កត្តា​អ្វីខ្លះ​ដែលនាំឱ្យ​មនុស្ស​ធ្វើ​ការងារ​បានល្អ?

មនុស្សម្នាក់ៗតែងតែ​ចង់​ក្លាយជា​មនុស្ស​ដែល​ធ្វើ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ហើយ​ចង់​អភិវឌ្ឍ​ខ្លួន​ឱ្យ​បានល្អ​នៅក្នុង​កន្លែង​ការងារ ព្រោះ​ចំណុច​ទាំងអស់នេះ​ជា​គន្លឹះ​យ៉ាងសំខាន់​ក្នុងការកសាង​ភាព​ថ្កុំថ្កើង តែ​ពេលខ្លះ​មាន​កត្តា​រាំងស្ទះ​មួយចំនួន​ដែល​បង្អាក់​ដល់​ដំណើរការ​នៃ​ការអភិវឌ្ឍ​ខ្លួន​នេះ។

លោក​សាស្ត្រាចារ្យ ព្រើ​ន សុ​វង្ស ព្រឹទ្ធបុរស​រង​នៃ​ពុទ្ធិកមហាវិទ្យាល័យ វិទ្យាសាស្ត្រ​អប់រំ និង​ព័ត៌មានវិទ្យា​ទទួលបន្ទុក​ដេ​ប៉ា​តឺ​ម៉​ង់ ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន​នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ​បាន​លើកឡើងថា​ដើម្បីឱ្យ​មនុស្សម្នាក់ៗអាច​អភិវឌ្ឍ​សមត្ថភាព​បានល្អ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ គឺ​អាស្រ័យ​លើ​ចំណុច 3យ៉ាងសំខាន់ៗគឺ កត្តា​ជំនាញ កត្តា​ចិត្តសាស្ត្រ​ផ្ទាល់ខ្លួន និង​កត្តា​ស្ថាប័ន។ ជា​ចំណុច​ចាប់ផ្តើម មុននឹង​អាចធ្វើ​ការងារ​បានល្អ មនុស្សម្នាក់ៗចាំបាច់​ត្រូវតែមាន​ជំនាញ​គោល​មួយ​ឱ្យបាន​ច្បាស់លាស់ ហើយ​កត្តា​ជំនាញ​ហាក់បីដូចជា​ចំណុច​ស្នូល​មួយ ដែល​ធ្វើឱ្យ​យើង​អាចមាន​លទ្ធភាព​បំពេញការងារ​មួយ​បានល្អ និង​គោរព​លក្ខខណ្ឌ​គោល​របស់​ស្ថាប័ន ឬ​អាចជួយ​ឱ្យ​យើង​ក្លាយជា​អ្នកជំនាញ​លើ​ផ្នែក​ណាមួយ​បាន។

ចំណែកឯ​កត្តា​ចិត្តសាស្ត្រ​ផ្ទាល់ខ្លួន​វិញ​គឺ​ផ្តោតលើ​ចំណុច​អភិវឌ្ឍន៍ ឬ​សមត្ថភាព​ក្នុងការ​អភិវឌ្ឍ​ជំនាញ​នោះ​ប្រកបដោយ​ភាព​ឆ្លាត​វៃ​ដើម្បី​ឱ្យក្លាយ ជា​មនុស្ស​លេចធ្លោ​ក្នុង​ស្ថាប័ន។  លោក​សាស្ត្រាចារ្យ ព្រើ​ន សុ​វង្ស​បាន​និយាយថា៖ “គ្មាន​ផ្នែក​ណា​អាច​កាត់ផ្តាច់​ពីគ្នា​បាន​នោះទេ រវាង​ជំនាញ និង​កត្តា​ចិត្តសាស្ត្រ​ផ្ទាល់ខ្លួន។

វា​ហាក់បីដូច​ជាលី​បក​ង់ និង​ច្រវាក់​ដែល​សុទ្ធតែ​សំខាន់​សម្រាប់​ឱ្យ​កង់​រត់​ទៅមុខ​បាន។ ទោះបីជា​ផ្នែក​ណា​ធំ​ជាង ឬ​តូច​ជាង​ក៏ដោយ ក៏ត្រូវ​តែមាន​ទាំងពីរ​ដើម្បី​ជំរុញ​សកម្មភាព​ជាក់ស្តែង​ឱ្យ​ដំណើរការបាន​រលូន និង​មានប្រសិទ្ធភាព។

