ឆ្នាំនេះ មាន​បេក្ខជន​ប្រឡង​បាក់​ឌុប​ជិត 12ម៉ឺន​នាក់ ខណៈ​ការអនុវត្ត​គោលការណ៍​នៅតែ​តឹងតែង

ឆ្នាំនេះ មាន​បេក្ខជន​ប្រឡង​បាក់​ឌុប​ជិត 12ម៉ឺន​នាក់ ខណៈ​ការអនុវត្ត​គោលការណ៍​នៅតែ​តឹងតែង

ក្រោយ​កំណែរ​ទម្រង់​ប្រព័ន្ធ​អប់រំ បេក្ខជន​ប្រឡង​មធ្យមសិក្សា​បាន​បង្កើត​ការខិតខំ​ប្រឹងប្រែង​កាន់តែខ្លាំង​ក្នុងការ​សិក្សា​បន្ថែម ដើម្បី​ឆ្លងកាត់​ដំណាក់កាល​យ៉ាងសំខាន់​សម្រាប់​ជីវិត​នេះ។

ជាទូទៅ គេ​សង្កេតឃើញថា​នៅ​ឆ្នាំ​ដំបូង​សិស្ស​ធ្លាក់​មាន​ចំនួន​ច្រើន ដោយសារតែ​ក្រសួង​មានការ​រឹតបន្តឹង​ដើម្បី​ធ្វើយ៉ាងណា​ពង្រឹងគុណភាព​អប់រំ​ឱ្យ​សិស្ស​ខិតខំ​ប្រឹងប្រែង​ប្រឡង​ដោយ​ប្រើ​សមត្ថភាព​ពិតប្រាកដ។ ស្ថិតក្នុង​កាលៈទេសៈ​នោះ សិស្ស​ជំនាន់ក្រោយៗមានការ​ព្រួយបារម្ភ​ជាខ្លាំង តែ​ក្រសួង​នៅ​រក្សា​លំនឹង​នៃ​ភាព​ហ្មត់ចត់ និង​រឹតបន្តឹង​ដដែល រហូត​ទទួលបាន​លទ្ធផល​វិជ្ជមាន​នៅ​ឆ្នាំ​ជា​បន្តបន្ទាប់​ដែល​ស្តែងចេញ​តាមរយៈ​ចំនួន​សិស្ស​ជាប់​និទ្ទេសល្អៗ និង​ចំនួន​សិស្ស​ជាប់​បាក់​ឌុប​មានការ​កើនឡើង។

នៅ​ឆ្នាំ​សិក្សា 2017-2018 នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា បានចេញ​សេចក្តី​ប្រកាសថា សម័យ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​នឹងធ្វើ​ទៅ​នៅ​ថ្ងៃទី 20 ខែសីហា ឆ្នាំ2018 ខាងមុខ​នោះ​ដែល​ក្នុងនោះ​មាន​បេក្ខជន​សរុប​ប្រមាណ 117,061នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន 195មណ្ឌល ដែល​ចែកចេញជា 4,716បន្ទប់​នៅ​ទូទាំង 25រាជធានី​ខេត្ត​នៅ​កម្ពុជា។

ចំពោះ​ថ្ងៃ​ប្រកាស​លទ្ធផល ក្រសួង​នឹង​ចេញ​តាម​មណ្ឌល​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល​នៅ​ថ្ងៃទី 11 ខែកញ្ញា ឆ្នាំ2018 និង​ចេញ​លទ្ធផល​សម្រាប់​គ្រប់​មណ្ឌល​នៅ​ទូទាំងប្រទេស​នៅ​ថ្ងៃទី 12 ខែកញ្ញា ឆ្នាំ2018។ នៅ​ឆ្នាំ 2018 នេះ​ក្រសួង​នៅតែ​ត្រៀមលក្ខណៈ​ល្អប្រសើរ​ដើម្បី​ទប់ស្កាត់​ភាព​អសកម្ម និង​ចន្លោះប្រហោង​នានា ដើម្បី​ធានា​រឹតបន្តឹង​គោលការណ៍​វិន័យ​ឱ្យបាន​ល្អ តាមរយៈ​ការឃាត់​មិនឱ្យ​លាក់ទុក​នូវ​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ​ក្នុង​មណ្ឌល​ប្រឡង ឬ​បន្ទប់​ប្រឡង​ជាដាច់ខាត។ ក្នុងករណី​ដែល​រក​ឃើ្ ត្រូវ​ចាត់​ទុកដាក់​បេក្ខជន​បាន​ប្រព្រឹត្ត​សកម្មភាព​ផ្ទុយ​នឹង​បទបញ្ញត្តិ និង​កម្រិត​វិន័យ ដែល​ត្រូវ​កំណត់ឱ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ៕

Advertisement