វិធីសាស្ត្រ​បង្កើន​ភាព​រីករាយ​ក្នុង​ការរៀន និង​ធ្វើឱ្យ​យើង​រៀន​ពូកែ

អ្នកសិក្សា​មួយចំនួន​ហាក់​កំពុងមាន​ការយល់ច្រឡំ​ថា អ្នក​ដែល​ខំរៀន​ទាំងអស់​សុទ្ធតែជា​អ្នករៀន​ចេះ ឬ​សុទ្ធតែជា​អ្នក​ដែល​ជោគជ័យ​ក្នុងការ​សិក្សា តែ​ស្ថានភាព​ពិត​គឺអាច​ខុសស្រឡះ​ពី​ការគិត ព្រោះ​មាន​អ្នក​ខំរៀន​មួយចំនួន​បែរជា​ជោគជ័យ​តិចជាង​អ្នក​ដែល​មើលទៅ​មិនសូវ​ខំ​ក៏មាន។ បញ្ហា​ទាំងអស់នេះ អាច​កើតឡើង​ពី​វិធីសាស្ត្រ​ក្នុង​ការគិត និង​អនុវត្ត​សម្រាប់​ទទួលបាន​ភាពល្អ​ប្រសើរ​ក្នុង​ជីវិត​សិក្សា។

កញ្ញា ឡាំ សុ​វ​ណ្ណី និស្សិត​ដែល​ទទួលបាន​និទ្ទេស A រាល់​ឆ្នាំ និង​ជា​និស្សិត​ដែល​បាន​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ថៃ បាន​លើកឡើងថា លក្ខណសម្បត្តិ​របស់​និស្សិត​ពូកែ​មាន​ច្រើនណាស់ ហើយ​ខុសប្លែកគ្នា​ទៅតាម​ជំនាញ និង​វិធីសាស្ត្ររៀងៗខ្លួន។ សម្រាប់​អ្នករៀន​ពូកែ​ភាគច្រើន​ជា​អ្នក​ដែលមាន​វិធីសាស្ត្រ​រៀន​ច្បាស់លាស់ មិនមែន​ខំ​ដោយ​គ្មាន​គោល​គំនិត​នោះទេ។ ចំណុច​សំខាន់​ទី1 សម្រាប់​អ្នករៀន​ពូកែ គឺ​គេ​ជ្រើស​រើសយក​មុខវិជ្ជា​ត្រឹមត្រូវ ហើយ​មុខវិជ្ជា​ទាំងអស់នោះ​ជា​មុខវិជ្ជា​ដែល​គេ​ស្រឡាញ់​ពេញចិត្ត​ពិតប្រាកដ។

កាលណា​មនុស្ស​សិក្សា​លើ​មុខវិជ្ជា​ដែល​គេ​មិន​ស្រឡាញ់ ទោះបីជា​ខិតខំ​រៀន​ខ្លាំង​ក៏មាន​ការលំបាក​ដែរ ព្រោះ​ចិត្ត​យើង​មិន​ចង់ ហេតុនេះ​កាន់តែ​ជម្នះ​ខ្លួនឯង កាន់​តែមាន​អារម្មណ៍​ថា​ធុញទ្រាន់ តែ​ប្រសិនបើ​យើង​ជ្រើសរើស​ចំ​មុខវិជ្ជា​ដែល​ខ្លួន​ស្រឡាញ់​វិញ យើង​នឹង​អាច​រៀន​ដោយ​មិន​ធុញទ្រាន់ ហើយក៏​ឆាប់​យល់ច្បាស់​ដែរ ព្រោះ​យើង​មាន​ទេពកោសល្យ​ពី​កំណើត​ស្រាប់​ទៅហើយ។

កញ្ញា ឡាំ សុ​វ​ណ្ណី បាន​និយាយថា៖ “ចំណុច​សំខាន់​មួយទៀត​ដែល​ធ្វើឱ្យ​អ្នក​ខំរៀន​មួយចំនួន​មិនសូវ​ទទួលបាន​លទ្ធផល​ល្អ គឺ​ការធ្វើ​ដោយ​គ្មាន​ផែនការ។ នៅពេលដែល​យើង​រៀន​អ្វីមួយ​ដោយ​គ្មាន​ផែនការ និង​ការស្រាវជ្រាវ​ច្បាស់លាស់ វា​នឹង​ធ្វើឱ្យ​យើង​ពិបាក​យល់ ហើយ​មេរៀន​ទាំងអស់នោះ នឹង​គរច្រើនឡើងៗ រហូតដល់​យើង​មិនដឹងថា​ត្រូវ​ចាប់ផ្តើម​ពី​ណា​ទៅណា បញ្ហា​នេះ អាច​នឹង​ធ្វើឱ្យ​សិស្ស​ទាំងអស់នោះ​មិនអាច​អនុវត្ត​បានល្អ​នៅពេល​ប្រឡង បើទោះបីជា​ខំ​អាន ឬ​មើល​ច្រើនដង​យ៉ាងណាក៏ដោយ។

