រៀន​ឱ្យ​ពូកែ និង​រៀន​ដើម្បី​ប្រឡង​ជាប់​មិន​ដូចគ្នា​ទេ

មនុស្ស​ជាច្រើន​បាន​យល់​ខុស​ថា អ្នក​ដែល​អាច​ប្រឡង​ជាប់ គឺជា​មនុស្ស​ពូកែ ហើយ​អ្វីដែល​ពួកគេ​បារម្ភ​ខ្លាំង​នោះ គឺ​ពេលដែល​ពួកគេ​ប្រឡង​ធំម្តងៗ ខណៈដែល​មនុស្ស​មួយចំនួន​តូច​ផ្សេងទៀត​មិនសូវ​បារម្ភ​ពី​ការជាប់ ឬ​ធ្លាក់​នោះទេ តែ​អ្វីដែល​គេ​យកចិត្តទុកដាក់​ខ្លាំង​បំផុត​នោះ គឺ​កម្រិត​សមត្ថភាព និង​ចំណេះដឹង។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កញ្ញា ឡាំ សុ​វ​ណ្ណី និស្សិត​ដែល​ទទួលបាន​និទ្ទេស A រាល់​ឆ្នាំ​នៅ​មហាវិទ្យាល័យ​បាន​លើកឡើងថា លក្ខណសម្បត្តិ​របស់​សិ​ស្ស​ពូកែ​មាន​ច្រើនណាស់ ហើយ​ខុសប្លែកគ្នា​តាម​ជំនាញ និង​វិធីសាស្ត្ររៀងៗខ្លួន ហើយ​ក៏មាន​លក្ខណសម្បត្តិ​ខុសពី​អ្នករៀន​ដើម្បី​តែ​ប្រឡង​ជាប់​ដែរ។ សិស្ស​ពូកែ​ជា​អ្នកកំណត់​ផែនការ​សិក្សា​ច្បាស់លាស់ ហើយ​តែងតែ​គ្រប់គ្រង​ស្ថានការណ៍​បានល្អ​នូវ​គ្រប់​មេរៀន​ដែល​គេ​កំពុង​រៀន ព្រោះថា សិស្ស​ពូកែ​គេ​តែងតែ​ប្រើ​ពេលវេលា​ស្រាវជ្រាវ​មុនពេល​ដល់​ម៉ោង​សិក្សា ខុសពី​សិស្ស​ធម្មតា​ដែល​ចូលចិត្ត​រៀនភ្លាមៗ និង​មិនមាន​គម្រោង​ជាមុន។ កត្តា​នេះ​អាចធ្វើឱ្យ​សិស្ស​ពូកែ ចំណាយពេល​តិច​ក្នុង​ម៉ោង​រៀន តែ​អាច​ទទួលបាន​ផល​ល្អ និង​យល់​ច្រើន ព្រោះ​គេ​បានដឹងខ្លះៗរួច​ហើយពី​មេរៀន​ដែល​ត្រូវបាន​បង្រៀន​នៅ​សាលា គេ​ចំណាយពេល​សម្រាប់តែ​សួរ​បន្ថែម​នូវ​អ្វីដែល​គេ​ឆ្ងល់​ប៉ុណ្ណោះ។

កញ្ញា ឡាំ សុ​វ​ណ្ណី បាន​និយាយថា ៖ “បើ​ចង់​រៀន​ឱ្យ​ពូកែ​គឺ​កុំ​គិតថា​ចង់​រៀន​ដើម្បី​ឱ្យតែ​ប្រឡង​ជាប់ តែ​ត្រូវ​ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង។ ជាធម្មតា​ទេ មនុស្ស​គ្រប់គ្នា​សុទ្ធ​តែមាន​ចំណុចខ្លាំង និង​ចំណុចខ្សោយរៀងៗខ្លួន ហេតុនេះ​ដើម្បី​ក្លាយជា​សិស្ស​ពូកែ កុំ​រៀន​រាល់ថ្ងៃ​ដោយ​មិន​ស្វែងយល់​ពី​ខ្លួនឯង។

អ្វីដែល​គួរ​ធ្វើ គឺ​ស្វែងរក​ចំណុចខ្លាំង​របស់ខ្លួន​ដើម្បី​អភិវឌ្ឍ​បន្ថែម ហើយ​ស្វែងរក​ចំណុចខ្សោយ​ដើម្បី​កែតម្រូវ​ឱ្យ​ខ្លាំង​បន្តិចម្តងៗដើម្បី​បង្កើន​ទំនុកចិត្ត​ក្នុងការ​សិក្សា រហូត​ទទួលលទ្ធផល​ល្អ។

