មូលហេតុ​ដែល​ប្រជាជន​កម្ពុជា​គួរ​ចាប់ផ្តើម​បង្ហាញ​សមត្ថភាព​របស់ខ្លួន​ជា​សាធារណៈ

លោក កូវ ពុទ្ធារ័ត្នន៍ / លោក ថៃ វណ្ណ​ថា / លោក ជា សុខ​ហ៊ី

នៅក្នុង​ប្រទេស​អភិវឌ្ឍន៍ ដែល​ប្រជាជនមាន​កម្រិត​នៃ​ការយល់ដឹង​ខ្ពស់ ពួកគេ​ភាគច្រើន​តែងតែ​ជ្រើសរើស​ប្រធានបទសំខាន់ៗនៅ​កន្លែង​ជួបជុំ​ក្នុង​សហគមន៍ ឬ​គ្រឹះស្ថាន​អប់រំ ដើម្បី​ផ្តល់ឱកាស​ឱ្យ​អ្នក​ដែលមាន​ជំនាញសំខាន់ៗធ្វើការ​បកស្រាយ និង​ចែករំលែក​ដល់​មនុស្ស​ជាច្រើន​ផ្សេងទៀត​ក្នុងសង្គម។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ជា សុខ​ហ៊ី សហ-ស្ថាបនិក​នៃ​កម្មវិធី Ignite Phnom Penh បាន​លើកឡើងថា ការបញ្ចេញមតិ និង​ការចែករំលែក​ចំណេះដឹង​ដល់​គ្នា​ទៅវិញទៅមក គឺជា​រឿង​ល្អ​បំផុត​សម្រាប់​មនុស្ស​គ្រប់គ្នា​ក្នុងសង្គម ព្រោះថា​មនុស្សម្នាក់ៗតែងតែមាន​គំនិត និង​ការយល់ឃើញ​របស់គេរៀងៗខ្លួន ដែល​គន្លឹះ​ទាំងអស់នោះ​សុទ្ធសឹងតែ​ជា​ចំណុច​ដែល​អាចធ្វើឱ្យ​អ្នកដទៃ​មានការ​អភិវឌ្ឍ។ ហេតុនេះហើយ ការបង្ហាញ​នូវ​ប្រភព​ចំណេះដឹង និង​គន្លឹះសំខាន់ៗទាំងអស់នោះ អាច​ក្លាយជា​សិល្បៈ​នៃ​ការចែករំលែក​ប្រកបដោយ​គុណ​តម្លៃ។

លោក ជា សុខ​ហ៊ី បាន​និយាយថា៖ “ខ្ញុំ​ចង់ឃើញ​ប្រជាជន​គ្រប់រូប និស្សិត និង​កូន​ខ្មែរ​ទាំងអស់​អាច​ពង្រឹង​សមត្ថភាព​ក្នុងការ​និយាយ​ជា​សាធារណៈ​ដើម្បី​លើកឡើង​ពី​គំនិត​របស់ខ្លួន​ដែល​ចង់​ចែករំលែក​ក្នុង​គោលបំណង អប់រំ លើកទឹកចិត្ត​ចែករំលែក​ភាពជោគជ័យ បង្ហាញ​ពី​ក្តី​ស្រមៃ​ប្រកបដោយ​ភាព​វិជ្ជមាន និង​គោលដៅ​របស់ខ្លួន។

ស្ថាបនិក​កម្មវិធី​និយាយ​ជា​សាធារណៈ​ខាងលើ​បានលើកឡើង​ផងដែរ​ថា ការនិយាយ​ជា​សាធារណៈ​នៅ​ស្រុក​យើង លោក​ឃើញថា​វាគ្មិនម្នាក់ៗនិយាយ​ច្រើន​ម៉ោង ដែល​អាចធ្វើឱ្យ​អ្នកចូលរួម​មានការ​លំបាក​ក្នុងការ​ចាប់យក​អត្ថន័យ​សំខាន់។

