ជយលាភី​តស៊ូ​មតិ ហេង សុវណ្ណ​មុនី​នុត៖ “ទោះ​កាលៈទេសៈ​ណាក៏ដោយ កុំ​បោះបង់​ការតស៊ូ…”

“តស៊ូ​គង់​បានសម្រេច” នេះ​ជា​ពាក្យ​មួយ​ឃ្លា​ដែល​មនុស្ស​ជាច្រើន​តែងតែ​លើក​ឡើងជា​ញឹកញាប់ ហើយ​ជា​ពាក្យ​មួយ​ឃ្លា​ដែល​មនុស្ស​សឹងតែ​គ្រប់គ្នា​តែង​ធ្លាប់​បានឮ តែ​ពេលខ្លះ​ក៏​មិនសូវ​មានការយកចិត្តទុកដាក់ និង​ដើរ​កន្លង​រំលង​ទៅទៀត​ផង។ តែ​ពាក្យ​មួយ​ឃ្លា​នេះ បើ​យើង​គិត​សា​ដើម​ឡើងវិញ​នោះ វា​អាចធ្វើឱ្យ​មនុស្ស​ជាច្រើន​ទទួលបាន​ជោគជ័យ រួមទាំង​យុវតី​អ្នកតស៊ូ​មតិ​ឈ្មោះ ហេង សុវណ្ណ​មុនី​នុត ផងដែរ។

កញ្ញា ហេង សុវណ្ណ​មុនី​នុត ថ្មីៗនេះ​ទើបនឹង​ទទួលបាន​ពានរង្វាន់​ជយលាភី​នៃ​ការជជែក​ពិភាក្សា​ឆ្នាំ2018 នៃ​សាកលវិទ្យាល័យ ន័​រ​តុ​ន និង​ជា​យុវជន​លេចធ្លោ​មួយរូប​ផ្នែក​តស៊ូ​មតិ និង​ការជជែក​ពិភាក្សា​ជា​សាធារណៈ។ យុវតី​មាឌ​ល្អិត តែ​ពោរពេញ​ដោយ​វោហារ​ស័ព្ទ​ប្រកបដោយ​ហេតុផល​រូបនេះ ធ្លាប់​ឆ្លងកាត់​ការហ្វឹកហាត់​សមត្ថភាព ភាព​ហត់នឿយ និង​បរាជ័យ​ជាច្រើនលើក​ទម្រាំ​បាន​កាន់​ពានរង្វាន់​ដ៏​ធំ​មួយ​នេះ។ ការហ្វឹកហាត់ និង​មានគំនិត​សុទិដ្ឋិនិយម​មនុស្សម្នាក់ៗតែងតែមាន​គំនិត និង​ក្តី​ស្រមៃផ្សេងៗពីគ្នា​ទៅតាម​បរិយាកាស​ជុំវិញខ្លួន ទេពកោសល្យ និង​ចំណេះដឹង ហើយ​ផ្លូវ​ឆ្ពោះទៅកាន់​ក្តី​ស្រមៃ​នោះ ពេលខ្លះ​អាចធ្វើ​បាន​ដោយ​រលូន និង​ពេលខ្លះ​ត្រូវការ​ការតស៊ូ​ខ្លាំង​បំផុត​ដើម្បី​ជម្នះ ឧបសគ្គ។ សម្រាប់​កញ្ញា មុនី​នុត វិញ គឺ​បានដាក់​ក្តី​ស្រមៃ​តាំងពីក្មេង​មក​ថា ត្រូវតែ​ទទួលបាន​ពានរង្វាន់​ផ្នែក​តស៊ូ​មតិ ឬ​និយាយ​ជា​សាធារណៈ យ៉ាងហោចណាស់​ក៏ 1ដែរ ក្នុង​ដំណើរ​ជីវិត​ជា​និស្សិត​សាកលវិទ្យាល័យ តែអ្វីៗមិនមែន​ងាយស្រួល​ដូច​ការគិត​ទាំងស្រុង​នោះទេ។

កញ្ញា ហេង សុវណ្ណមុនីនុត ថតរូបជុំគ្នាជាមួយអ្នកទទួលជ័យលាភីផ្សេងទៀត (រូបឆ្វេង)

