ការផ្លាស់ប្តូរ​ទម្លាប់​នៃ​ការដាក់​ពាក្យ​ធ្វើ​ការងារ​របស់​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ឯកជន

លោក សាន្ត ច័ន្ទកុម្ភៈ / លោក ស គីណាល់

នាពេលថ្មីៗនេះ ដោយសារតែ​កម្ពុជា​បាន​សម្រួល​ឱ្យ​អ្នកវិនិយោគ​កាន់​តែមាន​ភាពងាយស្រួល និង​មានឱកាស​បង្កើត​សហគ្រាស​ពាណិជ្ជកម្ម​របស់ខ្លួន​បាន​យ៉ាង​ទូលំទូលាយ​នៅ​កម្ពុជា ធ្វើឱ្យ​ចំនួនក្រុមហ៊ុន​ឯកជន​នានា ទាំង​ជាតិ និង​អន្តជាតិ​បាន​កើន​ឡើងជា​រៀងរាល់ថ្ងៃ ដែល​ចរន្ត​នេះ​បានធ្វើឱ្យ​ប្រព័ន្ធ​នៃ​ការធ្វើការ ក៏ដូចជា​ការដាក់​ពាក្យ​ធ្វើការ​របស់​បុគ្គលិក​មាន​ការផ្លាស់ប្តូរ​ទៅតាម​នោះដែរ។

អគ្គនាយក​ក្រុមហ៊ុន Aplus Consulting លោក ស គី​ណា​ល់ បាន​លើកឡើងថា ពាក់ព័ន្ធ​នឹង​ការប្រែប្រួល​នៃ​របៀប​ក្នុងការ​ដាក់ពាក្យ ក៏ដូចជា​ចំនួន​នៃ​ការដាក់​ពាក្យ គឺ​វា​ពិតជា​មាន តែ​ការប្រែប្រួលនោះ​មាន​ភាព​វិជ្ជមាន ឬ​អវិជ្ជមាន គឺ​អាស្រ័យ​លើ​ប្រភេទ​នៃ​ក្រុមហ៊ុននីមួយ។ នៅពេល​បច្ចុប្បន្ននេះ មាន​ក្រុមហ៊ុន​ខ្លះ​ទទួលបាន​អ្នកដាក់ពាក្យ​ច្រើន ខណៈ​ក្រុមហ៊ុន​មួយចំនួនទៀត​ខ្វះ​អ្នក​ដាក់ពាក្យ ដែល​បញ្ហា​នេះ​អាចមកពី​កត្តា​មួយចំនួន​ដូចជា​កត្តា​អ្នកដាក់ពាក្យ កត្តា​ក្រុមហ៊ុន និង​កត្តា​ប្រកួតប្រជែង​នៃ​ទីផ្សារការងារ​ជាដើម។

លោក ស គី​ណា​ល់ បាន​និយាយថា ៖ “នាពេល​បច្ចុប្បន្ននេះ បុគ្គលិក​ខ្លះ​គាត់​ចូលចិត្ត​ដាក់​ពាក្យចំ​កន្លែង​ដែល​គាត់​ត្រូវការ​តែម្តង​ព្រោះ​គាត់​មិន​ចង់​ដាក់ពាក្យ​ឱ្យតែបាន​ការងារ​ធ្វើ​សិន ដូច​កាលពីមុន​នោះទេ ហើយ​ពេលខ្លះ​បុគ្គលិក គឺ​សម្រុក​ដាក់ពាក្យ​លើ​ក្រុមហ៊ុន​មួយចំនួន​ដែលមាន​ការទាក់ទាញ​ខ្លាំង ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​មួយចំនួនទៀត ដែល​មិនសូវ​បានធ្វើការ​ផ្សព្វផ្សាយ​រក​ផ្នែក​ធនធានមនុស្ស​ត្រូវ​ខ្វះ​អ្នកដាក់ពាក្យ។

អ្នកជំនាញ​ធនធានមនុស្ស​ខាងលើ​បានលើកឡើង​ផងដែរ​ថា ក្រៅពី​ការដាក់​ពាក្យ​ដោយផ្ទាល់​ហើយ អ្នកដាក់ពាក្យ​ធ្វើ​ការងារ​ជាច្រើន​នាពេល​បច្ចុប្បន្ន បាន​បង្វែរ​ទៅ​ដាក់ពាក្យ​តាមរយៈ​ក្រុមហ៊ុនធនធានមនុស្ស​វិញ​ម្តង ព្រោះថា ការដាក់​ពាក្យ​តាមរយៈ​ក្រុមហ៊ុន​ធនធានមនុស្ស​មាន​ភាព​ងាយស្រួល ហើយ​អាចធ្វើឱ្យ​គាត់​ឆាប់​ទទួលបាន​ការងារ​ដែលត្រូវ​នឹង​សមត្ថភាព​របស់គាត់។ មូលហេតុ​ដែល​គាត់​ចូលចិត្ត​ដាក់ពាក្យ​បែបនេះ​គឺ​ទី1 នៅ​ក្រុមហ៊ុន​ធនធានមនុស្ស​មាន​អ្នកជំនាញ​ដែល​អាចជួយ​ណែនាំ និង​សម្រួល​ដល់​បេក្ខជន​មុនពេល​ដែល​ឯកសារ​របស់គាត់​ត្រូវបាន​បញ្ជូនទៅ​ក្រុមហ៊ុន​ដែល​ត្រូវការ​ជ្រើសរើស​បុគ្គលិក។