និស្សិត​ពូកែ​រូបនេះ បានលើកឡើង​ផងដែរ​ថា​តាម​ការពិត និស្សិត​ពូកែ និង​និស្សិត​ធម្មតា​គឺ​មិន​ខុសគ្នា​ច្រើន​ទេ តែ​ចំណុច​ដែល​និស្សិត​ពូកែ​គិត ខុសពី​និស្សិត​ទូទៅ​គិត គឺ​និស្សិត​ពូកែ​គេ​មាន​ភាពស្វាហាប់​ក្នុង​គំនិត។ និស្សិត​ធម្មតា​គាត់​តែងតែ​បណ្តោយ​ខ្លួន​របស់គាត់​ទៅតាម​ខ្យល់ ឬ​បណ្តោយ​ទៅតាម​យថាកម្ម ដោយ​ប្រឹងរៀន​ត្រឹម​កម្រិត​ធម្មតាល្មមៗ ឬ​ប្រឹង​យកតែ​មួយ​ជាប់។ សម្រាប់​កញ្ញា​ឡាំ សុ​វ​ណ្ណី ផ្ទាល់ គឺ​មិនដែល​គិតថា រៀន​ត្រឹមតែ​អ្វីដែល​គ្រូ​ដាក់ឱ្យ​នោះទេ។ ជា​សិស្ស ឬ​និស្សិត​ក៏ដោយ​បើ​ចង់​ពូកែ នៅពេលដែល​គ្រូ​ដាក់​មេរៀន​មក10 យើង​គួរ​ស្រាវជ្រាវ​បន្ថែម ឬ​រៀន​ឱ្យបាន​ច្រើនជាង10 ខុសពី​និស្សិត​ធម្មតា​ត្រង់​ថា​អ្នកខ្លះ​ខំ​ត្រឹម10  ឬ​តិចជាង​នេះ។

នៅពេលដែល​យើង​រៀន​ច្រើន​លើសពី​អ្វីដែល​គ្រូ​ដាក់ឱ្យ​យើង នោះ​យើង​នឹង​យល់ច្បាស់​ពី​ហេតុផល​នៃ​មេរៀន ឬ​អាច​កែសម្រួល​លើ​ចំណុច​មួយចំនួន​ដែល​គ្រូ​បាន​បង្រៀន​មិនសូវ​ត្រូវបាន​ទៀតផង។ ជារួម​ដើម្បី​ក្លាយជា​សិស្ស​ពូកែ កញ្ញា សុ​វ​ណ្ណី ចូលចិត្ត​តស៊ូ​មតិ​ជាមួយ​គ្រូ ព្រោះថា នៅពេលដែល​គាត់​បាន​ស្រាវជ្រាវ​បន្ថែម​ច្រើន គាត់​អាច​ដឹងថា​ចំណុច​ដែល​គ្រូ​បង្ហាត់បង្ហាញ​មក​នោះ​ត្រឹមត្រូវ ឬ​នៅមាន​កន្លែង​ខ្វះខាត​ត្រង់ណា​ខ្លះ ដែល​វា​ក៏​ជា​វិធី​ល្អ​មួយ​សម្រាប់​ចោទ​ជា​សំណួរ​ទៅវិញ​ឱ្យបាន​ច្បាស់លាស់​ផងដែរ។

អតីត​និស្សិត និង​សិស្ស​ពូកែ​ដែល​ទទួលបាន​និទ្ទេស B+ នៅ​ថ្នាក់​វិទ្យាល័យ លោក នាង កុសល បាន​លើកឡើងថា ការរៀន មិនគួរ​រៀន​តែ​ដើម្បីឱ្យ​ប្រឡង​ជាប់​នោះទេ តែ​អ្វីដែល​សំខាន់​គឺ​ត្រូវ​រៀន​ដើម្បី​ទទួលបាន​ចំណេះដឹង​ពិតប្រាកដ។ ភាព​ពូកែ​គឺ​ផ្តោត​សំខាន់​លើ​សមត្ថភាព​ក្នុង​ការយល់​ពី​មេរៀន និង​អត្ថន័យ​សំខាន់​នៃ​ការអប់រំ​ក្នុង​ផ្នែកនីមួយៗ សម្រាប់​ប្រើប្រាស់​ក្នុង​ការរស់នៅ​ជាក់ស្តែង ហេតុនេះ​ដើម្បី​រៀន​ឱ្យ​ពូកែ គឺ​ត្រូវអនុវត្ត​ឱ្យបាន​ច្រើន​តាម​លទ្ធភាព។

លោក នាង កុសល បាន​និយាយថា ៖ “ការអនុវត្ត មិន​ប្រាកដថា​អនុវត្ត​តែ​លំ​ហាត់ ឬ​កិច្ចការ​សាលា​នោះទេ តែ​ក្នុងនាម​ជា​អ្នកសិក្សា យើង​មាន​វិធី​ជាច្រើន​ទៀត​ដើម្បី​យក​អ្វីដែល​យើង​បាន​រៀនសូត្រ​មក​ធ្វើការ​អនុវត្ត​ផ្ទាល់។ នៅពេលដែល​យើង​យល់ច្បាស់​ពី​មេរៀន ហើយ​បាន​អនុវត្ត​ផ្ទាល់ យើង​នឹង​មើលឃើញ​បញ្ហា​ប្រឈម​នានា រួមទាំង​ចំណុច​លម្អិត​ជាច្រើន​ដែលជា​ទូទៅ វា​នឹង​ចេញ​នៅពេលដែល​យើង​ធ្វើ​ជាក់ស្តែង។