និស្សិត​ឆ្នើម​ខាងលើ បានលើកឡើង​ផងដែរ​ថា ការកំណត់​ផែនការ​ច្បាស់លាស់​សម្រាប់​សិក្សា​គឺជា​រឿង​សំខាន់​ណាស់ ព្រោះថា នៅក្នុង​អំឡុងពេល​សិក្សា យើង​ចាំបាច់​ត្រូវតែ​ដឹង​ឱ្យបាន​ច្បាស់ជាមុន​ថា យើង​នឹងត្រូវ​រៀន​ពីអ្វី​ខ្លះ ហើយ​រាល់​មេរៀន​ទាំងអស់នោះ​ត្រូវតែ​ស្រាវជ្រាវ​ឱ្យបាន​ច្បាស់លាស់​មុន​ដល់​ម៉ោង​សិក្សា។ នៅពេលដែល​យើង​ស្រាវជ្រាវ​បាន​មុន យើង​នឹងមាន​សំណួរ​ជាច្រើន​ដែល​អាច​សួរ​នៅក្នុង​ម៉ោង​រៀន ហើយ​ក្រោយពេល​សួរ​អស់ហើយ យើង​នឹង​អាច​ដឹង​ពី​ហេតុផល​នៃ​មេរៀន ហើយ​ចងចាំ​ដោយ​មិនបាច់​ខំប្រឹង​ដាច់​យប់​ដើម្បី​រត់តាម​មេរៀន​ដែល​ចេះតែ​ទៅមុខ​រាល់ថ្ងៃ​នោះទេ។

ចំណុច​សំខាន់​មួយទៀត​ដែល​ត្រូវ​ដឹង​នោះ​គឺ ការជឿជាក់​ខ្លួនឯង។ អ្នករៀន​ដែល​ពូកែ ភាគច្រើន​ជា​អ្នក​ដែលមាន​ទំនុកចិត្ត​លើ​ខ្លួនឯង មាន​ភាពច្បាស់លាស់​ពី​ហេតុផល​នៃ​មេរៀន​ត្រឹមត្រូវ ហើយមិន​ងាយ​ប្រែប្រួល​ទៅតាម​ស្ថានការណ៍​ណាមួយ ឬ​ទៅតាម​គេ​នោះទេ។ ខុសគ្នា​ស្រឡះ​ពី​អ្នក​ដែល​រៀន​មិនសូវ​ពូកែ ពេលខ្លះ​ខំប្រឹងប្រែង​អាន​ចាំមាត់ តែ​ងាយ​នឹង​ជឿ​តាម​អ្នកផ្សេង​ដែល​មើលទៅ​ពូកែជាង បើទោះបីជា​អ្នកនោះ​ពេលខ្លះ​ធ្វើ​ខុស​ក៏ដោយ។

និស្សិត​កំពុង​សិក្សា​នៅ​ប្រទេស​ជប៉ុន និង​ជា​អតីត​សិស្ស​ពូកែ​ទូទាំងប្រទេស​ផ្នែក​រូបវិទ្យា លោក​សុខ ពិសី បាន​លើកឡើងថា ការរៀន​ពេលខ្លះ​មិន​លំបាក​ខ្លាំងពេក​នោះទេ ប្រសិនបើ​យើង​ឧស្សាហ៍​អនុវត្តតាម​ដំណាក់កាល។ ការដែល​យើង​មាន​ភាព​ឈឺក្បាល​ខ្លាំង​លើ​លំ​ហាត់លំបាកៗ ភាគច្រើន មកពី​យើង​មិនបាន​ចាប់ផ្តើម​ពី​ដំណាក់កាលដំបូងៗឬ​មើលងាយ​លំ​ហាត់​តូច។ ពេលខ្លះ​លំ​ហាត់លំបាកៗហើយ​មាន​ភាព​ស៊ីជម្រៅ ឬ​ក្បួន​ច្រើន ភាគច្រើន​គេ​ប្រមូលផ្តុំ​ប្រភេទ​ក្បួនតូចៗបញ្ចូល​គ្នា ហើយ​បង្កើតជា​លំ​ហាត់​ធំ​តែប៉ុណ្ណោះ ប្រសិនបើ​យើង​តាម​ទាន់​គ្រប់​ដំណាក់កាល​ឱ្យ​ជាប់ យើង​នឹង​អាចធ្វើ​វា​បាន​ដោយ​ងាយ។

លោក សុខ ពិសី បាន​និយាយថា៖ “ការតាមដាន​និង​ស្វែងយល់​ពី​ឫសគល់​នៃ​មេរៀននីមួយៗ ជា​វិធី​ល្អ​មួយ​សម្រាប់​អ្នក​ខំរៀន ព្រោះថា នៅពេលដែល​យើង​យល់​មកពី​ក្នុង​សាលា​ហើយ យើង​អាច​ចំណាយពេល​នៅផ្ទះ​ច្រើន​ដើម្បី​អនុវត្ត ហើយ​មិនចាំបាច់​ត្រូវ​ខំ​អាន ឬ​មើល​លំ​ហាត់​ច្រើនពេក​នោះទេ។

និស្សិត​ពូកែ​ខាងលើ​បានលើកឡើង​ផងដែរ​ថា នៅពេល​យើង​មាន​វិធី​ឆ្លាត​វៃ​ក្នុង​ការរៀន​ហើយ យើង​នឹង​អាច​សល់​ពេល​ច្រើន​ក្នុង​ការគិត ឬ​ធ្វើអ្វីៗជាច្រើន​ផ្សេងទៀត​ដែល​ផ្តល់​ផល​វិជ្ជមាន​សម្រាប់​ការសិក្សា។ ហេតុនេះ​ប្រសិនបើ​យើង​ចង់​ចំណាយពេល​ឱ្យមាន​ប្រយោជន៍ ហើយ​អាច​ចងចាំ​បានល្អ ការផ្តោត​អារម្មណ៍​នៅក្នុង​ម៉ោង​រៀន និង​ព្យាយាម​ដោះស្រាយ​នូវ​ចម្ងល់​ដែលជា​មន្ទិល ហើយ​លំបាក​ដោះស្រាយ យើង​នឹង​អាច​រៀន​ដោយ​ភាពសប្បាយ​រីករាយ ហើយ​មិន​លំបាក​ស្មុគស្មាញ​ពេក​នោះទេ៕

Advertisement