តិច​ណូ​ឡូ​ជី AI នឹង​កាត់បន្ថយ ការងារ​មនុស្ស​នាពេល​អនាគត

នៅក្នុង​យុគសម័យ​បច្ចុប្បន្ននេះ ចង្វាក់​ផលិតកម្ម​នានា​ដែល​ប្រើប្រាស់​កម្លាំង​មនុស្ស រួមទាំង​ការងារ​ផ្នែក​បញ្ជីស្នាម​ផង​នោះ ត្រូវបាន​ជំនួស​ដោយ​កម្លាំង​ម៉ាស៊ីន កម្មវិធី​កុំព្យូទ័រ និង​ប្រព័ន្ធ​ខួរក្បាល​សិប្បនិម្មិត (Artificial Intelligence = AI)។ ស្របតាម​បរិបទ​មួយ​នេះ មនុស្ស​ចាំបាច់​ត្រូវតែ​រត់​ឱ្យទាន់​របត់​ថ្មី​នៃ​បច្ចេកវិទ្យា ដើម្បី​រក្សាបាន​នូវ​ស្ថិរភាព​ក្នុងការ​រស់នៅ ការធ្វើការងារ និង​ជាពិសេស​គឺ​ការស្វែងរក​ចំណូល​នៅ​ថ្ងៃ​អនាគត។

យោងតាម​ការស្រាវជ្រាវថ្មីៗនេះ​ដោយ​សាកលវិទ្យាល័យ Oxford និង​សាកលវិទ្យាល័យ Yale បានឱ្យដឹងថា ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត ប្រព័ន្ធ​ម៉ាស៊ីន​ឆ្លាត​វៃ ឬ​មនុស្ស​យន្ត​នឹង​ចាប់ផ្តើម​ចូលមក​ជំនួស​ការងារ​របស់​ម​នុស្ស។ ការស្រាវជ្រាវ​ក៏បាន​រកឃើញ​ផងដែរ​ថា រយៈពេល​ប្រមាណ​ជាជាង 50ឆ្នាំ​ទៀត មនុស្ស​យន្ត​នឹង​ចូលមក​ជំនួស​ការងារ​របស់​ម​នុស្ស​រាប់លាន​នាក់​នៅលើ​ពិភពលោក​នេះ ដែល​វា​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​អាជីព​ជាច្រើន។

តាមរយៈ​ការស្ទង់មតិ​លើ​អ្នក​អភិវឌ្ឍន៍​ប្រព័ន្ធ​ខួរក្បាល​សិប្បនិម្មិត (AI) ឬ​ភាព​វៃឆ្លាត​នៃ​គ្រឿង​ម៉ាស៊ីន ចំនួន352នាក់ បានបង្ហាញ​ពី​ការយល់ឃើញថា នៅ​ថ្ងៃ​អនាគត​គ្រឿង​ម៉ាស៊ីន​ពិតជា​នឹង​អាច​ជំនួស​មនុស្ស​លើ​មុខជំនាញ​មួយចំនួន។ ស្របពេល​ជាមួយគ្នានេះដែរ អ្នកដឹកនាំ​ការស្រាវជ្រាវ​ម្នាក់​ឈ្មោះ Katja Grace និង​សហការី​របស់គាត់​បាន​រកឃើញថា រយៈពេល 10ឆ្នាំ​ទៀត​ការងារ​ភាគច្រើន​ជាង 50ភាគរយ​របស់​មនុស្ស​នាពេល​បច្ចុប្បន្ន​នឹងត្រូវ​កែសម្រួល​ទៅជា​ការធ្វើការងារ​ដោយ​ម៉ាស៊ីន។

ការងារ​បកប្រែ​គ្រប់​ភាសា​នឹងមិន​បាច់​ប្រើប្រាស់​មនុស្ស​ទៀត​ទេ​នៅ​ឆ្នាំ2024 ហើយ​ប្រហែលជា​មនុស្ស​យន្ត​អាច​សរសេរ​អត្ថបទ​ក្នុង​កម្រិត​វិទ្យាល័យ​បានល្អ​ជាង​មនុស្ស​នៅក្នុង​ឆ្នាំ2026។ លើសពីនេះទៅទៀត ការងារ​ដែល​មនុស្ស​ធ្វើ​នាពេល​បច្ចុប្បន្ននេះ​នឹងត្រូវ​ជំនួស​ដោយ​ម៉ាស៊ីន​ទាំងស្រុង​នៅក្នុង​ឆ្នាំ2136 ហើយនឹង​កើតមាន​ការងារថ្មីៗបន្ថែម​ផ្សេងទៀត​ដែល​មនុស្ស​ត្រូវធ្វើ។

របាយការណ៍​មួយ​ថ្មី​ទៀត​បានសរសេរថា​កម្រិត​ភាព​ឆ្លាត​វៃ​របស់​គ្រឿង​ម៉ាស៊ីន កាន់តែ​កើនឡើង​ជា​រៀងរាល់ថ្ងៃ ដែល​វា​អាច​នឹង​ជំរុញ​ការរស់នៅ​របស់​មនុស្ស​ក្នុងសម័យ​ទំនើប​នេះ​ឱ្យ​កាន់តែ​ប្រើប្រាស់​ម៉ាស៊ីនច្រើនឡើងៗ ដូចជា វិស័យ​ដឹកជញ្ជូន វិស័យ​សុខាភិបាល វិស័យ​ហិរញ្ញវត្ថុ និង​វិស័យ​យោធា​ជាដើម៕

Advertisement