រដ្ឋមន្ត្រីក្រសួង​អប់រំ​បង្ហាញ​ពី​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​សម្រាប់​វិស័យ​អប់រំ​នៅ​កម្ពុជា

គុណភាព និង​ចំណេះដឹង​របស់​ប្រជាជន ជា​ឆ្អឹងខ្នង​របស់​ប្រទេស​ដែល​ការអប់រំ ជា​ធាតុ​សំខាន់បំផុត​មិនអាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍ​សង្គម​មួយ​ប្រកបដោយ​ភាពរឹងមាំ និង​សក្តានុពល។

ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ កម្ពុជា​បាន​ព្យាយាម​អភិវឌ្ឍ​ប្រព័ន្ធ​អប់រំ តាមរយៈ​ការអនុវត្ត​ផែនការ​សកម្មភាពសំខាន់ៗដែល​ចេញ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ធ្វើយ៉ាងណា​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​ឱ្យ​ក្លាយជា​កម្លាំង​ពលកម្ម​ស្នូល​សម្រាប់​ចាក់​បញ្ចូល​ក្នុង​ទីផ្សារការងារ។ ទោះបីជា​យ៉ាងនេះ​ក្តី កម្ពុជា​ក៏​នៅមាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ទាមទារ​ឱ្យមាន​ការចូលរួម និង​បង្កើត​ដំណោះស្រាយ​ពី​គ្រប់​សមាសភាព​សង្គម។

ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា នៅ​កម្ពុ​ជាមាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ទាមទារ​ឱ្យមាន​ការខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដូចជា​បញ្ហា​គុណភាព​អប់រំ ការអនុវត្ត​ស្តង់ដារ​អប់រំ គុណភាព​គ្រូ​នៅមានកម្រិត វិសមភាព​នៃ​ធនធានមនុស្ស​ដែល​ចេញពី​សាលា និង​ទីផ្សារការងារ​ជាក់ស្តែង បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​នៅតាម​ទីជនបទ សម្ភារ​បរិក្ខារ​ពិសោធ និង​បញ្ហា​មួយចំនួន​ផ្សេងទៀត។ ឯកឧត្តម បាន​បញ្ជាក់ថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់នេះ ក្រសួង​បានធ្វើការ​លើកកម្ពស់​គុណ​ភាព​អប់រំ តាមរយៈ​ការអភិវឌ្ឍ​សមត្ថភាព​គ្រូបង្រៀន ពិនិត្យ និង​កែលម្អ​សៀវភៅ​សិក្សា​ឡើងវិញ​ឱ្យ​ស្របតាម​កម្មវិធីសិក្សា​ថ្មី ផ្តល់​សម្ភារ​សិក្សា​បច្ចេកទេស​ដើម្បី​រៀន និង​បង្រៀន​ឱ្យបាន​កាន់តែច្រើន និង​ផ្តោត​ការយកចិត្តទុកដាក់​លើ​តម្រង់ទិស​វិជ្ជាជីវៈ​នៅតាម​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស។

ឯកឧត្តម ហង់ ជួនណា​រ៉ុ​ន បាន​មានប្រសាសន៍ថា៖ «យើង​ក៏បាន​ជំរុញឱ្យមាន​ការសិក្សា​មុខវិជ្ជា​ស្ទែ​ម (STEM) និង​ការស្រាវជ្រាវ​នៅតាម​គ្រឹះស្ថានសិក្សា និង​ជំរុញឱ្យមាន​ការត្រួតពិនិត្យ​លើ​ការគ្រប់គ្រង​គ្រឹះស្ថានសិក្សា​នានា​នៅ​ទូទាំងប្រទេស»។

គួរ​រំឭក​ផងដែរ​ថា ក្រសួង​អប់រំ​បានធ្វើ​ការសហកា​រ​ជាមួយនឹង​ស្ថាប័ន​ជាច្រើន ដើម្បី​ជំរុញឱ្យមាន​ការយកចិត្ត​ទុកដាក់​ដល់​សិស្ស​ឱ្យមាន​ភាពស្មើគ្នា​លើ​ការអប់រំ ដោយ​ការបណ្តុះបណ្តាល​គ្រូ​ឱ្យមាន​ចំនួន​កាន់តែច្រើន រួមទាំង​ជំរុញ​ឱ្យ​អគារ​អប់រំ ធនធាន និង​សាលា​គំរូ​ជាច្រើន​នៅ​កម្ពុជា​ដើម្បី​ផ្តល់ឱកាស​ឱ្យ​សិស្ស​បាន​សិក្សា​ស្វែងយល់​ពី​គំហើញថ្មីៗដោយមាន​ការពិសោធ​ជាក់ស្តែង​តែម្តង៕

Advertisement