មូលហេតុ និង​ដំណោះស្រាយ​ចំពោះ ការសរសេរ​ពាក្យ​ខ្មែរ​ខុស​ច្រើន​ក្នុង​បណ្តាញ​សង្គម

អក្សរសាស្ត្រ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន​សម្រាប់​សង្គម​មួយ ព្រោះថា អក្សរសាស្ត្រ​ជា​គ្រឹះ​សំខាន់​របស់​វប្បធម៌ ដែល​កំណត់​ពី​អត្តសញ្ញាណ​ជាតិ និង​ការរីកចម្រើន​ទាក់ទិន​នឹង​ផ្នត់គំនិត​របស់​សង្គមជាតិ។

ថ្មីៗនេះ គេ​សង្កេតឃើញថា មានការ​សរសេរ​ខុស​ច្រើន​លើ​បណ្តាញ​សង្គម Facebook ក៏ដូចជា​ក្នុង​អត្ថបទ​មួយចំនួន​ដែល​ត្រូវបាន​គេ​បង្ហោះ​លើ​បណ្តាញ​បច្ចេកវិទ្យា​ដែល​កំពុង​តែមាន​ការរីក​ចម្រើន​នាពេល​បច្ចុប្បន្ន។ ផ្តោតលើ​បញ្ហា​នេះ​មាន​មនុស្ស​ជាច្រើន​បាន​លើក​យកមក​ធ្វើ​ការជជែក​វែកញែក និង​ស្វែងរក​ចំណុច​ចន្លោះប្រហោង​ដែល​ត្រូវ​ធ្វើការ​ដំណោះស្រាយ​ជា​ចាំបាច់។

សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខ្មែរ លោក កេ​ន កើត បាន​លើកឡើងថា មាន​បញ្ហា​ចំនួន3 ដែលនាំឱ្យ​មានការ​សរសេ​រ​ខុស​លើ​បណ្តាញ​សង្គម Facebook និង​លើ​ឯកសារ​មួយចំនួន​ដែល​ត្រូវបាន​គេបង្ហាញ​ជា​សាធារណៈ។ ការសរសេរ​ខុស​ទាំងអស់នោះ ទី1 គឺ​មកពី​អ្នកសរសេរ​គាត់​មិនបាន​ស្គា​ល់ពី​ឫសគល់​នៃ​ពាក្យ​ក្នុង​ភាសា​ខ្មែរ។ លោក​បាន​លើកឡើងថា ភាសា​ខ្មែរ​មាន​ក្បួនច្បាប់ និង​ឫសគល់​ត្រឹមត្រូវ​ដែល​ពាក្យនីមួយៗត្រូវបានធ្វើ​ឱ្យក្លាយ​ចេញ​ជា​ពាក្យ​ជាច្រើន​ផ្សេងទៀត។ នៅពេលដែល​អ្នកសរសេ​រ​គាត់​ដឹង​ពី​ឫសគល់​នៃ​ពាក្យ នីមួយៗនោះ គាត់​នឹង​អាច​យល់ច្បាស់​ពី​ហេតុផល​នៃ​ការសរសេរ​ពាក្យ​នានា​ដែល​ត្រូវបាន​គេ​បំប្លែង​ចេញពី​ពាក្យ​នោះបាន​យ៉ាង​ត្រឹមត្រូវ។ ចំណែកឯ​ចំណុច​សំខាន់​ទី2  អ្នក​ដែល​សរសេរ​ខុស គឺ​ដោយសារតែ​គាត់​មិនបាន​ស្គាល់​ច្បាស់​ពី​ទំនាញសូរ​នៅក្នុង​ភាសា​ខ្មែរ ព្រោះ​នៅក្នុង​ភាសា​ខ្មែរ​យើង​មាន​ក្បួន​ទំនាញសូរ ដែល​ពាក្យ​ខ្លះ​អាច​ប្រើប្រាស់​ព្យញ្ជនៈ​ពពួក “អ” (អឃោស) និង​ពាក្យ​ខ្លះ​ត្រូវ​ប្រើប្រាស់​ព្យញ្ជនៈ​ពពួក “អ៊” (ឃោស) ហើយ​នៅពេលដែល​យើង​យល់​មិន​ច្បាស់ យើង​នឹង​អាចបង្កើត​កំហុស ព្រោះ​យើង​មិន​សរសេរ​តាម​ក្បួន ហើយ​បែរជា​សរសេរ​តាម​អាន ឬ​តាម​ទម្លាប់​ទៅវិញ។