កម្លាំង​ជំរុញ​នៃ​ក្តី​ស្រមៃ​បាន​រុញច្រាន​គាត់​ឱ្យ​ដើរចូល​ទៅរក​ការប្រកួត និង​សិក្សា​វគ្គ​តស៊ូ​មតិ​ជាច្រើន ហើយ​ស្របពេល​ជាមួយគ្នានេះដែរ គាត់​ក៏បាន​ខិតខំ​ប្រឹងប្រែង​ចំណាយ​ពេលវេលា​ហ្វឹកហាត់ការនិយាយ​ជាច្រើន​ខែ មុន​ការប្រកួតសំខាន់ៗមកដល់ម្តងៗ តែ​អ្វីដែល​ធ្វើឱ្យ​គាត់​ខកចិត្ត គឺ​ការប្រកួត​លើកដំបូង​របស់គាត់​មិន​ទទួលបាន​ជោគជ័យ​ល្អ​នោះទេ។ ស្ថិតក្នុង​ស្ថានភាព​បែប​នេះ មនុស្ស​ជាច្រើន​ប្រហែលជា​អាច​បោះបង់ចោល​ក្តី​ស្រមៃ  ហើយ​ខ្លះទៀត​អាច​អស់សង្ឃឹម​ក្នុង​ការតស៊ូ តែ​សម្រាប់​យុវតី​ដែល​ពោរពេញ​ដោយ​ក្តី​ស្រមៃ​រូបនេះ បែរជា​អាច​បង្វែរ​ការខកចិត្ត​នេះ​ឱ្យក្លាយ​មកជា​មេរៀន​សម្រាប់​ជីវិត​ដើម្បី​បន្ត​ការអភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ទៅវិញ។

ការខិតខំ​ប្រឹងប្រែង​រាប់​ខែ ខណៈពេលដែល​ទឹកចិត្ត​កំពុង​តែមាន​សម្ទុះ និង​ធ្លាក់​ក្នុងស្ថានភាព​បរាជ័យ​ដោយ​មិន​អស់ចិត្ត​នោះ គឺជា​ការវាយប្រហា​រយ៉ា​ង​ធ្ងន់ធ្ងរ​មួយ​សម្រាប់​កញ្ញា​មុនី​នុត។ តែ​ស្ថិតក្នុងស្ថានភាព​បែបនេះ គាត់​មិនបាន​បណ្តោយឱ្យ​ស្ថានភាព​មិនល្អ​នោះមក​កែប្រែ​វាសនា​របស់គាត់​ឡើយ។ ជា​ដំណោះស្រាយ​គាត់​បាន​សម្រាក​មួយរយៈ​ពេល​ខ្លី បន្ទាប់មក​ក៏​ចាប់ផ្តើម​មើល​ឡើងវិញ​នូវ​ដំណើរការ​នៃ​ការខិតខំ​ប្រឹងប្រែង​ជាមួយនឹង​ការស្វែងរក​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់ខ្លួន​ក្នុងការ​ប្រកួត។

ការ​សម្រាក​នេះ​បានធ្វើឱ្យ​គាត់​កាន់តែ​រឹងមាំ ហើយ​រកឃើញ​នូវ​ចំណុច​ជាច្រើន​ដែល​ត្រូវ​កែលម្អ ហើយ​អ្វីដែល​កាន់តែ​សំខាន់​ទៅទៀត​នោះ គឺ​គាត់​បាន​ព្យាយាម​សាកល្បង​ចូលរួម​ប្រកួត​កាន់តែ​ច្រើនឡើង។