តាមពិតទៅ ការនិយាយ​សាធារណៈ​ក៏​អាច​ធ្វើបាន​ដោយ​ប្រើប្រាស់​រយៈពេល​ខ្លី​បំផុត តែ​បញ្ចេញ​មកវិញ​នូវ​ខ្លឹមសារ​ខ្លី តែ​ប្រកបដោយ​អត្ថន័យសំខាន់ៗដែល​មិន​ធ្លាប់​ជួប​ពីមុនមក។ ម្យ៉ាងវិញទៀត ការនិយាយ​ពី​ជីវិត​ជាក់ស្តែង​របស់​មនុស្សម្នាក់ៗ ជា​មេរៀន​ដែល​មិនមែន​មានតែ​មនុស្ស​គ្រប់គ្នា​សុទ្ធតែ​អាចនិយាយបាន ហើយ​ត្រូវ​បានបង្ហាញដូចៗគ្នា​នៅ​គ្រប់​វេទិកា​នោះទេ មានតែ​ម្ចាស់ខ្លួន​តែប៉ុណ្ណោះ​ដែល​ដឹង​ច្បាស់ ហេតុនេះ​ចំណេះដឹង​ពី​ក្នុង​ខ្លួន​ទាំងអស់នោះ អាចជា​រឿង​ដែល​ថ្មី​បំផុត​សម្រាប់​អ្នកចូលរួម។

លោក កូវ ពុទ្ធារ័ត្នន៍ សាស្ត្រាចារ្យ​គណិតវិទ្យា​បាន​លើកឡើងថា ការនិយាយ​ដើម្បី​បង្ហាញ​ពី​ចំណេះដឹង​ជា​រឿង​សំខាន់​សម្រាប់​ប្រជាជន​ខ្មែរ ព្រោះថា នៅពេលដែល​ការអប់រំ និង​ទម្លាប់​ក្នុង​ការអាន​របស់​យើង​នៅមានកម្រិត យើង​មិន​អាចធ្វើ​ដូច​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ដទៃទៀត​ដែល​គ្រាន់តែ​បង្ហាញ​ពី​ប្រធានបទ គេ​អាច​ទៅ​ស្រាវជ្រាវ​នៅក្នុង​បណ្ណាល័យ​ដែលមាន​សៀវភៅ​រាប់រយ​ក្បាល​ដោយ​ខ្លួនឯង។

សម្រាប់​នៅ​កម្ពុជា​គឺ ខុសគ្នា ប្រជាជន​យើង​ចូលចិត្ត​ស្តាប់​ច្រើនជាង​ចូលចិត្ត​អាន ហេតុនេះ​ប្រសិនបើ​ជំរុញ​ឱ្យ​គាត់​ស្វែងរក​អ្វីដែល​ថ្មី​ដោយ​ខ្លួនឯង​តាមរយៈ​ការអាន​អាចមាន​ការលំបាក​បន្តិច​សម្រាប់​ពួកគេ តែ​ប្រសិនបើ​យើង​ស្រាវជ្រាវ​ហើយ​និយាយ​ឱ្យ​គាត់​ស្តាប់​គឺជា​រឿង​ល្អ​មួយ​ដែល​អាចធ្វើឱ្យ​គាត់​បាន​យល់ដឹង​ពី​រឿងរ៉ាវ​ជាច្រើន​ដែលជា​ប្រយោជន៍​សម្រាប់​ពួកគាត់។

លោក កូវ ពុទ្ធារ័ត្នន៍ បាន​និយាយថា៖ “នៅ​អាមេរិក យើង​គ្រាន់តែ​បង្ហាញ​ពី​រឿង​មួយ គាត់​នឹង​អាច​ចូល​បណ្ណាល័យ​ហើយ​ស្វែងរក​ចម្លើយ​ដោយ​ខ្លួនឯង តែ​នៅ​ស្រុក​យើង ដោយសារតែ​យើង​នៅមានកម្រិត​ក្នុង​ទម្លាប់​នៃ​ការអាន និង​ការស្រាវជ្រាវ ការនិយាយ និង​ការជជែក​ជា​រឿង​ដែល​ល្អ​មួយ​សម្រាប់​បង្កើត​ចម្ងល់ ហើយ​បំផុស​ឱ្យ​គាត់​មាន​ភាពងាយស្រួល​ក្នុងការ​ស្វែងរក​អ្វីដែល​ថ្មី​បន្ថែមទៀត។

លោក កូវ ពុទ្ធារ័ត្នន៍ បានបង្ហាញ​ផងដែរ​ថា ម្យ៉ាងវិញទៀត ដោយសារតែ​ប្រជាជន​យើង​មិនសូវ​ចូលចិត្ត​អាន​ផង ហើយ​ពិភពលោក​បាន​អភិវឌ្ឍ​នូវ​វិធី​នៃ​ការ​ផ្តល់ព័ត៌មាន និង​ចំណេះដឹង​ឱ្យ​កាន់តែ​ងាយស្រួល​ផង មនុស្ស​អាច​នឹង​កាន់តែ​ឆ្ងាយ​ពី​ការអាន។

