កូរ៉េខាងត្បូង និង​ស៊ុយអែត លេចធ្លោ​ជាងគេ​ផ្នែក​ច្នៃប្រឌិត

នៅ​សម័យ​បច្ចុប្បន្ននេះ នវានុវត្តន៍​ជា​កូនសោ​គន្លឹះ ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេសនីមួយៗឱ្យមាន​ភាព​រីកចម្រើន និង​មាន​សមត្ថភាព​ក្នុងការ​ប្រកួតប្រជែង​ឥទ្ធិពល​ជាមួយនឹង​ប្រទេស​ជាច្រើន​ផ្សេងទៀត​នៅលើ​ពិភពលោក។ ប្រទេសធំៗទាំងអស់​បាន​ជំរុញ​ប្រព័ន្ធ​អប់រំ និង​លើកទឹកចិត្ត​ឱ្យ​អ្នកជំនាញ​របស់ខ្លួន​ប​ង្កើ​ន​សមត្ថភាព​ក្នុងការ​បង្កើត​ឧបករណ៍​ថ្មី​តាម​គ្រប់​រូបភាព និង​គ្រប់​វិស័យ តាមរយៈ​វិទ្យាសាស្ត្រ និង​គំហើញ​បច្ចេកវិទ្យា​ឆ្លាត-វៃ​ដែល​អាច​ដោះស្រាយ​បញ្ហា​មនុស្ស និង​មាន​សមត្ថភាព​ក្នុងការ​ស្រូប​ទាញ​ចំណូល​ពី​មនុស្ស​ជាច្រើន​លាន​នាក់​នៅលើ​ពិភពលោក។

កូរ៉េខាងត្បូង និង​ស៊ុយអែត (Sweden) គឺជា​ប្រទេស​ដែលមាន​នវានុវត្តន៍​ច្រើនជាងគេ​បំផុត​លើ​ពិភពលោក នេះ​បើ​យោងតាម​តារាង​ដែល​បង្ហាញ​ពី​ទិន្នន័យ​ដែល​គ្របដណ្តប់​លើ​ធាតុសំខាន់ៗនៃ​របកគំហើញ​ដោយ​ផ្តោតលើ​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ចំនួន​អ្នក​ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់​វិទ្យាសាស្ត្រ និង​វិស្វកម្ម។

បើ​យោងតាម​ស​ន្ទ​ស្សន៍​នៃ​នវានុវត្តន៍​លើ​ពិភពលោក​បាន​ចាត់​លំដាប់ថ្នាក់​កូរ៉េខាងត្បូង​ថា​ជាច្រើន​ជាងគេ​បំផុត​ក្នុងចំណោម​ប្រទេស​ទាំងអស់​ដែលមាន​ភាពល្បីល្បាញ​ផ្នែក​សេដ្ឋកិច្ច​លើ​ពិភពលោក​នៅ​ឆ្នាំ2017។

យោងតាម​ទិន្នន័យ​ដែល​បង្ហាញ​ដោយ IMF និង OECD បាន​បង្ហាញថា ក្រុមហ៊ុនធំៗផ្នែក​បច្ចេកវិទ្យា​មួយចំនួន​របស់​កូរ៉េខាងត្បូង​ទទួលបាន​ប៉ាតង់​ច្រើនជាង​ក្រុមហ៊ុនធំៗរបស់​អាមេរិក​ដូចជា IBM ចាប់​តាំងពីដើម​សហស្សវត្ស​ថ្មី​នេះ​មកម្ល៉េះ។ របកគំហើញ​ទាំងអស់នេះ​បានដាក់​ចេញមក​នូវ​ច​ង្វា​ក់​នៃ​ការផ្គត់ផ្គង់ ដែល​បាន​ជំ​រុញឱ្យ​សេដ្ឋកិច្ច​កូរ៉េខាងត្បូង​មានការ​អភិវឌ្ឍ​លឿន។

បន្ទាប់ពី​កូរ៉េខាងត្បូង ប្រទេស​ស៊ុយអែត​បាន​ឈរ​ក្នុង​ចំណាត់ថ្នាក់​លេខ2 ដែលមាន​ល្បឿន​នៃ​ការបង្កើត​ថ្មី​លើ​វិស័យ​បច្ចេកវិទ្យា​យ៉ាង​ឆាប់រហ័ស ហើយ​បាន​ឈរ​ជា​ប្រទេស​ដែលមាន​ការចាប់ផ្តើម​អាជីវកម្ម​ផ្នែក​បច្ចេកវិទ្យា (tech start-up) ល្អ​នៅ​អឺរ៉ុប។ ប្រទេស​នេះ​ត្រូវបាន​គេ​មើលឃើញថា​ជា​កន្លែង​ដែលមាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំជាងគេ​នៅ​ទ្វីបអឺរ៉ុប ជាមួយនឹង​ចង្វាក់​ផលិតកម្ម​បច្ចេកវិទ្យា​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ។