លោក​សាស្ត្រាចារ្យ​ក៏បាន​លើកឡើង​ផងដែរ​ថា កត្តា​សំខាន់​មួយទៀត​ដែល​អាច​នាំ​មនុស្ស​ឱ្យទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​គឺ កត្តា​ស្ថាប័ន ឬ​ប្រព័ន្ធ​ការងារ។ ពាក្យ​ខ្មែរ​យើង​តែង​និយាយថា “មាន់​ពង​លើ​ស្រួ​វ តែងតែ​ស៊ី​ស្រូវ” ឬ​មានន័យថា មនុស្ស​ធ្វើ​ការងារ​ជាមួយ​លុយកាក់​តែងតែ​ឆ្លៀត​យក​ប្រយោជន៍​ពី​លុយកាក់​នោះ តែបើ​យើង​មើលទៅ​អ្នកធ្វើការងារ​ក្នុង​ធនាគារ​យើង​នឹង​ដឹងថា វា​មិនមែន​បែប​នោះ​ទាំងអស់​ទេ។

មនុស្ស​ធ្វើ​ការងារ​ជាមួយ​លុយកាក់​ក៏ដោយ តែ​ប្រសិនបើ​យើង​មាន​ប្រព័ន្ធគ្រប់គ្រង​ត្រឹមត្រូវ នោះ​ភាពច្បាស់លាស់​នៅតែមាន។ ងាក​មក​អ្នកធ្វើការងារ​ដទៃទៀត​វិញក៏​ដូចគ្នា​ដែរ ការដែល​ស្វែងរក​កន្លែង​ដែល​អាច​អនុញ្ញាតឱ្យ​យើង​បញ្ចេញ​អស់​សក្តានុពល និង​មាន​សេរីភាព​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍ​ខ្លួនឯង គឺជា​រឿង​សំខាន់​ដែល​អាចធ្វើឱ្យ​យើង​ក្លាយជា​មនុស្ស​ដែល​ប្រើប្រាស់​អស់​បញ្ញា​ស្មារតី ដើម្បី​ធ្វើ​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។

អ្នក​អប់រំ​ខាងលើ​បានលើកឡើង​ផងដែរ​ថា លក្ខខណ្ឌ​នៃ​ការងារ​ល្អ​មាន​ច្រើន​ប្រភេទ។  ពេលខ្លះ​មនុស្ស​អន់​ធ្វើ​ការងារ​ក្នុង​ស្ថាប័ន​ខ្លាំង អាចធ្វើឱ្យ​គាត់​ក្លាយជា​មនុស្ស​តស៊ូ ហើយ​ខ្លាំង​ទៅតាម​នោះដែរ។ ចំណែកឯ​អ្នក​ខ្លះទៀត​គាត់​ខ្លាំង តែ​ស្ថាប័ន​ខ្សោយ ត្រង់នេះ​មានន័យថា គាត់​អាច​ក្លាយជា​បុគ្គល​ស្នូល​ក្នុងការ​លើកស្ទួយ​ស្ថាប័ន​ឱ្យមាន​ថាមពល។ ហើយ​អ្នក​ខ្លះទៀត គាត់​មាន​សមត្ថ​ភាពខ្លាំង​ស្រាប់ ហើយ​ធ្វើ​ការងារ​ក្នុង​ស្ថាប័ន​ល្អ​ថែមទៀត គាត់​នឹង​កាន់តែខ្លាំង។ ហេតុនេះ​ការអភិវឌ្ឍ​សមត្ថភាព​ជំនាញ សមត្ថភាព​ចិត្តសាស្ត្រ​ក្នុងការ​អភិវឌ្ឍ​ផ្ទាល់ខ្លួន និង​ការជ្រើសរើស​ស្ថាប័ន​ត្រឹមត្រូវ គឺជា​កត្តា​សំខាន់​ខ្លាំងណាស់​ដែល​អ្នកធ្វើការ​ងារ​ត្រូវ​គិតគូរ។