លោក កេ​ន កើត បាន​និយាយថា៖ “ចំណុច​សំខាន់​មួយ​ផ្សេងទៀត​ដែលនាំឱ្យ​មានការ​សរសេ​រ​មិន​ត្រឹមត្រូវ​នោះ​គឺ អ្នកសរសេរ​មិន​ស្គាល់​ពី​ប្រភព​ដែល​ពាក្យ​ខ្មែរ​ខ្ចី​ពី​បរទេស។ ពាក្យ​ដែល​ខ្មែរ​យើងប្រើប្រាស់​នាពេល​បច្ចុប្បន្ន​នេះ​មាន​ខ្ចី​ពី​បាលី សំស្ក្រឹត និង​ភាសាបរទេស​មួយចំនួន​ទៀត ហេតុនេះ​ពាក្យ​ខ្លះ​គឺមាន​ការប្រែប្រួល​នៅពេលដែល​វា​ជា​នាម ឬ​នៅពេលដែល​វា​មាន​តួនាទី​ជា​កិរិយាសព្ទ ដូចជា​ពាក្យ “វិ​វត្ត” និង “វិវត្តន៍” ជាដើម។

សាស្ត្រាចារ្យ​អក្សរសាស្ត្រ​ខាងលើ​បានលើកឡើង​ផងដែរ​ថា ក្រៅពី​ចំណុចសំខាន់ៗទាំង 3ហើយ ការមិនយល់​ពី​គោលការណ៍​ព្យាង្គ​តម្រួត និង​ព្យាង្គ​រាយ ក៏​ជា​រឿង​សំខាន់​មួយ​ដែល​អ្នកសរសេរ​ត្រូវ​ដឹង​ដែរ ព្រោះថា​ប្រសិនបើ​យើង​មិន​បានដឹង​ពី​គោលការណ៍​ទាំងអស់នេះ​ទេ យើង​នឹងមាន​ការភាន់ច្រឡំ ដោយ​ពាក្យ​ខ្លះ​មិនត្រូវ​សរសេរ​ជា​ព្យាង្គ​តម្រួត គាត់​បែ​ជា​សរសេរ​ព្យាង្គ​តម្រួត ហើយ​ពេលខ្លះ​ពាក្យ​ដែល​ត្រូវ​សរសេរ​ជា​ព្យាង្គ​តម្រួត គាត់​បែ​ជា​សរសេរ​ជា​ព្យាង្គ​រាយ​ទៅវិញ។ បន្ថែម​ពីលើ​នេះ លោក កើត បានបញ្ជាក់​ផងដែរ​ថា អ្នកសរសេរ​មួយចំនួន​ដែល​តែងតែ​សរសេរ​ខុស​នោះ​គឺ បណ្តាលមកពី​ពួកគាត់​មិនបាន​ស្គា​ល់ពី​លំនឹង​នៃ​វេ​យ្យក​រណ៍​ខ្មែរ ដែលមាន​ក្បួនច្បាប់​ច្បាស់លាស់​ត្រឹមត្រូវ រួច​ចេះតែ​សរសេរ​តាម​គ្នា ឬ​សរសេរ​តាម​ទម្លាប់ ដែល​រឿង​ទាំងអស់នេះ​ពេលខ្លះ​វា​បានធ្វើឱ្យ​កើតមាន​កំហុស​ជា​ញឹកញាប់។

