ប្រាក់ចំណូល Facebook ត្រីមាស​ដើមឆ្នាំ 2018 កើនឡើង​ ​ទោះ​ផ្ទុះ​រឿង​អាស្រូវ​ធំ​ក្ដី

អាមេរិក៖ បណ្ដាញ​ទំនាក់ទំនង​សង្គម​យក្ស Facebook បានប្រកាស​ឱ្យដឹងថា ប្រាក់ចំណូល និង​ចំណេញ​នៅ​ត្រីមាស​ទី1 ដើមឆ្នាំ 2018 មានការ​កើនឡើង​ខ្ពស់ជាង​ការរំពឹងទុក​របស់​ក្រុមអ្នកវិភាគ ជាពិសេស​ចំនួន​អ្នកប្រើប្រាស់​ក៏បាន​កើនឡើង​ផងដែរ ខណៈដែល​រឿងអាស្រូវ​នៅ​មិនទាន់​ស្ងប់ស្ងាត់។

យោងតាម​ការចេញផ្សាយ​នៅលើ​គេហទំព័រ Facebook បានឱ្យដឹងថា 3ខែ​ដើម​ឆ្នាំនេះ Facebook រកចំណូលបាន 11.97ពាន់​លាន​ដុល្លារ​អាមេរិក ខណៈដែល​ក្រុមហ៊ុន​វិភាគ​បាន​ព្យាករណ៍​ថា នឹង​ទទួលបាន​ត្រឹមតែ 11.4ពាន់​លាន​ដុល្លារ​អាមេរិក។ បើទោះបីជា Facebook មិនបាន​បង្ហាញ​របាយ​ការណ៍​ហិរញ្ញវត្ថុ​នៃ​ត្រីមាស​ទី1 នេះ​ក្ដី ប៉ុន្តែ Facebook បាន​បញ្ជាក់ថា ប្រាក់ចំណេញ​នៅក្នុង​ត្រីមាស​នេះ កើនឡើង ប៉ុន្តែ​មិនបាន​បញ្ជាក់​លម្អិត​នោះទេ។

ជាមួយគ្នា​នោះ​ផងដែរ ចំនួន​អ្នក​នៅក្នុង​ត្រីមាស​ទី1 បាន​កើន​ឡើងដល់ 2.2ពាន់​លាន​នាក់ ពោលគឺ​កើនឡើង 13ភាគរយ បើ​ធៀប​នឹង​ទៅ​ចុងឆ្នាំ 2017។

គួរបញ្ជាក់​ផងដែរ​ថា ថ្មីៗនេះ Facebook បាន​ជួប​រឿងអាស្រូវ​បែកធ្លាយ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់​ប្រមាណ​ជា 87លា​នាក់ រហូត​ធ្វើឱ្យ​លោក Mark Zuckerberg មេ​ធំ Facebook ចេញមុខ​សុំទោស​ជា​សាធារណៈ ជាពិសេស​មាន​បណ្ដា​ប្រទេសមួយ​ចំនួន​គំរាម​បិទ Facebook ចោល​ទៀតផង៕

Advertisement