លោក លី សុភា​រិ​ទ្ធ អ្នកគ្រប់គ្រង​លើ​ក្រុម​វិស្វករ​នៃ​ក្រុមហ៊ុន​ឯកជន​មួយ បាន​លើកឡើងថា កត្តា​សំខាន់​ដែល​ធ្វើឱ្យ​មនុស្ស​ខ្លាំង​ក្នុង​ការធ្វើការងារ​គឺ​ភាព​វៃឆ្លាត និង​គំនិត​វិជ្ជមាន​ក្នុង​ការធ្វើការងារលំបាក។ ការងារ​ទាំងអស់​សុទ្ធ​តែ​ត្រូវ​ការជំនាញដូចៗគ្នា ហើយ​បើ​គ្រាន់តែ​ធ្វើ​ការងារដដែលៗ អ្នកណា​ក៏​អាចធ្វើ​បានដែរ ហេតុនេះ​បុគ្គលិក​ដែល​លេចធ្លោ គឺជា​អ្នក​ដែលមាន​ភាព​វៃឆ្លាត​ក្នុងការ​ច្នៃប្រឌិត​វិធី​ដែល​ខ្លួន​ធ្វើ​នោះ​ឱ្យ​ខ្លី ឬ​ឱ្យ​ងាយ ហើយ​ចំណេញ​ពេលវេលា​ច្រើន​ក្នុងការ​បង្កើន​គុណភាព ឬ​បរិ​មាណនៃ​សមិទ្ធផល​សម្រាប់​ការងារ​ប្រចាំថ្ងៃ។

ការធ្វើការងារ​បែបនេះ គឺ​គេ​ហៅថា ធ្វើ​ការងារ​ប្រកបដោយ​វិធី​ឆ្លាត (work smart) មិនមែន​ធ្វើ​ការងារ​ចំណាយពេល​ច្រើន តែ​មិន​ទទួលបាន​លទ្ធផល​នោះទេ។ ម្យ៉ាងវិញទៀត នៅពេលដែល​យើង​មាន​សមត្ថភាព​ខ្ពស់​ក្នុងការ​ច្នៃប្រឌិត យើង​ក៏​អាច​ក្លាយជា​ផ្នែក​មួយ​យ៉ាងសំខាន់​ក្នុងការ​ចូលរួមចំណែក​អភិវឌ្ឍ​ក្រុមហ៊ុន ឬ​ស្ថាប័ន​ឱ្យមាន​លទ្ធភាព​ក្នុងការ​ប្រកួតប្រជែង​ជាមួយនឹង​ដៃគូ​នៅក្នុង​ទីផ្សារ។

លោក លី សុភា​រិ​ទ្ធ បាន​និយាយថា៖ “ការធ្វើការងារ​ប្រកបដោយ​ភាព​វិជ្ជមាន ក៏​ជា​ចំណុចខ្លាំង​មួយ​ដែល​ជំរុញ​អ្នកធ្វើការងារ​ឱ្យមាន​ថាមពល និង​អាច​ទទួលបាន​លទ្ធផល​ខ្ពស់​ផងដែរ។ បញ្ហា​ដែលជា​ចំណុច​ប្រឈម​របស់​មនុស្ស​ជាច្រើន គឺ​មើល​ឃើញតែ​ពី​បញ្ហា ឬ​មានគំនិត​អវិជ្ជមាន​ច្រើនជាង​រីករាយ​ជាមួយនឹង​ការផ្លាស់ប្តូរ​ដែល​វិជ្ជមាន។ ហេតុនេះ​ប្រសិនបើ​យើង​មានគំនិត​វិជ្ជមាន​ក្នុង​ការងារ យើង​នឹង​ព្យាយាម​ស្វែងរក​ចម្លើយ​គ្រប់​លទ្ធភាព​ដើម្បី​សម្រេច​គោលដៅ បើទោះបីជា​ការងារ​ទាំង​នោះ​មិនមែនជា​រឿង​ងាយស្រួល​ក៏ដោយ។

លោក សុភា​រិ​ទ្ធ បានលើកឡើង​ផងដែរ​ថា អ្នកណា​ក៏​អាច​អភិវឌ្ឍ​សមត្ថភាព​ឱ្យ​ខ្លាំង​បានដែរ ប្រសិនបើ​យើង​ចាប់ផ្តើម​បង្កើត​ទម្លាប់​ល្អ​ក្នុង​ការធ្វើការងារ ឬ​ដកឃ្លា​បន្តិច​ដើម្បី​គិតពី​ការអភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ឱ្យ​កាន់តែខ្លាំង បើទោះបីជា​ពេលវេលា​រាល់ថ្ងៃ​ធ្វើឱ្យ​យើង​នឿយហត់​ក៏ដោយ ព្រោះថា នៅពេលដែល​យើង​ដកឃ្លា​ស្វែងរក​ពេល​គិត​ប្រកបដោយ​សេរីភាព និង​ភាព​ច្នៃប្រឌិត យើងនឹង​អាចធ្វើ​ការងារ​ដដែល​នោះ​ដោយ​ភាពងាយស្រួល និង​ចំណេញ​ពេលវេលា​ច្រើន៕

Advertisement