វិធីសាស្ត្រ​ទាក់ទាញ​កូនតូច ឱ្យចូល​ចិត្ត​អាន​សៀវភៅ

អាណាព្យាបាល​ជាច្រើន​សុទ្ធតែ​ចង់ឱ្យ​កូន​របស់គាត់​ក្លាយជា​មនុស្ស​ដែល​ចូលចិត្ត​អាន ឬ​ចូលចិត្ត​ការសិក្សា តែ​ពេលខ្លះ​គាត់​មិនសូវ​យល់ដឹង​ច្រើន​ប៉ុន្មាន​ទេពី​វិធីសាស្ត្រ​ក្នុងការ​ទាក់ទាញកូនៗឱ្យចូល​ចិត្ត​អាន​សៀវភៅ ព្រោះ​ពួកគេ​ចូលចិត្ត​លេង ហើយ​សួរ​ច្រើនជាង​អាន។

ខាងក្រោម​នេះ​ជា​វិធីសាស្ត្រសំខាន់ៗមួយចំនួន​ដែល​អ្នកជំនាញ​អប់រំ បាន​ណែនាំ​សម្រាប់​អាណា-ព្យាបាល​ជាច្រើន​ដែល​ចង់ឱ្យ​កូន​របស់គាត់​ក្លាយជា​មនុស្ស​ដែល​ចូលចិត្ត​អាន និង​ស្រឡាញ់​សៀវភៅ។

  1. និយាយ​រឿង​ឱ្យកូនៗស្តាប់

ក្មេងៗក្រៅពី​ចូលចិត្ត​ឆ្ងល់​គឺ​ចូលចិត្ត​ស្តាប់​ព្រោះថា​ពួកគេ​ចូលចិត្ត​ស្រមើស្រមៃ​ច្រើន ហើយ​រឿងល្អៗដែល​មនុស្ស​ធំ​និយាយប្រាប់ គេ​អាចបង្កើត ជា​ក្តី​ស្រមៃ​យ៉ាង​ល្អ និង​ជក់ចិត្ត​សម្រាប់​ពួកគេ។ក្រៅពីនេះ កុមារតូចៗក៏​អាច​នឹង​រីករាយ​ខ្លាំង​ជាមួយនឹង​រឿងរ៉ាវ​លេងសើច​ទៅតាម​ចំណង់​ចិត្ត​ក្មេង​ឬ​រឿង​កំប្លែង​ដែល​អ្នកនិពន្ធ​សៀវភៅ​កុមារ​រំលេច​ឡើង។

ក្រោយពី​បាន​ស្តាប់​រឿង ក្មេង​នឹង​ចូលចិត្ត​នៅក្បែរ​មនុស្ស​ធំ ហើយ​ចាប់ផ្តើម​ចេះ​គិត​តាម​តម្លៃ​អប់រំ​ដែល​អ្នកនិពន្ធ​សាច់រឿង​ចង់ឱ្យ​ក្មេង​ធ្វើ។ ម្យ៉ាងវិញទៀត ក្រៅពី​ពួកគេ ចូលចិត្ត​ខ្លាំង ហើយ​សប្បាយជាមួយនឹង​សាច់រឿង​ដែល​យើង​និយាយប្រាប់ ពួកគេ​នឹង​ចាប់ផ្តើម​ស្វែងរក រឿងល្អៗដោយ​ខ្លួនឯង​នៅពេលដែល​ពួកគេ​ចេះ​អាន។

  1. យក​សៀវភៅ​ដែលមាន​រូប​ច្រើនជាង​អក្សរ​ឱ្យកូនៗអាន

អាណាព្យាបាល​ជាច្រើន​បរាជ័យ​ក្នុង​ការឱ្យ​កូន​អាន​សៀវភៅ​ព្រោះ​ពួកគេ​មិន​យល់ចិត្ត​ក្មេង ហើយ​អ្វីដែល​ពួកគេ​អប់រំ​កូន គឺ​ចង់ឱ្យ​ក្មេង​ធ្វើតាម​អ្វីដែល​គាត់​ជា​មនុស្ស​ធំ​ចង់​ធ្វើ។ នៅពេលដែលចង់ឱ្យ​កូនតូច​អាន​សៀវភៅ គាត់​បែរជាយក​សៀវភៅ​ដែល​មានតែ​អក្សរ​សុទ្ធ​ឱ្យ​ក្មេង​អាន មិនមាន​ភាព​ទាក់ទាញ ហើយ​ជា​ប្រភេទ​សៀវភៅ​មិនត្រូវ​នឹង​វ័យ។ នៅពេលនោះ ការអាន​នឹង​ក្លាយជា​រឿង​ដ៏​គួរឱ្យខ្លាច​បំផុត​សម្រាប់​កុមារតូចៗតែ​ប្រសិនបើ​អាណាព្យាបាល​យល់​ពី​ក្មេង ការអាន​នឹង​ក្លាយជា​សេចក្តីសុខ​របស់​ពួកគេ។

អាណាព្យាបាល​គួរ​ស្វែងរក​សៀវភៅ​ដែលមាន​រូបភាព​ច្រើនជាង​អក្សរ ហើយ​រូបភាព​ទាំងអស់នោះ​ចាំបាច់​ត្រូវតែមាន​ពណ៌​ដែល​ទាក់ទាញ​សម្រាប់​កុមារ។ នៅពេលដែល​កុមារ​បានឃើញ​រូបភាព​ដែលមាន​ពណ៌​ស្រស់បំព្រង គេ​នឹង​អាច​ងាយ​យល់​ពី​អត្ថន័យ​នៃ​សាច់រឿង​ហើយ​គេ​អាច​មើល​ច្រើន​ដងដោយ​មិន​ធុញ ព្រោះ​គេ​អាន​តែ​អក្សរតិចៗតែ​ដឹង​សាច់រឿង​គួរឱ្យ​រីករាយ​ជាច្រើន។

  1. លើកទឹកចិត្ត​ដោយ​ការនាំ​ដើរ​ទិញ​សៀវភៅថ្មីៗ

ក្មេងៗចូលចិត្ត​បំផុត​គឺ​ការលើកទឹកចិត្ត និង​យកចិត្តទុកដាក់ ហេតុនេះ​នៅពេលដែល​គេ​ធ្វើ​អ្វីមួយ​បានល្អ ឬ​ស្តាប់​តាម​ការណែនាំ​ល្អ​របស់​យើង អាណាព្យាបាល​អាច​សាកល្បង​ទិញ​កាដូ​ជា​សៀវភៅ ឬ​ជូន​គេ​ទិញ​សៀវភៅ​ដែល​គេ​ចូលចិត្ត​គឺជា​រឿង​ល្អ​មួយ​ដែល​ធ្វើឱ្យ​ក្មេង​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ឬ​ធ្វើ​ល្អ​ដើម្បី​យកចិត្ត​មនុស្ស​ធំ ហើយ​ទទួលបាន​សៀវភៅ​រឿងល្អៗដែល​គេ​ស្រឡាញ់។

វិធីសាស្ត្រ​នេះ ជា​វិធីសាស្ត្រ​លួងលោម​ល្អ​មួយ​ដែល​អាចធ្វើ​ឱ្យគេ​ចូលចិត្ត​អាន ហើយ​ថែមទាំង​អាចធ្វើ​ឱ្យគេ​ក្លាយជា​ក្មេង​ស្តាប់បង្គាប់​ទៀតផង៕

Advertisement