កូន​មិន​ស្តាប់បង្គាប់​កើតចេញពី​មូលហេតុ​អ្វីខ្លះ?

អាណាព្យាបាល​ជាច្រើន​តែងតែ​បន្ទោស​ដល់កូនតូចៗ ឬ​ដាក់បន្ទុក​តែ​លើ​ស្ថាប័ន​អប់រំ តែ​ពេលខ្លះ​មានរឿង​ជាច្រើន​ដែល​អាណាព្យាបាល​ខ្លួនឯង​កំពុង​ធ្វើ​ខុស​ទាំង​មិនដឹង​ខ្លួន។

គេហទំព័រ​អប់រំ Education World បាន​លើកឡើងថា កុមារតូចៗភាគច្រើន​ចាប់ផ្ដើម​កសាង​អត្តចរិត​តាំងពី​នៅ​វ័យក្មេង​ខ្ចី​បំផុត ដែល​ពេលខ្លះ​អាណាព្យាបាល​ទាំងឡាយ​ស្ទើរតែ​មិន​ជឿថា ក្មេង​ដែល​មិនទាន់​ទាំង​ចេះ​និយាយ​ផង អាច​ចេះ​សង្កេត រួមទាំង​ចាប់ផ្តើម​កើតជា​ចរិតលក្ខណៈ​ទៅហើយ។ អ្នកជំនាញ​ផ្នែក​អប់រំ​បាន​លើកឡើងថា ប្រសិនបើ​អាណាព្យាបាល​មិន​ប្រុងប្រយ័ត្ន ហើយ​មានការ​ធ្វេសប្រហែស​នៅ​ចំពោះមុខកូនតូចៗរបស់ខ្លួន​នោះ ពួកគេ​អាច​នឹង​ចងចាំ​នូវ​រឿង​ទាំងអស់នោះ​ទុក ហើយ​ទទួលយក​រឿង​អវិជ្ជមាន​ទាំងអស់នោះ​តែម្ដង ដែល​កត្តា​ទាំងនេះ​អាចធ្វើឱ្យ​អាណាព្យាបាល​ទាំងនោះ​ឈឺក្បាល​នៅ​ថ្ងៃក្រោយ​បាន។

អ្នកជំនាញ​ចិត្តសាស្ត្រ​កុមារ​បាន​ណែនាំ​ថា ប្រសិនបើ​កុមារ មាន​អត្តចរិត​អវិជ្ជមាន​ណាមួយ​ដែល​យើង​គិតថា​ក្មេង​មិនគួរ​ធ្វើ យើង​អាច​សាកល្បង​គិតពិចារណា​ទៅ​មើលថា តើ​សកម្មភាព​នោះ យើង​ធ្លាប់ធ្វើ​ដោយ​ខ្លួនឯង​ដែរឬទេ​ពីមុនមក? ព្រោះថា កុមារ​មិនចេះ​និយាយ​ក៏​អាច​រៀន​យល់ដឹង​បានដែរ។ អាណាព្យាបាល​គួរ​សិក្សា​ពី​វិធីសាស្ត្រ​ដើម្បី​បង្រៀន​កូន និង​កែប្រែ​ចំណុច​យល់​ខុស​មួយចំនួន​ដែល​អាច​ប៉ះពាល់​ដល់​កុមារ​នៅ​ថ្ងៃ​អនាគត។ ឪពុកម្តាយ​ភាគច្រើន​លើ​ពិភពលោក តែងតែ​ចាត់ទុក​កុមារតូចៗថា ជា​វ័យ​ដែល​នៅ​មិនទាន់​ដឹងអី តែ​តាមពិត​ការគិត​បែបនេះ​គឺ​ខុស​ទាំងស្រុង​ចំពោះ​ការអប់រំ​កូន។ មាន​អាណាព្យាបាល​ខ្លះ​បែរជា​គិតថា កុមារ​គួរតែ​ត្រូវបាន​បង្រៀន​ដូច​មនុស្ស​ធំ ឬ​ធ្វើអ្វីៗតាម​បែបផែន​មនុស្ស​ធំ​ដើម្បី​បង្រៀនកូនតូចៗ ដូចជា​ការបង្ខំ​ឱ្យ​អាន​អត្ថបទ​ដែល​គ្មាន​រូបភាព​សៀវភៅក្រាស់ៗ ឬ​បង្ខំ​ឱ្យស្តាប់​រឿង​ដ៏​គួរឱ្យ​ធុញទ្រាន់​សម្រាប់​ពួកគេ​ជាដើម។ ហេតុផល​នេះ កុមារ​ដែល​បង្ខំ​ឱ្យ​រៀន​លើសពី​សមត្ថភាព​របស់​ពួកគេ​ប្រាកដជា​មានប្រតិកម្ម​ត​ប​វិញ ឬ​ប្រឆាំង​ជាមួយនឹង​បំណង​របស់​មនុស្ស​ធំ​មិន​ខាន។

