កម្ពុជា​ កំពុង​យកចិត្តទុកដាក់​ខ្លាំង​ក្នុងការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ

កម្លាំង​ពលកម្ម គឺជា​ធាតុ​ផ្សំ​ដ៏​ចាំបាច់​បំផុត​សម្រាប់​សង្គម​កម្ពុជា ព្រោះថា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ កំណើន​នៃ​ការវិនិយោគ និង​ឧស្សាហ​កម្មបាន​កើន​ឡើងជា​លំដាប់ ខណៈ​ធនធានមនុស្សរ​បស់​កម្ពុជា​នៅមានកម្រិត​នៅឡើយ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម ពេជ្រ សោភ័ន បាន​លើកឡើងថា កម្ពុជា​កំពុង​ត្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​ច្រើន​លើ​វិស័យ​កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ និង​សេវាកម្ម​ជាច្រើន​ទៀត ដើម្បី​អភិវឌ្ឍ​វិស័យ​ទាំងអស់នោះ​ឈានទៅរក​កំណើនសេដ្ឋកិច្ច និង​ផលិតភាព​ខ្ពស់​នៅ​កម្ពុជា។ គ្រប់​ប្រទេស​ដែលមាន​ការអភិវឌ្ឍ​ជឿនលឿន​ដូចជា​កូរ៉េខាងត្បូង និង​សិង្ហ​បុរី​សុទ្ធ​តែមាន​ធនធានមនុស្ស​ដែលមាន​គុណភាព​ខ្ពស់​ខាង​បច្ចេកវិទ្យា។

ឯកឧត្តម ពេជ្រ សោភ័ន បាន​មានប្រសាសន៍ថា ៖ “កម្ពុជា​បាន​ខិតខំ​ប្រឹងប្រែង​ច្រើន​លើ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ដោយ​ជំរុញ ផ្តល់ឱកាស និង​លើកទឹកចិត្ត​ឱ្យ​យុវជន​កម្ពុជា​ចូលរៀន​ផ្នែក​បច្ចេកទេស តាមរយៈ​គម្រោង TVET ដែល​យើង​បាន​បង្កើតឡើង។ ឯកឧត្តម​រដ្ឋលេខាធិកា​រ បានលើកឡើង​ផងដែរ​ថា តាមរយៈ​គម្រោង TVET យើង​មាន​សមត្ថភាព​បណ្តុះបណ្តាល​យុវជន​ឱ្យមាន​សមត្ថភាព​ខ្ពស់​ឆ្លើយតប​ជាមួយនឹង​តម្រូវការ​ការងារ​ជាក់ស្តែង​ដែល​កំពុងតែ​ត្រូវការ​កម្លាំង​ពលកម្ម​លើ​ជំនាញ​បច្ចេកទេស ដូចជា​ក្នុង​វិស័យ​សំណង់ វិស័យ​ឧស្សាហកម្ម និង​វិស័យផ្សេងៗជាច្រើន​ទៀត។ លើសពីនេះទៅទៀត យើង​ក៏​ពង្រឹង​កិច្ចសហការ​ល្អជា​មួយ​ដៃគូ​នានា​ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស​ទាំង​ផ្នែក​មធ្យម​បច្ចេកទេស និង​កម្រិត​វិជ្ជាជីវៈ​ដើម្បី​ផ្តល់ឱកាស​ឱ្យ​សិស្ស និស្សិត​របស់​យើង​ទទួលបាន​នូវ​ប្រព័ន្ធ​អប់រំ​តាមបែប​បច្ចេកវិទ្យា​ទំនើប និង​ឆ្លើយតប​ជាមួយនឹង​ការរីកចម្រើន​នាពេល​បច្ចុប្បន្ន។

ថ្មីៗនេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ និង​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ អ៊ូ​ស៊ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ចុះ​កិច្ចព្រមព្រៀង​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ដល់​ប្រជាជន​កម្ពុជា ដើម្បី​លើកស្ទួយ​ដល់​កម្លាំង​ពលកម្ម​ក្នុងស្រុក​ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារការងារ​នៅក្នុង​ខេត្ត​ព្រះសីហនុ និង​នៅ​ទូទាំងប្រទេស ដោយ​ក្នុងនោះ​ថវិកា​ប្រមាណ​ជា 10លាន​ដុល្លារ​អាមេរិក ត្រូវបាន​គ្រោង​ចំណាយ​ដើម្បី​សាងសង់​គ្រឹះស្ថាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មួយ​ដែលមាន​ឈ្មោះថា វិទ្យាស្ថាន​ពហុបច្ចេកទេស​មិត្តភាព​កម្ពុជា-ចិន នៅ​ខេត្ត​ព្រះសីហនុ។