ចំពោះ​ចំណុច​មួយចំនួន​ផ្សេងទៀត​ដែល​សាស្ត្រាចារ្យ​ខាងលើ​បាន​មើលឃើញ​ដែរនោះ​គឺ នៅពេលដែល​អ្នកសរសេ​រ​គាត់​សរសេរ​ពាក្យ​តាម​ការនិយាយ​ឬ​សរសេរ​កាត់ខ្លីៗមិន​ពេញ​ន័យ ក៏​អាចជា​បច្ច័យ​មួយ​ដែល​នាំឱ្យមាន​កំហុស​ផងដែរ ដូចជា​ពាក្យ “ខ្ញុំ” ត្រូវបាន​មនុស្ស​ជាច្រើន​សរសេរ​នៅក្នុង​បណ្តាញ​សង្គម​ថា “ញ៉ុ​ម” ជាដើម។ ពាក្យ​នេះ​គឺអាច​កើតមក​ពី​អ្នកសរសេរ​គាត់​ខ្ជិល​សរសេរ​វែង និង​អ្នក​ខ្លះទៀត​គាត់​មិនដឹងថា ពាក្យ​នេះ​ជា​ពាក្យ​ខុស ក៏​ចេះតែ​សរសេរ​តាម​សូរ​ដែល​គេ​និយាយ​ទៅ។ ទង្វើ​ទាំងអស់នេះ អាចធ្វើឱ្យ​មនុស្ស​មួយចំនួន​គិតថា ពាក្យ​ខុស​នោះ​គឺជា​ពាក្យ​ត្រូវ​ទៅវិញ ហើយក៏​ទម្លាប់​សរសេរ​ខុសតៗគ្នា​ទៅ។

ជា​ដំណោះស្រាយ​លោក កេ​ន កើត បាន​លើកឡើងថា ដើម្បី​ប​ញ្ច្រា​ប​ការយល់ដឹង​ដល់​ប្រជាជន​កម្ពុជា​ដែល​មិនទាន់មាន​ការយល់ដឹង​ច្រើន ឬ​មិនទាន់មាន​គ្រឹះ​ក្នុងការ​ប្រើប្រាស់​ភាសា​ខ្មែរ​រឹងមាំ​នោះ​គឺ អ្នកចេះ​ច្រើន​គួរ​បង្កើត​ទម្លាប់​ត្រឹមត្រូវ​ដល់​អ្នកចេះ​តិច ហើយ​អ្នក​ដែល​បាន​យល់ដឹង​មួយចំនួន​គួរ​ផ្សព្វផ្សាយ​បន្ត​ឱ្យបាន​ទូលំទូលាយ។ សម័យ​បច្ចុប្បន្ននេះ ជា​សម័យ​បច្ចេកវិទ្យា ហេតុនេះ​យើង​អាចធ្វើ​ការផ្សព្វផ្សាយ​នូវ​វិធីសាស្ត្រងាយៗក្នុងការ​ចងចាំ​ពី​ក្បួន​ប្រើប្រាស់​ពាក្យ​ខ្មែរ​ដែល​បុព្វបុរស​យើង​ធ្លាប់បាន​បង្កើតឡើង ដែល​ក្បួន​ខ្លះ​ជា​កំណាព្យខ្លីៗដើម្បី​ងាយ​ចងចាំ លើ​បណ្តាញ​សង្គម។ ម្យ៉ាងវិញទៀត យើង​ក៏​គួរ​ផ្សាយ​ពី​ហេតុផល​មួយចំនួន​នៃ​ការប្រើប្រាស់​ពាក្យ​ទាំងអស់នេះ ដោយ​ជ្រើស​រើសយក​ចំណុចងាយៗមក​និយាយ ដើម្បីឱ្យ​មនុស្ស​ដទៃ​បានឃើញ ចាប់អារម្មណ៍ និង​ងាយ​ចងចាំ​សម្រាប់​យកទៅអនុវត្ត។

