សិស្សដែលបារម្ភពីការមិនយល់បាតុភូត មេរៀននឹងលែងកង្វល់ជាមួយកម្មវិធី MoeYS App Scan

ពីមួយថ្ងៃទៅមួយថ្ងៃ​ ក្រសួងអប់រំ យុវជន និងកីឡា បានព្យាយាមជំរុញឱ្យ​សិស្សកាន់តែមានភាពងាយស្រួលក្នុងការសិក្សា​ តាមរយៈ​ការបង្កើតក្លិបសិក្សា បង្ហាញការបង្រៀនតាមវីដេអូ បង្កើតសាលាធនធានសិក្សានៅតាមខេត្ត និងចែករំលែក​ឯកសារ​នៅ​ក្នុងបណ្តាញសង្គមជាដើម។ នាពេលថ្មីៗនេះ ក្រសួងបានបោះមួយជំហានកាន់តែធំថែមទៀត តាមរយៈការបង្កើតជា Mobile Apps ដើម្បីឱ្យសិស្សកាន់តែមានភាពងាយស្រួល​សិក្សា ហើយស្វែងយល់បានកាន់តែច្បាស់។ ​

ដោយមើលឃើញពី​ភាពបត់បែននៃពិភពលោក​ក្នុងសម័យបច្ចេកវិទ្យា ស្របពេលដែល​សិស្សជាច្រើននៅកម្ពុជាមាន Smart Phone ប្រើប្រាស់ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើត​កម្មវិធីទូរស័ព្ទដៃមួយដែលមានឈ្មោះថា MoEYS App Scan ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា AR (Argument Reality) ដែលអាចផ្តល់ការពន្យល់ជារូបភាព និងវីដេអូដែលមានចលនានៅលើរូបភាព ដោយសិស្សគ្រាន់តែ​ Scan លើរូបភាពដែលមានក្នុងកម្មវិធីសិក្សាគោល​របស់ក្រសួង។ កម្មវិធីនេះ ជំរុញឱ្យកាន់តែមានភាពងាយស្រួល​ដល់សិស្ស និងទាក់ទាញឱ្យ​មានភាពរីករាយក្នុងការសិក្សា​នៅកម្រិតមធ្យមសិក្សា ហើយថែមទាំងអាចជួយគ្រូបង្រៀន​ក៏ងាយស្រួលក្នុងការចាប់ចំណុច​សំខាន់ៗពី​កម្មវិធីដ៏មានសារៈសំខាន់ទាំងអស់នោះ។

អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម រស់ សាលីន បានលើកឡើងថា បន្ទាប់ពី​សិស្សដែលប្រឡង​មធ្យមសិក្សាទុតិយភូមិ​កាលពីឆ្នាំកន្លងទៅ ចាប់អារម្មណ៍ និងប្រើប្រាស់ច្រើនលើប្រព័ន្ធ​ពង្រឹងសមត្ថភាព​ និងតេស្តសមត្ថភាព​សិស្សថ្នាក់ទី12 រួចមក​ ឯកឧត្តម​រដ្ឋមន្ត្រី​ ក្រសួងអប់រំ បានជំរុញឱ្យបន្តស្វែង​រក​បច្ចកវិទ្យាថ្មីៗ​ដើម្បីសម្រួលដល់ការសិក្សា។ កម្មវិធីនេះនឹង​ជួយជំរុញបន្ថែម​ឱ្យសិ្សកាន់តែមានភាពងាយស្រួលក្នុងការស្វែងរក​ ព្រមទាំងអាចសិក្សា​បានដោយខ្លួនឯង​ បន្ទាប់ពីមានមូលដ្ឋាន​ខ្លះៗក្នុងការសិក្សាជាមួយគ្រូនៅសាលារៀនរួចមក។

ឯកឧត្តម រស់ សាលីន បាននិយាយថា៖ “​ជាបឋម​កម្មវិធីនេះអាចមានវីដេអូចំនួន 30មេរៀន ដែលមួយមុខវិជ្ជាមាន​ចំនួន 10មេរៀន លើមុខវិជ្ជា3 គឺ រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា”។

បើតាមការបញ្ជាក់ជាផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡា បានឱ្យដឹងថា កម្មវិធី MoEYS App Sacan ក៏មានដាក់បញ្ចូលកម្មវិធី ធ្វើតេស្តសាកល្បងសមត្ថភាព​សម្រាប់សិស្សថ្នាក់ទី12លើមុខវិជ្ជាចំនួន5 រួមមាន គណិតវិទ្យា រូបវិទ្យាគីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា។ ប្រព័ន្ធតេស្តសមត្ថភាព និងពង្រឹងសមត្ថភាពសិស្សថ្នាក់ទី12លើមុខវិជ្ជាចំនួន5 រួមមាន គណិតវិទ្យាមាន 214លំហាត់ គីមីវិទ្យា​មាន 357លំហាត់ ជីវវិទ្យាមាន 265លំហាត់ រូបវិទ្យាមាន 95លំហាត់ និងប្រវត្តិវិទ្យាមានចំនួន 138សំណួរ។ កម្មវិធីនេះអាចដំណើរការបានជាមួយនឹងបណ្តាញ Android និងប្រព័ន្ធ iOS ផងដែរ៕

Advertisement