លោក កុសល ក៏បាន​លើកឡើង​ផងដែរ​ថា​ការស្រាវជ្រាវ​បន្ថែម ការអនុវត្ត​តាមរយៈ​ការចែករំលែក​ចំណេះដឹង​ទៅកាន់​អ្នកសិក្សា​ដូចគ្នា និង​ការចូលរួម​ក្នុង​ការងារ​មួយចំនួន​ដែល​ត្រូវ​នឹង​មេរៀនដែល​កំពុង​សិក្សា អាចធ្វើឱ្យ​យើង​ទទួលបាន​ឱកាស​ច្រើន​ក្នុងការ​ស្វែងយល់​នូវ​រឿងថ្មីៗ ហើយ​ធ្វើឱ្យ​យើង​ទទួលបាន​ចំណេះដឹងប្លែកៗ ពី​អ្នក​ដែល​រៀន​តែ​នៅក្នុង​សាលា។

ឆ្លើយតប​ជាមួយនឹង​បញ្ហា​នេះ​ផងដែរ កញ្ញា​លឹម លី​ឆាយ និស្សិត​កម្ពុជា​ដែលជា​ប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស​បាន​លើកឡើងថា ការសិក្សា ពេលខ្លះ​គឺ​ត្រូវការ​ទំនុកចិត្ត និង​ការសាកល្បង។ ការប្រឡង​ដើម្បី​សាកល្បង​សមត្ថភាព​នានា គឺជា​ផ្លែផ្កា​យ៉ាងសំខាន់​ដែល​ជំរុញ​ឱ្យ​សិស្ស-និស្សិត​ក្លាយជា​មនុស្ស​ពូកែ​បាន ព្រោះថា មាន​មនុស្ស​មិន​ច្រើន​ទេ​ដែល​ហ៊ាន​ប្រកួតប្រជែង។ មនុស្ស​ជាច្រើន​មិនទាន់​ទុកចិត្ត​លើ​ខ្លួនឯង ហើយ​គិតថា រៀន​ហើយ​ប្រឡង​ឱ្យ​ជាប់ គឺជា​គោលដៅ​របស់គាត់ ខណៈ​សិស្ស​ពូកែ​គេ​តែងតែ​ចង់​សាកល្បង​នូវ​អ្វីដែល​ថ្មីសម្រាប់​អភិវឌ្ឍ​ចំណេះដឹង និង​រៀន​ពី​បរិស្ថាន​ខាងក្រៅ រួមទាំង​សាកល្បង​សមត្ថភាព​ខ្លួនឯង​ផ្ទាល់​ទៀតផង។

កញ្ញា លឹម លី​ឆាយ បាន​និយាយថា ៖ “ពេលខ្លះ នៅពេលដែល​យើង​កំពុង​រៀន យើង​មិនទាន់​ដឹង​ពី​សមត្ថភាព​ខ្លួនឯង​នោះទេ តែ​នៅពេលដែល​យើង​ចូលរួម​ប្រកួតប្រជែង ពេលខ្លះ​យើង​នឹង​បានដឹងថា​យើង​អាចមាន​សមត្ថភាព​ខ្លាំង ឬ​ទទួលបាន​លទ្ធផល​ល្អ (ឬ​អាក្រក់) ហួស​ពី​ការ​ស្មាន បន្ទាប់ពី​យើង​បាន​ខិតខំ​ប្រឹងប្រែង​អស់​មួយរយៈ​ដើម្បី​ទទួល​ជ័យជម្នះ​លើ​ការប្រកួត​នោះ។

កញ្ញា លី​ឆាយ លើកទឹកចិត្ត​យុវជន​ថា កុំ​ខ្លាច​ក្នុងការ​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង ព្រោះថា រាល់​ការប្រកួតប្រជែង បើទោះបីជា​យើង​មិន​ទទួលបាន​ជោគជ័យ ឬ​ទទួលបាន​ពានរង្វាន់ ឬ​ទទួលបាន​ជយលាភី​ក៏ដោយ តែ​អ្វីដែល​យើង​ចំណេញ គឺ​យើង​បាន​ជួប​មនុស្ស​ថ្មី ទទួលបាន​ចំណេះដឹង​ថ្មី និង​បទពិសោធ​ថ្មី ដែល​កត្តា​នេះ​ធ្វើឱ្យ​ចំណេះដឹង​របស់​យើង​កាន់តែខ្លាំង​ឡើង ហើយ​អាច​ក្លាយជា​មនុស្ស​ពូកែ​ម្នាក់​ទៀតផង៕

Advertisement