កញ្ញា ហេង សុវណ្ណ​មុនី​នុត បាន​និយាយថា៖ “ខ្ញុំ​ហ្វឹកហាត់​សមត្ថភាព​ដើម្បី​ព្យាយាម​អភិវឌ្ឍ​លើ​ទេពកោសល្យ​ដែលមាន​ពី​កំណើត​លើ​ការនិយាយ​ជា​សាធារណៈ ហើយ​ដើម្បី​សាកល្បង​សមត្ថភាព ខ្ញុំ​បាន​ព្យាយាម​គ្រប់​លទ្ធភាព​ដើម្បី​ចូលរួម​ប្រកួត ហេតុនេះ​ចាញ់ ឬ​ឈ្នះ មិនមែនជា​រឿង​សំខាន់​ខ្លាំង​នោះទេ តែ​អ្វីដែល​ត្រូវផ្តោត គឺ​ការអភិវឌ្ឍ​ខ្លួនឯងជោគជ័យ និង​ការអភិវឌ្ឍ​មនុស្ស​ជាច្រើន​សុទ្ធតែ​បានដឹងថា ការបរាជ័យ​គឺជា​មេរៀន​ដ៏​សំខាន់​ដើម្បី​ទទួលបាន​ភាពជោគជ័យ ស្ថានភាព​របស់​កញ្ញា​មុនី​នុត​ក៏​ដូចគ្នា​ដែរ។ បន្ទាប់ពី​បាន​រៀនសូត្រ​ពី​មេរៀន​ជាច្រើន​នៃ​ក្ដី​បរាជ័យ​រួចមក គាត់​បាន​ព្យាយាម​អភិវឌ្ឍ​មិនឱ្យ​កំហុសដដែលៗកើតមានឡើង​ទៀតឡើយ។ នៅពេលដែល​គាត់​ប្រកួត​កាន់តែច្រើន​គាត់​ទទួលបាន​មេរៀន​កាន់តែច្រើន។ ក្នុងការ​ប្រកួត​ខ្លះ​មិនអាច​ឈានទៅដល់​ដំណាក់កាល​កំពូល​បាន​មែន តែ​គាត់​ក៏​អាច​ឈ្នះ​ការប្រកួត​ជម្រុះ​បាន​ខ្លះ​ដែរ ដោយ​កម្មវិធី​ខ្លះ​គាត់​បានឈ្នះ​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ហើយការប្រកួត​ខ្លះទៀត​គាត់​អាច​ឈ្នះ​ដល់​វគ្គ​ជម្រុះសំខាន់ៗទៀតផង។

ជា​បន្តបន្ទាប់ ដោយ​ការតស៊ូ​ជាមួយនឹង​បញ្ហា​ជាច្រើន គាត់​កាន់​តែមាន​ភាពចាស់ទុំ ហើយ​ក៏បាន​ក្លាយជា​មនុ​ស្ស​ដែល​ពោរពេញ​ដោយ​ភាពរឹងមាំ មុននឹង​ក្លាយជា​ម្ចាស់​ពាន។ កញ្ញា​តែងតែ​គិតថា ការប្រកួតប្រជែង​គឺ​ហាក់បីដូចជា​ឱកាស​ដែល​ល្អ​បំផុត​ដើម្បី​ប្រឡូក​ចូលទៅក្នុង​ពិភព​ជាក់ស្តែង​នៃ​ការរស់នៅ ហើយក៏​ជា​ដំណាក់កាល​ល្អ​បំផុត​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន​ផងដែរ ព្រោះថា ការប្រកួត​ក្នុង​កម្មវិធីថ្មីៗអាចធ្វើឱ្យ​គាត់​ទទួលបាន​ចំណេះដឹង​ពី​ប្រធានបទថ្មីៗ និង​មានគំនិត​កាន់តែ​ទូលំទូលាយ​ឡើងលើ​បញ្ហា​សង្គម​នានា​ដែល​ត្រូវបាន​កំណត់ឡើង។

ស្មារតី​ក្នុង​ក្រុម​ក៏​ជា​រឿង​សំខាន់​មួយ​ដែរ ដែល​គាត់​ទទួលបាន​ពី​គ្រប់ការ​ប្រកួត។ ភាពជោគជ័យ​របស់​យុវតី​ខាងលើ គឺ​ការសម្របសម្រួល​ដ៏​ល្អ​មួយ​នៅក្នុង​ក្រុម​ដែល​សាមគ្គីភាព​នេះ​ជា​ចំណុចខ្លាំង​ប្រកបដោយ​ភាព​សុទិដ្ឋិនិយម​ដើម្បី​តតាំង​ជាមួយនឹង​ក្រុម​ម្ខាង​ទៀត​នៅលើ​ផ្លូវ​ឆ្ពោះទៅកាន់​ភាពជោគជ័យ។ ទីបំផុត នាពេលថ្មីៗនេះ កញ្ញា ហេង សុវណ្ណ​មុនី​នុត បានទទួល​ពានរង្វាន់​និយាយ​ជា​សាធារណៈ​ពី​សាកលវិទ្យាល័យ ដែលជា​ការប្រកួត​ដ៏​សំខាន់ និង​ឆ្លងកាត់​វគ្គ​ជម្រុះ​ជាច្រើន​ជាមួយនឹង​និស្សិត​នៅក្នុង​មហាវិទ្យាល័យ​ដែលមាន​ចំនួន​រាប់ម៉ឺន​នាក់៕

Advertisement