ម្យ៉ាងវិញទៀត កុមារ គឺជា​វ័យ​ដែល​ពូកែ​ឆ្ងល់​បំផុត ហើយ​អ្នកជំនាញ​អប់រំ​កុមារ​បាន​ស្រាវជ្រាវ​រកឃើញថា កុមារ​អាយុ​ក្រោម 6ឆ្នាំ អាច​សួរ​ច្រើនជាង 200សំណួរ​ក្នុង​មួយថ្ងៃ ព្រោះ​អ្វី​គ្រប់យ៉ាង​ដែល​គេ​ជួបប្រទះ​សុទ្ធតែជា​រឿង​ដែល​ពួកគេ​មិន​ស្គាល់ ហើយ​ជា​រឿង​ដែល​ពួកគេ​ចង់ដឹង​គ្រប់យ៉ាង។ នៅពេលនោះ​ប្រសិនបើ​មនុស្ស​ធំ​ដែល​អាចជា​អាណាព្យាបាល ឬ​ជា​អ្នក​នៅ​ជុំវិញខ្លួន​ពួកគេ​មិន​ព្យាយាម​ឆ្លើយ​ជាមួយនឹង​សំណួរ​ហើយ​បែរជា​ស្តីបន្ទោស​ដោយ​ក្ដី​រំខាន កុមារ​អាច​នឹង​ឈប់​សួរ បន្ទាប់មក​គេ​ក៏​លែង​ចង់​ស្វែងយល់​ពី​រឿង​ទាំងអស់​នោះដែរ ហេតុនេះ​គេ​អាច​នឹង​ក្លាយជា​មនុស្ស​ដែល​មិនសូវ​សកម្ម ឬ​មិនសូវ​ឆ្លាត​នៅពេល​គេ​ធំ​ឡើង។ ស្រប​នឹង​បញ្ហា​នេះដែរ ប្រសិនបើ​អាណាព្យាបាល​ឆ្លើយ​សំណួរ​កុមារ​តូច​ឱ្យតែ​រួចពីមាត់ គឺ​ស្មើនឹង​គាត់​បង្រៀន​កុមារ​ខុស ដែលជា​ហេតុ​ធ្វើឱ្យ​កុមារ​ក្លាយជា​មនុស្ស​ដែល​ធ្វើ​រឿង​មិន​ត្រឹមត្រូវ​នៅ​ថ្ងៃ​អនាគត​បាន។

ជារួម សកម្មភាព និង​ការយល់​ខុស​របស់​មនុស្ស​ធំ ដែល​មិន​យល់​ពី​ការអប់រំ​កុមារ អាច​កំណត់​វាសនា​របស់​កុមារ​បាន ហើយ​កត្តា​នេះ​នឹង​ធ្វើឱ្យ​មនុស្ស​ធំ​ខ្លួនឯង​ឈឺក្បាល​នៅ​ថ្ងៃក្រោយ៕

Advertisement