ម្យ៉ាងវិញទៀត នៅពេលដែល​អ្នកដាក់ពាក្យ​គាត់​ដាក់ពាក្យ​ដោយ​ខ្លួនឯង​ទៅ​ក្រុមហ៊ុន​ដែល​គាត់​ចង់​ធ្វើការ គាត់​ត្រូវតែ​ដាក់ពាក្យ​ច្រើនដង​ដើម្បី​បាន​ទៅដល់​ច្រើន​ក្រុមហ៊ុន តែ​ប្រសិនបើ​គាត់​ដាក់ពាក្យ​តាម​ក្រុមហ៊ុន​ធនធានមនុស្ស​វិញ ក្រុមហ៊ុន​គេ​នឹង​ជួយ​ដាក់ពាក្យ​ឱ្យ​គាត់​បាន​ដល់​ទៅ10 ឬ20ក្រុមហ៊ុន​ឯណោះ​ក្នុងពេល​តែមួយ។

លោក ស គី​ណា​ល់ បានបង្ហាញ​ផងដែរ​ថា បើ​ងាក​មក​កត្តា​ក្រុមហ៊ុន​វិញ គឺ​មានរឿងសំខាន់ៗចំនួន2 គឺ​ទី1ក្រុមហ៊ុន​ដែល​មិនទាន់​គិតគូរ​ពី​បរិស្ថាន និង​លក្ខខណ្ឌ​ការងារ​ឱ្យបាន​ល្អ​ដើម្បី​ទាក់ទាញ​បុគ្គលិក និង​ទី2 គឺ​ស្ថាប័ន​ដែលមាន​លក្ខខណ្ឌ និង​បរិស្ថាន​ល្អប្រសើរ​ហើយ។ ចំពោះ​ក្រុមហ៊ុន​ដែល​មិនទាន់មាន​បរិស្ថាន​ល្អ គឺ​ក្រុមហ៊ុន​ជា​លក្ខណៈ​គ្រួសារ ដែល​គួរតែ​ព្យាយាម​បង្កើតឱ្យមាន​បរិស្ថាន​ការងារ​ល្អ​ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ និង​ដើម្បីឱ្យ​បុគ្គលិក​ពេញចិត្ត​ធ្វើ​ការងារ​ជាមុនសិន។

សម្រាប់ក្រុមហ៊ុន​ដែលមាន​បរិស្ថាន​ការងារ​ល្អ​ហើយ គាត់​ចាំបាច់​ត្រូវធ្វើ​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ពី​លក្ខខណ្ឌ​ល្អប្រសើរ​ដែល​គាត់​មាន ទៅកាន់​សាធារណជន​ឱ្យបាន​ដឹង ដើម្បី​ជំរុញ​ចំណាប់​អា-រ​ម្មណ៍​របស់​បុគ្គលិក​ជំនាញ​ដែល​គាត់​ត្រូវការ​ឱ្យគេ​ចង់​ដាក់ពាក្យ​ធ្វើការ​ងារ។

អ្នកជំនាញ​រូបនេះ បាន​សង្កត់ធ្ងន់​ផងដែរ​ថា នាពេល​បច្ចុប្បន្ននេះ​ក្រុមហ៊ុន​ស្តង់ដារ​ជាច្រើន​ចាប់ផ្តើម​កើតឡើង​នៅ​កម្ពុជា ហេតុនេះ​បុគ្គលិក​កម្ពុជា​ក៏បាន​មើលឃើញ​ពី​លក្ខខណ្ឌ​ល្អប្រសើរ​មួយចំនួន​ដែល​ពួកគាត់​ចាប់អារម្មណ៍ ហើយ​នាំគ្នា​ដាក់ពាក្យ​ច្រើន​ទៅ​ក្រុមហ៊ុន​ស្តង់ដារ និង​លែង​សូវ​ដាក់ពាក្យ​ទៅ​ក្រុមហ៊ុន​ជាលក្ខណៈ​គ្រួសារ។ ត្រង់ចំណុច​នេះ លោក​ចង់ឱ្យ​ក្រុមហ៊ុន​ឯកជន​នានា​គួរ​ព្យាយាម​កែសម្រួល​ខ្លួនឯង​ឱ្យមាន​លក្ខខណ្ឌ​ល្អប្រសើរ​ឡើង។

