាំ​ចំណូល​ពី​បុរស ជាដើម។ តែ​ទោះជា​យ៉ាងនេះ​ក្តី ដោយសារតែ​ការអប់រំ​មាន​ការវិវឌ្ឍ នារី​សម័យថ្មី​បាន​ក្លាយជា​មេផ្ទះ​ផង និង​ជា​អ្នករក​ចំណូល​បន្ថែម​សម្រាប់​គ្រួសារ​ផង។

ស្ថិតក្នុង​ស្ថានភាព​សង្គម​មានការ​ប្រែប្រួល ស្ត្រី​បាន​ក្លាយជា​ចលករ​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​គ្រួសារ និង​សង្គម តែ​ទោះជា​យ៉ាងនេះ​ក្តី ស្ត្រី​នៅ​ជនបទ និង​ស្ថិតក្នុង​គ្រួសារ​មិនសូវមាន​ជីវភាព​ធូរធារ​ក៏​រង​សម្ពាធ​ជាច្រើន​ពី​មនុស្ស​ចាស់ ដែល​នៅតែ​គិតថា គាត់​មិនអាច​ធ្វើ​ការងារ​ដោយ​ប្រើ​កម្លាំង និង​ខួរក្បាល​ច្រើន​ដូច​បុរស​បាន។ នៅ​កម្ពុជា​បច្ចុប្បន្ន​មិនសូវមាន​ស្ត្រី​ជា​មេជាង​សំណង់ អ្នកធ្វើការងារ​ក្នុង​ផ្នែក​ដឹកជញ្ជូន និង​ជាង​ជួសជុល​គ្រឿងយន្ត​នោះទេ បើទោះបីជា​ស្ត្រី​អាចធ្វើ​រឿង​ទាំងអស់នោះ​ក៏ដោយ។

តាមពិត​ប្រសិនបើ​ស្ត្រី​ត្រូវបាន​លើកទឹកចិត្ត​ឱ្យធ្វើ​ការងារសំខាន់ៗទៅតាម​ចំណង់​ចំណូលចិត្ត និង​ក្តី​ស្រឡាញ់​របស់​ពួកគាត់ គាត់​អាច​នឹង​ក្លាយជា​ធនធានមនុស្ស​ប្រកបដោយ​សក្តានុពល​សម្រាប់​ចូលរួម​អភិវឌ្ឍ​សង្គម និង​មាន​ភាព​ច្នៃប្រឌិត​ខ្ពស់​ថែម​ទៀតផង។ ហេតុនេះហើយ​ទើប​អង្គការ​ទស្សន​ពិភពលោក ប្រចាំ​នៅ​កម្ពុជា​បាន​បណ្តុះបណ្តាល​ស្ត្រី​អំពី​សហគ្រិនភាព ដើម្បីឱ្យ​ស្ត្រី​មានលទ្ធភាព​ក្នុងការ​គ្រប់គ្រង​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​បាន​ដូច​បុរស​ដែរ។

អង្គការ​ខាងលើ​ក៏បាន​បង្ហាញ​ផងដែរ​នូវ​រូប​យុវតី​មួយរូប​ដែល​គាត់​បាន​បញ្ជាក់ថា​ឈ្មោះ ស្រី​ពៅ ដែល​បានទទួល​ការបណ្តុះបណ្តាល​ជំនាញ​សហគ្រិនភាព និង​ទទួលបាន​សម្ភារ​សម្រាប់​បង្កើតជា​អាជីវកម្ម​ជួស​ជូ​ល​ម៉ូតូ​ក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។ សកម្មភាព​នេះ​បាន​បង្កើតឱ្យមាន​ភាព​ភ្ញាក់ផ្អើល ខណៈ​មនុស្ស​មួយចំនួនធំ​ចាប់ផ្តើម​មើលឃើញ​ពី​តម្លៃ​ស្ត្រី​កាន់តែខ្លាំង​ក្នុង​ការធ្វើការងារកម្រៗមួយចំនួន៕

Advertisement