ជំនាញ​រឹង និង​ជំនាញ​ទន់​តើ​មួយណា​សំខាន់​ជាង?

លោក​សាស្ត្រាចារ្យ ព្រើ​ន សុ​វង្ស / លោក ​គីម ដា​រ៉ា

នាពេល​បច្ចុប្បន្ននេះ ការបណ្តុះបណ្តាល​ជំនាញ​រឹង និង​ជំនាញ​ទន់ គឺជា​រឿង​មួយ​ដែល​កំពុង​ត្រូវបាន​គេ​លើក​យកមក​ពិភាក្សា​ដែលមាន​អ្នកខ្លះ​លើកឡើងថា ជំនាញ​ទន់​សំខាន់​ជាង​ជំនាញ​រឹង ខណៈ​មនុស្ស​មួយចំនួនទៀត​និយាយថា ជំនាញ​រឹង​មានតម្លៃ​ខ្លាំង​ជាង​ជំនាញ​ទន់។

ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​នេះ លោក គីម ដា​រ៉ា ស្ថាបនិក​នៃ​វិទ្យាស្ថាន Start Up Cambodia បាន​លើកឡើងថា ជំនាញ​រឹង និង​ជំនាញ​ទន់​សុទ្ធ​តែមាន​សារៈសំខាន់​ដូចគ្នា​ដែល​មនុស្ស​ត្រូវ​ដឹង ព្រោះថា ប្រសិនបើ​យើង​មើលឃើញ ឬ​ជ្រើសរើស​យកតែ​ជំនាញ​មួយ​មក​ប្រើ​ច្រើន​ជ្រុល​ពេក យើង​នឹង​មិនអាច​ទទួលបាន​ជោគជ័យ​នោះទេ។ ជំនាញ​រឹង​និង​ជំនាញ​ទន់ គឺ​ត្រូវ​បំពេញបន្ថែម​ឱ្យ​គ្នា មិនអាច​ខ្វះ​ធាតុ​ណាមួយ​បាន​នោះទេ។ មនុស្សម្នាក់ៗត្រូវការ​ជំនាញ​រឹង​មួយ​ជំនាញ​សម្រាប់ធ្វើ​ការងារ​ណាមួយ​ឱ្យបាន​ច្បាស់លាស់ តែ​ពួកគេ​ក៏ត្រូវ​ការជំនាញ​ទន់​ដើម្បី​អភិវឌ្ឍ​អាជីព​គោល​នោះ​ឱ្យទទួល​បាន​ភាព​រីកចម្រើន​លូតលាស់​ខ្លាំង​ដែរ។

លោក គីម ដា​រ៉ា បាន​និយាយថា ៖ “ភាពបរាជ័យ​របស់​ម្ចាស់​អាជីវកម្ម​វ័យក្មេង​ក្នុង​មុខ​ជំនួញ​បច្ចុប្បន្ន​គឺ ប្រឹងប្រែង​រៀន​តែ​ជំនាញ​ទន់​រហូត​គ្មាន​ជំនាញ​រឹង​ណាមួយ​ឱ្យ​ពិតប្រាកដ​ច្បាស់លាស់ ពូកែ​តែ​ព្រោកប្រាជ្ញ តែ​ធ្វើ​មែនទែន​មិនកើត។ ភាពបរាជ័យ​របស់​អ្នកធ្វើការ​បច្ចុប្បន្ន​គឺ​ប្រឹងរៀន​តែ​ជំនាញ​រឹង​ជ្រុល ហើយ​មិន​ចាប់អារម្មណ៍​រៀន​ជំនាញ​ទន់​ខ្លះ ហេតុនេះ​ចេះតែ​ធ្វើការ មិនចេះ​ទំនាក់ទំនង មិនចេះ​សម្របសម្រួល ឬ​បត់បែន​ចំពោះ​ការងារ​គ្រប់គ្រង​ជាដើម។

