កម្ពុជា​ពង្រឹង​ការបណ្តុះបណ្តាល​ផ្នែក ធុរកិច្ច​ពី​កម្រិត​វិទ្យាល័យ​ឡើងទៅ

ការបណ្តុះបណ្តាល​ផ្នែក​ធុរកិច្ច​ជា​រឿង​សំខាន់​មួយ​សម្រាប់​កម្ពុជា ព្រោះ​កម្ពុជា​ជា​ប្រទេស​ដែល​សម្បូរ​ទៅដោយ​ធនធានមនុស្ស​វ័យក្មេង ប្រកបដោយ​ចំណេះដឹង និង​មាន​សក្តានុពល​ខ្លាំង​លើកម្លាំង​ពលកម្ម រួមទាំង​ចំណេះដឹង​សម្រាប់​ចូលរួម​អភិវឌ្ឍ​សង្គម​ផងដែរ។

នាពេលថ្មីៗនេះ ក្រសួង​អប់រំ យុវជន និង​កីឡា​បានដាក់​ចេញ​នូវ​កម្មវិធី​ថ្មី​ដើម្បី​បណ្តុះបណ្តាល​ជំនាញ​ធុរកិច្ច​ក្នុង​ថ្នាក់​វិទ្យាល័យ​នៅ​ទូទាំងប្រទេស​ដោយ​ក្នុងនោះ ក្រសួង​រំពឹងថា នឹងមាន​សិស្ស​ប្រមាណ500នាក់​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ។

រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា  ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន បាន​លើកឡើងថា ការបណ្តុះបណ្តាល​ជំនាញ​ធុរកិច្ច​គឺជា​ផ្នែក​យ៉ាងសំខាន់​មួយ​ដែល​ក្រសួង​បានគិត​គូរ និង​ជំរុញ​ឱ្យ​ប្រជាជនមាន​ភាពជា​សហគ្រិន​កាន់តែច្រើន។

នៅពេលដែល​យើង​មាន​សហគ្រិន​ច្រើន នោះ​ពួកគេ​នឹង​អាច​ស្រូប​ទាញ​កម្លាំង​ធនធានមនុស្ស​កាន់តែច្រើន​ដើម្បី​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន សហគ្រាស ឬ​ចង្វាក់​ផលិតកម្ម​ដែល​បង្កើតឡើង​ដោយ​កូន​ខ្មែរ។

ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន មានប្រសាសន៍ថា ៖ “យើង​នឹង​បង្កើន​ការបណ្តុះបណ្តាល​ឱ្យបាន​កា​ន់​តែ​ទូលំទូលាយ​នៅ​ទូទាំងប្រទេស ដោយ​ការបណ្តុះ-បណ្តាល​គ្រូ​បន្ថែម​ឱ្យមាន​សមត្ថភាព​ខ្ពស់ ហើយ​មានលទ្ធភាព​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​សិស្ស​ឱ្យមាន​ចំណេះដឹង​កាន់តែខ្លាំង។

ឯកឧត្តម តូច ជឿន អគ្គនាយក​នៃ អគ្គនាយកដ្ឋាន​យុវជន​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី​ការចែករំលែក​បទពិសោធ​ស្តីពី​ការអនុវត្ត​គម្រោង​សាកល្បង​អប់រំ​សហគ្រិនភាព កាលពីដើម​ខែមីនា​ថា ក្រសួង​នឹង​ពង្រីក​ការបណ្តុះបណ្តាល​ជំនាញ​ធុរកិច្ច​ដល់​សិស្ស​នៅតាម​វិទ្យាល័យ​ទូទាំងប្រទេស ដើម្បី​បង្ក​លទ្ធភាព​ឱ្យសិស្ស​អាច​រក​ការងារ​ធ្វើ​នៅតាម​បណ្តា​ក្រុមហ៊ុន​ឬ​អាចបង្កើត​មុខរបរ​ដោយ​ខ្លួនឯង បង្កើត​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ បង្កើន​ប្រាក់ចំណូល​ដល់​ក្រុម គ្រួសារ​ក៏ដូចជា​សេដ្ឋកិច្ចជាតិ​ផងដែរ។

ឯកឧត្តម តូច ជឿន មានប្រសាសន៍ថា ៖ “ជំនាញ​ធុរកិច្ច​នេះ គឺ​បង្ហាត់បង្រៀន​សិស្ស​នូវ​ជំនាញ​ទាក់ទង​នឹង​ការបង្កើត​គំនិត​ធ្វើ​អាជីវកម្ម ភាពជា​អ្នកដឹកនាំ និង​ផ្តល់ឱកាស​ឱ្យ​សិស្ស​បាន​អនុវត្ត​ជាក់ស្តែង​ឱ្យ​ច្រើន​នៅក្នុង​ថ្នាក់រៀន​ផងដែរ។

ឯកឧត្តម បានលើកឡើង​ផងដែរ​ថា​យើង​ចង់​តម្រង់ទិស​ឱ្យ​សិស្ស​អាចបង្កើត​មុខរបរ​ដោយ​ខ្លួនឯង​តាមរយៈ​ការបណ្តុះបណ្តាល​សហគ្រិន​ភាព ព្រោះ​វា​ជា​មធ្យោបាយ​យ៉ាងសំខាន់​ក្នុងការ​បង្កើត​ការងារ​ដល់​សង្គម និង​បង់ពន្ធ​ជូន​រដ្ឋ។ ម្យ៉ាងវិញទៀត វា​ក៏​ជា​មធ្យោបាយ​ក្នុងការ​បង្កើត​ធនធានមនុស្ស ឬ​ដណ្តើម​ធនធាន​ទ្រព្យសម្បត្តិ​ក្នុង​កម្រិត​តំបន់ ឬ​ជា​អន្តរជាតិ​ថែមទៀត​ផង។

អ្នកសម្របសម្រួល​អង្គ​ការ​អន្តរជាតិ​ខាង​ការងារ​ប្រចាំ​កម្ពុជា ដែល​ហៅ​កាត់​ថា ILO លោក ទុន​សុភ័ណ បាន​លើកឡើងថា ការសិក្សា​ស្តីពី​ធុរកិច្ច​នេះ គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​សិស្ស​កម្រិត​វិទ្យាល័យ ព្រោះ​ពួកគេ​អាច​នឹងមាន​ជំនាញ បន្ថែម​ក្នុង​ការធ្វើ​ជំនួញ​នៅ​វ័យក្មេង ចេះ​ធ្វើ​ទីផ្សារ (ម៉ាឃីតធីង) ក្នុង​មុខ​ជំនួញ និង​ចេះ​គ្រប់គ្រងចំណូល​ចំណាយ​ប្រចាំថ្ងៃ​ជាដើម៕

Advertisement