បង្ហាញ​លើ​ចំណុច​នេះដែរ លោក សាន្ត ច័ន្ទ​កុម្ភៈ នាយក​បណ្តុះបណ្តាល​នៃ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​កម្ពុជា បាន​លើកឡើងថា នាពេល​បច្ចុប្បន្ននេះ​បុគ្គលិក​មួយចំនួន​មិនសូវ​ដាក់ពាក្យ​ធ្វើការ​ងារ​នៅក្នុង​ក្រុមហ៊ុន​មួយចំនួន ដោយសារតែ​ពេលខ្លះ​គាត់​ផ្តោតលើ​ប្រាក់ខែ ខណៈ​អ្នក​ខ្លះទៀត​ផ្តោតលើអាជីព​នាពេល​អនាគត។

បុគ្គលិក​មួយចំនួនធំ​ចាប់អារម្មណ៍​ដាក់ពាក្យ​ធ្វើការ​ងារ​ដោយ​ផ្តោតលើ​ប្រាក់ខែ ហេតុនេះ​ស្ថាប័ន​ណា​ដែល​ផ្តល់​ប្រាក់ខែ​តិច​ដល់​គាត់ គឺ​គាត់​មិន​ចង់​ដាក់ពាក្យ​ធ្វើ​នោះទេ តែ​បុគ្គលិក​មិន​ច្រើន​ប៉ុន្មាន​នោះទេ​ដែល​ធ្វើ​ការងារ​ដើម្បី​អនាគត​នៃ​អាជីព​ច្រើនជាង​ប្រាក់ខែ តែ​គាត់​ក៏​ស្វែងរក​ស្ថាប័ន​ណា​ដែល​គាត់​គិតថា​អាចជួយជំរុញ​គាត់​ឱ្យ​ឆ្ពោះទៅរក​គោលដៅ​របស់គាត់​ដែរ។ ហេតុនេះ​បើ​ចង់​ទាក់ទាញ​បុគ្គលិក​ធ្វើការ​ងារ​ឱ្យបាន​ច្រើន ម្ចាស់​អាជីវកម្ម​គួរ​បង្ហាញ​ឱ្យបាន​ច្បាស់លាស់​ពី​ឱកាស និង​អ្វីដែល​យើង​នឹង​ផ្តល់ឱ្យ​បុគ្គលិក​ឱ្យបាន​ច្រើន មិនមែន​បង្ហាញ​តែ​អ្វីដែល​ក្រុមហ៊ុន​ត្រូវការ​ពី​បុគ្គលិក​នោះទេ។

លោក សាន្ត ច័ន្ទ​កុម្ភៈ បាន​និយាយថា ៖ “បុគ្គលិក​មួយចំនួន​ដែល​ចូលចិត្ត​ដាក់ពាក្យ​ធ្វើការ​ងារ​តាម​គ្នា មិន​ដាក់ពាក្យ​ធ្វើ​ការងារ​ដោយផ្ទាល់​ទៅ​ក្រុមហ៊ុន​ដែល​កំពុង​ជ្រើសរើស​បុគ្គលិក​ទេ ដោយសារពេលខ្លះ​គាត់​មិន​ទុកចិត្ត​ក្រុមហ៊ុន​ដែល​កំពុង​ប្រកាស​នោះទេ ហើយ​អ្នក​ខ្លះទៀត​គឺ​គាត់​មិន​បានដឹង​ព័ត៌មាន​ច្បាស់លាស់​ពី​ស្ថាប័ន ដែល​កំពុង​ប្រកាស​ដែល​ធ្វើឱ្យ​គាត់​ត្រូវ​ស្វែងរក​កន្លែង​ណា​ដែល​គាត់​ទុកចិត្ត និង​មាន​អ្នក​ស្គាល់គ្នា​កំពុងធ្វើការ​នៅ​ទីនោះ​ស្រាប់។

អ្នកគ្រប់គ្រង​ស្ថាប័ន​ខាងលើ បានលើកឡើង​ផងដែរ​ថា កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​ក៏​ជា​ផ្នែក​សំខាន់​មួយ​ផងដែរ ព្រោះ​អាច​ប៉ះពាល់​ដល់​ការជ្រើសរើស​បុគ្គលិក ព្រោះថា នៅពេលដែល​ក្រុមហ៊ុនមានឈ្មោះ​ល្អ នោះ​ព័ត៌មានល្អៗនឹង​បង្កើតជា​ទំនុកចិត្ត​ដល់​មនុស្ស​ទូទៅ ដែល​អាចធ្វើឱ្យ​ក្រុមហ៊ុន​នោះ​ក្លាយជា​ចំណុច​ចាប់អារម្មណ៍​របស់​អ្នកដាក់ពាក្យ​ធ្វើ​ការងារ៕

Advertisement