លោក គីម ដា​រ៉ា បានលើកឡើង​ផងដែរ​ថា ការសិក្សា​អ្វីមួយ​គឺ​ត្រូវ​ឱ្យមាន​តុល្យភាព មិនអាច​ធ្វើ​តែ​ផ្នែក​ណាមួយ ឬ​មើល​តែ​ជ្រុង​ណាមួយ​បាន​នោះទេ។ អ្វី​គ្រប់យ៉ាង​គឺ​ចាំបាច់​ប្រើប្រាស់​ឱ្យ​ត្រូវ​កាលៈទេសៈ និង​ស្ថានភាព​ដើម្បី​សម្រេច​គោលដៅ​ជីវិត​ជាក់ស្តែង​ឱ្យក្លាយ​ជាម​នុស្ស​ជោគជ័យ​ក្នុង​ជីវិត។

លោក​សាស្ត្រាចារ្យ ព្រើ​ន សុ​វង្ស ជា​ព្រឹទ្ធបុរស​រង នៃ​ពុទ្ធិកមហាវិទ្យាល័យ​វិទ្យាសាស្ត្រ​អប់រំ និង​ព័ត៌មានវិទ្យា ទទួលបន្ទុក​ដេ​ប៉ា​តឺ​ម៉​ង់​ថ្នាក់​ឆ្នាំ​សិក្សា​មូលដ្ឋាន នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះសីហនុ​រាជ​បាន​លើកឡើងថា តាមពិតទៅ​បើ​ថ្លឹង​ថ្លែងថា ជំនាញ​ទន់ (soft skills) ឬ​ជំនាញ​រឹង (hard skills) មួយណា​សំខាន់​ជាង​នោះ គឺ​មិនអាច​កំណត់​បានទេ​ថា ជំនាញ​ណាមួយ​សំខាន់​ជាង តែ​អ្វីដែល​យើង​កត់សម្គាល់​គឺ ជំនាញ​ទន់​ជា​ជំនាញ​ដែល​មិនសូវមាន​បង្រៀន​នៅក្នុង​សាលា​ទេ។ សម្រាប់​មនុស្សម្នាក់ៗដែល​ធ្វើ​ការរស់នៅ​ក្នុងសង្គម គឺ​ត្រូវការ​ទាំង​ជំនាញ​រឹង និង​ជំនាញ​ទន់ ព្រោះ​បើ​មនុស្ស​ណា​ម្នាក់​គ្មាន​ជំនាញ​រឹង នោះ​គាត់​នឹងមិន​អាចមាន​ចំណេះដឹង​ជា​មូលដ្ឋាន​ដើម្បី​ធ្វើការ​ងារ​បាន​នោះទេ តែ​ប្រសិនបើ​គ្មាន​ជំនាញ​ទន់​វិញ និស្សិត​នឹងមាន​ការលំបាក​ក្នុងការ​ស្វែងរក​ការងារ ដោយសារតែ​គាត់​មិនមាន​វិធី​ក្នុងការ​ឆ្លើយតប​ជាមួយនឹង​បទ​សម្ភាស ឬ​ស្វែងយល់​ពី​ចិត្តសាស្ត្រ​របស់​អ្នក​សម្ភាស​ថា តើ​សំនួរ​ដែល​គេ​សួរ​នោះ​គឺ​ចង់បាន​អ្វី ដូច្នេះ​យើង​ត្រូវ​ឆ្លើយ​ដោយ​បត់បែន​ទៅតាម​កាលៈទេសៈ​នីមួយ។

លោក​សាស្ត្រាចារ្យ ព្រើ​ន សុ​វង្ស បាន​និយាយថា ៖ “នៅក្នុង​មហាវិទ្យាល័យ​យើង​បង្រៀន​មនុស្ស​ឱ្យ​ចេះ​ជំនាញ​រឹង ព្រោះ​ជំនាញ​រឹង​ទាំងអស់នេះ​អាចធ្វើឱ្យ​គាត់​មាន​អាជីព​មួយ​ច្បាស់លាស់ តែ​និស្សិត​ខ្លួនឯង​គួរតែ​ស្វះស្វែង​រៀន​ជំនាញ​ទន់​បន្ថែម​ដើម្បី​ធានាថា យើង​អាច​ក្លាយជា​ធនធាន​ដែលមាន​តម្លៃ​សម្រាប់​សង្គម និង​អាចធ្វើឱ្យ​យើង​ក្លាយជា​ធនធាន​ដែល​សំខាន់​សម្រាប់​ស្ថាប័ន។