បន្ទាប់ពី​ប្រទេស​ស៊ុយអែត គឺ​ប្រទេស​សិង្ហ​បុរី​ដែលមាន​ស​ន្ទ​ស្សន៍​នវានុវត្តន៍​ខ្ពស់​លំដាប់​ទី3 លើ​ពិភពលោក ព្រោះ​ប្រទេស​តូច​តែ​សម្បូរ​ដោយ​ធនធានមនុស្ស​មួយ​នេះ បាន​ប្រឹងប្រែង​កែច្នៃ​គ្រប់លទ្ធភាព​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​វិទ្យាសាស្ត្រ និង​គំហើញ​បច្ចេកវិទ្យាថ្មីៗមក​ជំនួសដៃ​ជើងមនុស្ស​លើ​ការងារ​មួយចំនួន ស្រប​ពេលដែល​ប្រជាជន​សិង្ហ​បុរី​បាន​ក្លាយជា​អ្នកជំនាញ និង​ធ្វើ​ការងារសំខាន់ៗនៅ​គ្រប់កន្លែង​ទូទាំង​ពិភពលោក។

លើសពីនេះទៅទៀត​សិង្ហ​បុរី ជា​ប្រទេស​ដែល​ពឹង​ផ្អែកលើ​ពាណិជ្ជ-កម្ម ហេតុនេះ ការបង្កើត​ផលិតផល​ក្នុង​ទឹកដី​តូចចង្អៀត​មិនមែនជា​រឿង​ងាយ​នោះទេ។ ចំណុច​សំខាន់ និង​ជា​គន្លឹះ​របស់​ប្រទេស​នេះ គឺ​ផលិត​ឱ្យបាន​នូវ​ផលិតផល​ឆ្លាត​វៃ​ដែលមាន​តម្លៃ​ខ្ពស់ ហើយ​មាន​សមត្ថ​ភាពខ្លាំង​ដើម្បី​ជួយ​ការងារ​មនុស្ស ឬ​បង្កើត​សមិទ្ធផល​ជាច្រើន​ផ្សេងទៀត។

ងាក​មក​អាល្លឺម៉ង់​វិញ យើង​ឃើញថា មិន​ត្រឹមតែ​ជា​ប្រទេស​ដែលមាន​ភាពល្បីល្បាញ​ផ្នែក​យោធា​នោះទេ តែ​ប្រទេស​នេះ​ក៏មាន​ឈ្មោះ​បោះ​សំឡេង​ច្រើន​ផងដែរ លើ​ផលិតផល​ឧស្សាហកម្ម និង​បច្ចេកវិទ្យា។ អាល្លឺម៉ង់​ជា​ប្រទេស​ដែលមាន​សមត្ថភាព​យូរអង្វែង​ក្នុងការ​ផលិត​គ្រឿងយន្ត និង​បាន​ចែកចាយ​ទៅកាន់​តំបន់សំខាន់ៗក្នុង​ពិភពលោក ខណៈ​ប្រទេស​នេះ​ក៏​ត្រូវបាន​គេ​រកឃើញ​ផងដែរ​ថា ជា​ប្រទេស​ដែល​កំពុង​មមាញឹក​ក្នុងការ​រុករក​បច្ចេក​វិទ្យាថ្មីៗ ដោយ​ប្រើប្រាស់​គ្រឿងយន្ត (robot) និង​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ដូចជា​បច្ចេកវិទ្យា AI ជាដើម។

អាល្លឺម៉ង់ ជា​ប្រទេសមួយ​ដែលមាន​សមត្ថភាព​ខ្លាំង​ក្នុងការ​បង្កើន​ការងារ​ផ្នែក​វិស្វកម្ម និង​មាន​សហគ្រាស​ពង្រាយ​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុងប្រទេស ដែល​ពេលខ្លះ​ប្រជាជន​នៃ​ប្រទេស​នេះ អាចឈាន​ទៅដល់​ការបង្កើត​ឧបករណ៍ថ្មីៗមួយចំនួន​ដែល​ពិភពលោក​នឹកស្មាន​មិន​ដល់ និង​មាន​គុណភាព​ខ្ពស់​ទៀតផង ដើម្បី​ជួយ​ដល់​វិស័យ​កសិកម្ម វិស័យ​វេជ្ជសាស្ត្រ និង​ការដឹកជញ្ជូន​ជាដើម៕

Advertisement