អនុប្រធាននាយកដ្ឋាន​ព័ត៌មាន​ទីផ្សារការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​ថង សាម៉ុន បាន​លើកឡើងថា ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍​លើ​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម ដែល​ផ្នែក​ទាំងអស់នេះ គឺ​ត្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​ច្រើន​ដើម្បី​អភិវឌ្ឍ​ឆ្ពោះទៅរក​ការអភិវឌ្ឍ​លើ​សេដ្ឋកិច្ចជាតិ​ដែល​គាំទ្រ​ដល់​គោលនយោបាយ​ជាតិ​ក្នុង​វិស័យ​ឧស្សាហកម្ម​ឆ្នាំ 2025។ កម្ពុជា​ត្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​ច្រើន​ក្នុង​ការជំរុញ​សេដ្ឋកិច្ចជាតិ​ដើម្បី​ចូលរួម​អភិវឌ្ឍ​កម្ពុជា​ឱ្យ​សម្រេច​គោលដៅ​ជា​ប្រទេស​ដែលមាន​ចំណូល​កម្រិត​មធ្យម​នៅ​ឆ្នាំ2030 និង​ក្លាយជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ2050។

ឯកឧត្តម យ៉ោ​ក សុ​ទ្ធី នាយក​វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស (NTTI) បាន​លើកឡើងថា កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​លើ​ផ្នែក​គ្រូ​បច្ចេកទេស​វិជ្ជាជីវៈ ផ្នែក​វិស្វកម្ម និង​ផ្នែក​បច្ចេកវិទ្យា ដែល​ធនធាន​ទាំងអស់​នោះបាន​បម្រើ​សេចក្តីត្រូវការ​នៅ​ពេញ​ផ្ទៃ​ប្រទេស។ តាមរយៈ​វិទ្យាស្ថាន NTTI ដែលជា​វិទ្យាស្ថាន​បណ្តុះបណ្តាល​បច្ចេក​ទេស​ដ៏​សំខាន់​មួយ​នៅ​កម្ពុជា​នោះ យើង​បាន​បណ្តុះបណ្តាល​ផ្នែក​បច្ចេកវិទ្យា​យ៉ាងច្រើន​ដល់​និស្សិត ដោយ​ប្រើប្រាស់​នូវ​កម្មវិធីសិក្សា​ទំនើប ស្របតាម​តម្រូវការ​ការងារ ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​អ្នកជំនាញ។

ឯកឧត្តម យ៉ោ​ក សុ​ទ្ធី បាន​មានប្រសាសន៍ថា ៖ “នាពេល​បច្ចុប្បន្ននេះ ការរៀន និង​បង្រៀន​លើ​ផ្នែក​បច្ចេកវិទ្យា​ត្រូវបាន​យកចិត្តទុកដាក់​ខ្ពស់ ខណៈពេលដែល​គ្រឹះស្ថាន​បណ្តុះបណ្តាល​បាន​អភិវឌ្ឍ​ឱ្យមាន​ការបំពាក់​សម្ភារ​ទំនើប មាន​មន្ទីរពិសោធន៍​និង​ទទួលបាន​សៀ​ភៅ សម្ភារ​សិក្សាទំនើបៗ ព្រមទាំង​បំពាក់​ដោយ​បច្ចេកវិទ្យាថ្មីៗដើម្បី​ជំរុញ​ឱ្យ​យុវជន​កម្ពុជា​ចាប់អារម្មណ៍​ខ្លាំង​លើ​ការសិក្សា​បច្ចេកវិទ្យា។

ស្រប​ពេលដែល​កម្ពុជា​កំពុង​យកចិត្តទុកដាក់​លើ​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​គេ​សង្កេតឃើញថា ការអភិវឌ្ឍ​លើ​ផ្នែក​នេះ​ក៏មាន​កត្តា​ប្រឈម​មួយចំនួន​ផងដែរ ព្រោះថា យុវជន​កម្ពុជា​មិន​ច្រើន​ទេ​ដែល​ជ្រើស​រើសយក​មុខវិជ្ជា​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​នេះ ខណៈ​មាន​និស្សិត​ជាច្រើន​បានជ្រើសរើស​យក​ជំនាញ​ដែល​ចង្អៀត។ តែ​ទោះជា​យ៉ាងនេះ​ក្តី ក្រសួង​អប់រំ យុវជន និង​កីឡា រួមទាំង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ខិតខំ​យកចិត្តទុកដាក់​ក្នុងការ​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​បច្ចេកវិទ្យា​តាមរយៈ​កម្មវិធី អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) និង​តាមរយៈ​ការធ្វើ​វគ្គ​តម្រង់ទិស​មុខ​វិជ្ជា​សិក្សា​ជា​រៀងរាល់ឆ្នាំ៕

Advertisement