លោក​សាស្ត្រាចារ្យ បានបញ្ជាក់​ផងដែរ​ថា បើតាម​ទស្សនទាន​ព្រះពុទ្ធសាសនា ដើម្បី​ក្លាយជា​បុគ្គល​ដ៏​ឧ​ត្ត​ម​ម្នាក់ ការសិក្សា​តែ​ជំនាញ​រឹង និង​ជំនាញ​ទន់​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​នោះទេ ព្រោះ​យើង​ត្រូវការ​សីលធម៌ និង​គុណធម៌​ជា​ចម្បង ដើម្បី​ជា​ចំណុច​គោល​ក្នុងការ​អភិវឌ្ឍ​ខ្លួនឯង​ទាំង​ក្នុង​អាជីព​ការងារ ការធ្វើ​អាជីវកម្ម និង​ការរស់នៅ​ប្រចាំថ្ងៃ។ គុណធម៌​ដែល​អាច​ជំរុញ​ឱ្យ​ជីវិត​កាន់តែ​ប្រសើរ​នោះ គឺ សច្ចៈ ខន្តី និង​ក​ត្ត​ញ្ញូ ដែល​មនុស្សម្នាក់ៗ ទោះបី​ជាមាន​ជំនាញ​ច្រើន​ហើយក៏​ដោយ ក៏​មិនអាច​ខ្វះ​ចំណុច​ទាំង 3នេះ​បានដែរ។

បើតាម​លោក​សាស្ត្រាចារ្យ ព្រើ​ន សុ​វង្ស មនុស្ស​ឮ​ដែលមាន​ជំនាញ​ក្នុងការ​ដោះស្រាយ​បញ្ហា ជំនាញ​ទំនាក់ទំនង ឬ​ជំនាញ​ក្នុង​ភាពជា​អ្នកដឹកនាំ​ហើយក៏​ដោយ ក៏​វត្ត​មាននៃ​គុណធម៌​គឺជា​រឿង​មួយ​ដែល​មិនអាច​ខ្វះ​បាន ព្រោះថា បើ​យើង​ដោះស្រាយ​បញ្ហា​ឬ​ដឹកនាំ​កិច្ចការ​ណាមួយ​ដោយ​មិនមាន​គុណធម៌ គឺអាច​ជះ​ផល​អវិជ្ជមាន​មកលើ​មនុស្ស​វិញ។ នាពេលថ្មីៗនេះ​ក្រសួង​អប់រំ យុវជន និង​កីឡា (MOEYS) ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ (MLVT) បាន​យកចិត្តទុកដាក់​ខ្លាំង​លើ​ការអភិវឌ្ឍ​ជំនាញ​របស់​យុវជន​កម្ពុជា ដោយ​ក្នុងនោះ​ជំនាញ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ជា​ជំនាញ​រឹង​ដែល​ស្ថាប័ន​ជាតិសំខាន់ៗទាំងអស់​កំពុង​លើកទឹកចិត្ត​ឱ្យ​យុវជន​ជ្រើស​រើសយក​ធ្វើជា​អាជីព ខណៈ​កម្មវិធីសិក្សា​ពាក់ព័ន្ធ​នឹង​បំ​ណិ​ន​ជីវិត​និង​ជំនាញ​ទន់​ជាច្រើន​ទៀត​ក៏​ត្រូវបាន​បណ្តុះបណ្តាល​ជា​បន្តបន្ទាប់​ដើម្បី​ជំ​រុញឱ្យ​ធនធានមនុស្ស​ជំនាន់​ថ្មី​របស់​កម្ពុជា មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើងស្របតាម​តម្រូវការ​ជាក់ស្តែង​នៃ​វិស័យ​ការងារ​ដែល​កំពុង​រីក​ចម្រើន​ជា​លំដាប់៕

Advertisement