បញ្ជាក់​លើ​ចំណុច​នេះ​ផងដែរ លោក​សាស្ត្រាចា​រ្យ ឈិន សីហា ប្រធាន​ស្ថាបនិក​ក្លិប​អក្សរសាស្ត្រ​ខ្មែរ និង​ជា​អ្នកស្រាវជ្រាវ​ចងក្រង​សទ្ទានុក្រម​ភាសា​ខ្មែរ​ទំនើប​បាន​លើកឡើងថា កត្តា​ដែល​ប្រជាជន​ខ្មែរ​មួយចំនួន ជាពិសេស​យុវជន​ដែល​សរសេរ​ខុស​ច្រើន​លើ​បណ្តាញ​សង្គម​នេះ គឺ​កើតចេញពី​ចំណុច​មួយចំនួន​ដូចជា ការសរសេរ​តាម​អារម្មណ៍ សរសេរ​តាម​គ្នា សរសេរ​តាម​ទម្លាប់ ព្រោះ​ខ្លាច​ខុសគេ(តែ​មិន​ខ្លាច​ខុស​ក្បួន)ការធ្វេសប្រហែស កត្តា​បច្ចេកវិទ្យា និង​កត្តា​សង្គម​ដែល​មិនទាន់មាន​ការឯកភាព​គ្នា​លើ​ការប្រើ​អក្សរសាស្ត្រ ជាដើម។

លោក ឈិន សីហា បាន​និយាយថា៖ “មនុស្ស​មួយចំនួន​ដែល​សរសេរ​ខុស គឺ​មិនមែន​គាត់​មិនដឹងថា​ពាក្យ​នោះ​ខុស​ទេ តែ​គាត់​ចង់​សរសេរ​ពាក្យ​នោះ​តាម​អារម្មណ៍​របស់គាត់។ ដូចជា​ពាក្យ​ថា “បាន​តើ!” គាត់​បែ​ជា​សរសេរថា “បាន​តាស” ជាដើម។ ពាក្យ​ទាំងអស់នេះ​ជា​សំនួន​នៃ​ការនិយាយ ហើយ​ពេលខ្លះ​អ្នកសរសេរ​គាត់​ចង់​សរសេរ​លេង ខណៈ​គាត់​ភ្លេច​គិត ឬ​មិនបាន​គិតថា វា​អាចជា​ក្លាយជា​ទម្លាប់​អាក្រក់​មួយ​ធ្វើឱ្យមាន​ការនាំគ្នា​ធ្វើ​ខុស​តាម។

លោក​សាស្ត្រាចារ្យ ឈិន សីហា បានលើកឡើង​ផងដែរ​ថា ក្រៅពី​ការសរសេរ​តាម​អារម្មណ៍​ហើយ មាន​អ្នក​ខ្លះទៀត​គាត់​សរសេរ​តាម​គ្នា។ ចំណុច​នេះ​ក៏​មានន័យថា អ្នកសរសេរ​ក៏​ដឹងថា​សំណេរ​នោះ​ខុស​ដែរ តែ​គ្នា​គាត់ ឬ​ក្រុម​គាត់​គេ​សរសេរ​បែប​ហ្នឹង បើ​គាត់​មិន​សរសេរ​តាម​គេ​ទេ គាត់​នឹង​ក្លាយជា​មនុស្ស​ត្រឹមត្រូវ​ខុសគេ ឬ​គាត់​នឹង​ក្លាយជា​មនុស្ស​ចម្លែក​ជាដើម។ ផ្ទុយ​មកវិញ បញ្ហា​ដែលនាំឱ្យ​សរសេរ​ខុស​ក្នុង​បណ្តាញ​សង្គម ក៏​អាចមកពី​កត្តា​បច្ចេកវិទ្យា​ផងដែរ។ ជាក់ស្តែង​ដូចជា​លោក​សីហា​ផ្ទាល់ ដែល​លោក​ធ្លាប់​ជួប​បញ្ហា​នេះ គឺ​នៅពេលដែល​គាត់​សរសេរ​បែបនេះ តែ​ពាក្យ​ដែល​ចេញ​នៅក្នុង​អត្ថបទ​ទៅជា​បែប​នោះ ដោយសារ​ការកែប្រែ​ពី​បច្ចេកវិទ្យា​ដែល​គាត់​កំពុង​ប្រើ​នោះ ហើយ​ចំណុច​នេះ នៅពេលដែល​យើង​ធ្វេសប្រហែសមិនបាន​ពិនិត្យមើល​ឡើងវិញ យើង​នឹង​អាចមាន​កំហុសភ្លាមៗនៅពេលដែល​យើង​ផ្សាយ​វា​ចេញទៅ។

