យុវជន​ត្រូវ​ស្គាល់​ច្បាស់​ពី​គ្រឹះ និង​អត្ថន័យ​ជាក់ស្តែង​នៃ​វប្បធម៌​ជាតិ​មុន​អភិវឌ្ឍ

លោក សាស្ត្រាចារ្យ ព្រឿង ឈាង / ឈុតសម្តែងសិល្បៈបុរាណខ្មែរ

“អភិវឌ្ឍ​ដើម្បី​អភិរក្ស និង​អភិរក្ស​ដើម្បី​អភិវឌ្ឍ” ជា​ប្រធានបទ​យ៉ាងសំខាន់​មួយ​ដែល​ត្រូវបាន​អ្នក​ស្រឡាញ់​វប្បធម៌​ជាតិ​តែងតែ​លើកឡើង​ដើម្បី​ជំរុញឱ្យមាន​ភាព​ផុសផុល​ឡើងលើ​ការលើកតម្លៃ​វប្បធម៌​ជាតិ តែថ្មីៗនេះ​ក៏មាន​បញ្ហា​ចោទ​មួយចំនួន​ដែល​អាច​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​មរតក​វប្បធម៌​ដែរ ជាពិសេស​សិល្បៈ​បុរាណ​របស់​កម្ពុជា។

ជាទូទៅ​គេ​សង្កេតឃើញថា យុវជន​មួយចំនួន​ចាប់ផ្តើម​មាន​ភាព​ផុសផុល​ក្នុងការ​ផ្សព្វផ្សាយ​ពី​ទម្រង់​នៃ​សិល្បៈ​វប្បធម៌​ខ្មែរ ហើយ​ក្រមា​ខ្មែរ រួមទាំង​ទម្រង់​សិល្បៈ​ជាច្រើន​ទៀត​ត្រូវបាន​យុវជន​លើក​យកមក​បង្ហាញ​ក្នុង​កម្មវិធីសំខាន់ៗ រួមទាំង​ក្នុង​បណ្តាញ​សង្គម​ទៀតផង តែ​បញ្ហា​ប្រឈម​ស្ថិត​ត្រង់​ថា យុវជន​ដែល​មិន​យកចិត្តទុកដាក់​នៅតែ​មិនសូវ​ខ្វាយខ្វល់ និង​មិនសូវ​ចូលរួម​អភិវឌ្ឍ​ទម្រង់​សិល្បៈ​វប្បធម៌​បុរាណ​ខ្មែរ​ដដែល។

ទម្រង់​សិល្បៈ​សម័យថ្មី ឬ​ប្រភេទ​បទ​ចម្រៀង​មួយចំនួន​ត្រូវបាន​យុវជន​យកចិត្តទុកដាក់​ខ្លាំង ហើយ​ពេលខ្លះ​ដោយសារ​ចរន្ត​មួយ​នេះ​បានធ្វើឱ្យ​ទម្រង់​សិល្បៈ​បែប​ថ្មី លុប​បាត់​ទម្រង់​សិល្បៈ​ចាស់​ដែលមាន​តម្លៃ​ទៀតផង។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ទីប្រឹក្សា​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ សាស្ត្រាចារ្យ ព្រឿង ឈាង បាន​លើកឡើងថា វប្បធម៌​មានតម្លៃ​ខ្លាំងណាស់​សម្រាប់​សង្គម​មួយ ហើយ​តម្លៃ​នៃ​វប្បធម៌​មានជីវិត​យូរអង្វែង​ដែល​វា​ហាក់ដូចជា​ព្រលឹង​របស់​ជាតិ​សាសន៍​មួយ។

ជាក់ស្តែង យើង​ឃើញ​ហើយ​ថា មាន​ប្រទេស​ខ្លះ​បាន​បាត់បង់​រូបរាង​ពីលើ​ពិភពលោក​ទៅហើយ តែ​វប្បធម៌​នៅតែ​បន្ត​រស់ ឬ​នៅតែមាន​ជីវិត​បន្ត​តាមរយៈ​ការអនុវត្ត និង​ការគោរព​ប្រតិបត្តិ​របស់​ប្រជាជន។ ហេតុនេះ​យុវជន​គួរតែ​ផ្តល់​តម្លៃ​ខ្ពស់​លើ​តម្លៃ​នៃ​វប្បធម៌​ជាតិ តាមរយៈ​ការយកចិត្តទុកដាក់​សិក្សា​ស្វែងយល់​ឱ្យបាន​ច្បាស់លាស់។

សាស្ត្រាចារ្យ ព្រឿង ឈាង បាន​មានប្រសាសន៍ថា៖ “មាន​យុវជន​កម្ពុជា​មួយចំនួន​មិនទាន់​ស្គាល់​គ្រឹះ​នៃ​វប្បធម៌​របស់​ជាតិ​ខ្លួនឯង​នៅឡើយ​ទេ។ ពួកគេ​មិនទាន់​ស្គាល់​ប្រវត្តិ លក្ខណៈពិសេស និង​ចំណុច​លម្អិត​នៃ​ទម្រង់​សិល្បៈ​បុរាណ​ខ្មែរ និង​ផ្នែកសំខាន់ៗដទៃទៀត​នៃ​វប្បធម៌ ដែលជា​ហេតុ​ធ្វើឱ្យ​សកម្មភាព​ផ្សព្វផ្សាយ​វប្បធម៌​នានា​អាចធ្វើ​បាន​ត្រឹម​រយៈពេលខ្លីៗក៏ត្រូវ​បាន​គេ​បំភ្លេច​ទៅវិញ។

បើតាម​លោក​សាស្ត្រាចារ្យ ព្រឿង ឈាង ការ​ស្គា​ល់ពី​មូលដ្ឋានគ្រឹះ និង​តម្លៃពិត​ប្រាកដ​របស់​វ​ប្ប​ធម៌​ខ្មែរ គឺជា​ចំណុច​ចាប់ផ្តើម​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​ឱ្យ​សិល្បៈ​បុរាណ​គ្រប់​ទម្រង់ រួមទាំង​មរតក​វប្បធម៌​ជាតិ​មាន​ភាពល្បីល្បាញ​បានយូរ​អង្វែង។

លោក​សាស្ត្រាចារ្យ បានលើកឡើង​ផងដែរ​ថា យុវជន​បច្ចុប្បន្ន​គួរ​ព្យាយាម​ស្វែងយល់​ពី​គ្រឹះ​នៃ​វប្បធម៌​របស់​ជាតិ​ខ្លួន​ជាមុនសិន មុននឹង​ធ្វើការ​អភិវឌ្ឍ​មរតក​វប្បធម៌ និង​ធ្វើ​សកម្មភាព​នានា​ដើម្បី​សង្គម​របស់​យើង៕

Advertisement