ជា​ឧទាហរណ៍ Facebook បាន​បង្កើត Newsfeed ដែល Feed មានន័យថា បញ្ចុក ព្រោះ​ព័ត៌មាន​ទាំងអស់​នឹង​ទៅដល់​យុវជន​សម័យថ្មី​ដោយ​មិនបាច់​ទៅរក គឺ​គ្រាន់តែ​អង្គុយតែ​មួយកន្លែង​ក៏មាន​ព័ត៌មាន​ទៅដល់​ដែរ ហេតុនេះ​ការចែករំលែក​នូវ​ចំណេះដឹងថ្មីៗតាមរយៈ​ការនិយាយ​គឺជា​រឿង​សំខាន់​មួយ​ដែល​អាចធ្វើឱ្យ​គាត់​ទទួលយកបាន​ដោយ​ងាយ ហើយក៏​ជា​វិធី​មួយ​ក្នុងការ​អប់រំ​ដ៏​ល្អ​ផងដែរ។

ទាក់ទង​នឹង​បញ្ហា​នេះ​ផងដែរ​លោក ថៃ វណ្ណ​ថា អ្នកជំនាញ​ថតរូប និង​ជា​គ្រូបង្រៀន​នៅ Canon Imaging Academy (CIA) បានលើកឡើង​ផងដែរ​ថា ក្រៅពី​ផលប្រយោជន៍​សម្រាប់​មនុ​ស្សទូ​ទៅក្នុង​សង្គម ការនិយាយ​សាធារណៈ​ក៏​ជា​វិធីសាស្ត្រ​សំខាន់​មួយ​ដើម្បី​ជួយ​ឱ្យ​ការគិត​របស់​យើង​ខ្លួនឯង​កាន់តែ​ល្អប្រសើរ​ឡើង។

លោក ថៃ វណ្ណ​ថា បាន​និយាយថា៖ “ការនិយាយ​ចេញទៅ​ជា​សាធារណៈ អាចជួយ​ឱ្យ​គំនិត​របស់​យើង​ដែល​បាន​ស្តែងចេញ​ទៅនោះ ត្រូវបាន​វាស់វែង​ដោយ​មនុស្ស​ជាច្រើន ព្រោះថា យើង​នឹង​មិនអាច​ដឹងថា​គំនិត​នោះ​ត្រូវ ឬ​ខុស​កម្រិតណា​នោះទេ​ប្រសិនបើ​គ្មាន​ប្រតិកម្ម និង​ការវាស់វែង​ត្រឹមត្រូវ​ពី​មនុស្ស​ជាច្រើន​ផ្សេងទៀត​នោះ។

លោក វណ្ណ​ថា បាន​បន្ថែមថា យើង​ម្នាក់​មិនអាច​ផ្គាប់ចិត្ត​មនុស្ស​ច្រើន​នាក់​បាន​នោះទេ ហើយ​យើងម្នាក់ៗក៏​មិន​ប្រាកដថា​គំនិត​យើង​ប្រើប្រាស់​បាន​ទាំងស្រុង​នោះដែរ តែ​យើង​អាច​ប្រើប្រាស់​គំនិត​ដែល​យើង​ធ្លាប់​អនុវត្ត​ជាក់ស្តែង​ដោយ​ខ្លួនឯង ដើម្បី​ទុកជា​គំរូ​សម្រាប់​អ្នកដទៃ​ជ្រើសរើស និង​សម្រាប់​បន្ត​សិក្សា​សម្រាប់​ខ្លួនឯង​ផងដែរ។ សម្រាប់​រឿង​មួយ​ក្នុងស្ថានភាព​ជីវិត​របស់​យើង យើង​បាន​ជួប​ករណី​ជាក់ស្តែង​ហើយ​យើង​ប្រើ​វិធី​របស់​យើង​សម្រាប់​ដោះស្រាយ តែ​សម្រាប់​មនុស្ស​ដទៃទៀត​គេ​អាច​នឹង​ជួប​រឿង​ផ្សេងទៀត​ដែល​ពេលខ្លះ​វា​អាច​ឆ្លុះបញ្ចាំង​ឱ្យ​យើង​ឃើញ​ពី​លទ្ធផល​នៃ​គំនិត​ថ្មី​បន្ថែមទៀត​ដែល​វា​កាន់តែ​សុក្រឹត​នៅពេលដែល​យើង​ប្រើ​គំនិត​របស់​យើង​ទៅ​ជួយ​បុគ្គល​ដទៃ៕

Advertisement