ជា​ចំណុច​ចុងក្រោយ លោក​លើកឡើងថា ការប្រើប្រាស់​ភាសា​ខ្មែរ​ពេលខ្លះ​យើង​មិនទាន់មាន​ការឯកភាព​គ្នា​ថា ការសរសេរ​បែបណា​មួយ​ជាការ​សរសេរ​ត្រឹមត្រូវ​នៅឡើយ​នោះទេ ហេតុនេះហើយ​ទើប​អ្នកសរសេរ​មួយចំនួន​មិនដឹងថា​គួរ​សរសេរ​បែបណា ហើយ​រហូតដល់​មានការ​ជជែក​វែកញែក​ថា បែបនេះ​ខុស ឬ​បែប​នោះ​ត្រូវ​ទៀតផង ព្រោះ​មិនដឹងថា​ពាក្យ​មួយណា​ជា​ពាក្យ​ត្រូវឱ្យ​ពិតប្រាកដ។

ជា​ដំណោះស្រាយ សម្រាប់​លោក​សីហា គឺ​បញ្ហា​ទាំងអស់នេះ យើង​គួរ​មាន​កម្មវិធី​ផ្សព្វផ្សាយ​នៅតាម​បណ្តាញ​ព័ត៌មាន​ជាប្រចាំ​មួយថ្ងៃ​មួយ​ម៉ោង ឬ​ច្រើនជាង​នេះ​តាម​លទ្ធភាព​ដែល​អាចធ្វើ​ទៅបាន​ដើម្បីឱ្យ​ប្រជាជន​ខ្មែរ​បាន​យល់ និង​ចាប់អារម្មណ៍​ឡើងវិញ​ពី​ការប្រើប្រាស់​ភាសា​ខ្មែរ។ ចំណែក​អ្នក​អក្សរសាស្ត្រ​គួរ​នៅ​ឱ្យ​ជិតស្និទ្ធ​ជាមួយនឹង​អ្នក​បច្ចេកវិទ្យា​បន្តិច ដើម្បី​រួមគ្នា​ជំរុញឱ្យមាន​ការធ្វើ​កំណែ​អេឡិចត្រូនិក​ដូចជា​ភាសា​អង់គ្លេស​ជាដើម ដើម្បី​ងាយស្រួល​ឱ្យ​អ្នកប្រើប្រាស់​ដឹង​ពី​ពាក្យ​ខុស និង​ដើម្បី​កែតម្រូវ​ឱ្យបាន​ល្អ។

ម្យ៉ាងវិញទៀត សម្រាប់​អ្នកសរសេរ​ដែល​រៀន​បាន​តិចតួច ហើយ​មិន​ច្បាស់​ខ្លួនឯង​ចំពោះ​ពាក្យ​ពិបាក​មួយចំនួន ឬ​ពាក្យ​ខ្លះ​ស្រួល​ទេ តែ​យើង​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា​មាន “រ” ឬ អត់ “រ” ជាដើម។ ឧទាហរណ៍​ដូចជា​ពាក្យ​ថា “ប្តូរ” អ្នកខ្លះ​សរសេរ “ប្តូ” ពាក្យ​នេះ​បើ​សរសេរ​អត់ “រ” គឺ​ខុស​ហើយ ដូច្នេះ​គួរតែ​ចៀសវាង​ការសរសេរ​ខុសតៗគ្នា អ្នកសរសេរ​គប្បី​ឆែក​មើល​ក្នុង​វចនានុក្រម ហើយ​កែតម្រូវ​ឱ្យបាន​ត្រឹមត្រូវ​សិន មុននឹង​ផូ​ស្តវា​ចេញ​ជា​សាធារណៈ ដែល​វចនានុក្រម​នេះ​យើង​អាច Download យកមក​ទុក​ក្នុង​កុំព្យូទ័រ ឬ​ទូរស័ព្ទដៃ​របស់​យើង ងាយស្រួល​ពេល​យើង​ត្រូវការ​ឆែក​មើល​ពាក្យ​យើង​អាច​បើក​មើលភ្លាមៗបាន​ដោយ​មិន​ខាត​ពេល​យូរ។ ធ្វើ​ដូច្នេះ​មានន័យថា យើងទាំងអស់គ្នា​កំពុងតែ​បាន​ជួយ​រួមចំណែក​កាត់បន្ថយ​នូវ​ការសរសេរ​ពាក្យ​ខុស​ក្នុងសង្គម និង​ជាការ​ជួយ​បង្ហាត់បង្រៀន ឬ​បង្ហាញ​ពាក្យ​ត្រូវ​ដល់​អ្នក​ផ្សេងទៀត​ដែល​គាត់​ទម្លាប់​សរសេរ​ខុស​តាំងពីដើម​មក​ដោយ​មិនដឹង​ខ្លួន ឱ្យបាន​ដឹង​ឡើង។

អ្នកខ្លះ​មួយចំនួនទៀត​មិនបាន​គិតដល់​បញ្ហា​ដែលថា អ្នកដទៃ​គេ​អាច​វាយតម្លៃ​យើង​បាន តាមរយៈ​ការសរសេរ​របស់​យើង បើ​យើង​សរសេរ​ពាក្យពេចន៍​បាន​ត្រឹមត្រូវ គេ​នឹង​ឱ្យ​តម្លៃ​ខ្ពស់​ដល់​យើង​ថា ជា​មនុស្ស​ចេះដឹង រៀន​បាន​ខ្ពង់ខ្ពស់​ជាដើម។ ការកែប្រែ និង​ផ្លាស់ប្តូរ​សង្គម​មួយ​គឺ​កើតចេញពី​យើងទាំងអស់គ្នា បើសិនជា​មនុស្ស​គ្រប់គ្នា​ប្រកាន់ខ្ជាប់​នូវ​ការប្រើ​ពាក្យពេចន៍​ដែល​ត្រឹម​ត្រូវបានគ្រប់ៗគ្នា ដោយ​អ្នក​មិនសូវ​ដឹង ស្ដាប់​តាម​អ្នកដឹង​ច្រើន កុំ​សរសេរ​តាម​ទម្លាប់ និង​ទទួលយក​នូវ​អ្វីដែល​អ្នកដឹង​គេ​ប្រាប់​នោះ យើង​សង្ឃឹមថា​មិនយូរ​ជាង 5ឆ្នាំ​ទេ ប្រទេស​យើង​នឹង​ពោរពេញ​ទៅដោយ​អ្នកចេះដឹង ដែល​អាច​បង្ហាត់បង្រៀន​ដល់​ក្មេងជំនាន់ក្រោយ​បាន​លឿន ព្រោះ​យើង​មាន​បណ្តាញ​សង្គម ​Facebook  ដែលជា​ភ្នាក់ងារ​ចែករំលែក​នូវ​ព័ត៌មាន​ដ៏​អស្ចារ្យ៕

Advertisement